​ហេតុអ្វី​ត្រូវ​ប្រឈមមុខ​នឹង​អតីតកាល​ដ៏​អាប់អួរ​?

2266
ចែករម្លែក
  • 3
    Shares

ដោយៈ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: យើង​ត្រូវ​ប្រឈមមុខ នឹង​ប្រវត្តិសាស្ត្រ​ដែល​ឃោរឃៅ ប្រសិនបើ​យើង​ចង់​ចាក​ចេញពី​អតីតកាល​ដ៏​អាប់អួរ​។ ការប្រឈមមុខ​ទៅនឹង​អតីតកាល​អាច​កើត​ឡើងជា​លក្ខណៈ​បុគ្គល និង​សមូហភាព​។ ការប្រឈមមុខ​នេះ​គឺជា​ការផ្លាស់ប្តូរ​ដោយ​វិជ្ជមាន ឬក៏​អាចជា​ការបង្ក​បញ្ហា​ដល់​សង្គម ។ សម្រាប់​បុគ្គល​និង​ជាពិសេស អ្នក​ដែល​ទទួលរង​គ្រោះ​ពី​អតីតកាល វា​អាចជា​មេរៀន​ដ៏​ឈឺចាប់​មួយ ឬក៏​អាចជា​កម្លាំងចិត្ត​។ ខ្ញុំ​មិនមែនជា​ខ្ញុំ​ក្នុងថ្ងៃនេះ​ទេ ប្រសិនបើ​ខ្ញុំ​មិន​ប្រឈម​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសៅ​របស់​ខ្លួនឯង​។​
​ការប្រឈមមុខ​ទៅនឹង​កំហុស​ពី​អតីតកាល គឺជា​ការស្វែងរក​យុត្តិធម៌​។ យើង​ត្រូវការ​យុត្តិធម៌ ដើម្បី​កំណត់​បច្ចុប្បន្នកាល និង​អនាគតកាល​របស់​យើង​។​

ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​រឿង​របស់ខ្ញុំ​៖ ខ្ញុំ​មិនទាន់​ជា​យុវវ័យ​នៅឡើយ​ទេ ក្នុងសម័យ​ខ្មែរក្រហម ដែល​បានសម្លាប់​ប្រជាជន កម្ពុជា ប្រមាណ​២​លាន​នាក់​។ នៅពេលនោះ ខ្ញុំ​មាន​អាយុ​ប្រហែល​១៤ ឬ ១៥​ឆ្នាំ ខ្ញុំ​ចាំបាន​ថា​ខ្ញុំ​ត្រូវ​រស់នៅ​ក្រោម​ការឃ្លាំមើល​ពី​ក្រុម​ឈ្លប​ខ្មែរក្រហម​។ បងស្រី​របស់ខ្ញុំ​មាន​ផ្ទៃពោះ ហើយ​អាហារ​ប្រចាំថ្ងៃ​ដែល​យើង​ទទួល​បានមក​នោះ ស្ទើរតែ​ឲ្យ​មនុ​ស្សម្នាក់អាស្រ័យ​មិន​គ្រប់គ្រាន់​ផង ចុះ​ទម្រាំ​តែ​បងស្រី​ខ្ញុំ​ដែលមាន​កូន​នៅក្នុង​ផ្ទៃ​ទៅទៀត​នោះ​។ ដោយ​ដឹងថា​បងស្រី​ខ្ញុំ​ត្រូវការ​អាហារ​បន្ថែម ខ្ញុំ​ក៏បាន​ទៅ​លួច​បូត​កួរស្រូវ និង​បេះ​ផ្សិត​នៅឯ​វាលស្រែ​។ ឈ្លប​បានឃើញ​ទង្វើ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ត្រូវគេ​ចាប់ខ្លួន​។​

​ឈ្លប​ទាំង​នោះបាន​នាំ​ខ្ញុំ​ទៅ​កណ្តាល​ភូមិ ហើយ​បាន​វាយ​ខ្ញុំ​ដោយ​គ្មាន​ត្រា​ប្រណី​នៅមុខ​ប្រជាជន​រាប់រយ​នាក់​ដែល​ប្រហែល​រួមទាំង​ម្តាយ​របស់ខ្ញុំ​ផង​។ បន្ទាប់ពី​វាយដំ​លើ​ខ្ញុំ ឈ្លប​ទាំង​នោះបាន​យក​ខ្ញុំ​ដាក់​នៅក្នុង​គុក​នៅក្បែរ​ភូមិ​។ មេ​គុក​បាន​សួរចម្លើយ​ខ្ញុំ ម្តង​ហើយ​ម្តងទៀត​។ រាល់​យប់ នៅក្នុង​គុក​នោះ ខ្ញុំ​ត្រូវ​ធ្វើការ «​សារភាព​» កំហុស​អំពី​ភាពខ្វះខាត ឬ​ការគិត​មួយចំនួន​នៅ​អតីត​កាលដែល​មិនមែន​បដិវត្តន៍ ហើយ​សុំ​ឲ្យ​មានការ​លើកលែងទោស​។ «​ទោស​» ដែល​ខ្ញុំ​បាន​សារភាព​មាន​តាំងពី​ការស្រមើស្រមៃ​ពី​ទឹកក្រូច​កូកាកូឡា ទៅដល់​ក្តី​នឹករលឹក​ចំពោះ​គ្រូ និង​មិត្តភក្តិ នៅ​វិទ្យាល័យ​កាលពី​សង្គមចាស់​។ ក្រោយពី​សារភាព​មក ខ្ញុំ​បាន​ត្រឡប់មក​បន្ទប់​ឃុំឃាំង ជា​កន្លែង​ខ្ញុំ​ដេក​ដែល​ពោរពេញ​ទៅដោយ​សត្វល្អិត​។ ខ្ញុំ​ប្រាប់​ពាក្យ​កុហក​ទាំងអស់​ដែល​ខ្ញុំ​រក​នឹកឃើញ ទៅ​អ្នក​ចាប់ខ្លួន​ខ្ញុំ​ដើម្បី​ឲ្យ​បាន​រួច​ជីវិត​។ ទីបំផុត ខ្ញុំ​ទាល់​តម្រិះ​នឹង​រក​ពាក្យ​កុហក​មកជួយ​ជីវិត​បន្តទៅទៀត​។ អ្នកទោស​វ័យ​ចំណាស់​ម្នាក់ បាន​អង្វរ​ទៅ​មេ​គុក​ឲ្យ​ដោះលែង​ខ្ញុំ​។ មេ​គុក​ក៏​យល់ព្រម ប៉ុន្តែ​ក្រោយមក​ខ្ញុំ​បានដឹងថា​អ្នកទោស​នោះ​ត្រូវបាន​ឈ្លប​យកទៅ​សម្លាប់​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព​របស់ខ្ញុំ​។ ខ្ញុំ​នៅរស់​មកដល់​សព្វថ្ងៃនេះ ប៉ុន្តែ​គាត់​ត្រូវស្លាប់​បាត់បង់​ជីវិត​។ ខ្ញុំ​មិន​ចាំ​ឈ្មោះ​របស់គាត់​ទេ​។ ខ្ញុំ​មាន​វិប្បដិសារី ដែល​ភ្លេចឈ្មោះ​របស់គាត់​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ដល់​អ្វីដែល​យើង​មិន​ធ្វើ ឬ​គួរ​ធ្វើ ព្រោះថា​ក្រោយពី​របប​ឃោរឃៅ​និង​សោកនាដកម្ម យើង​អាច​ផ្តោតទៅលើ​ការចងចាំ​ឈ្មោះ និង​រឿងរ៉ាវ​ជនរងគ្រោះ និង​វីរបុរស​ដែល​បាន​ជួយ​ជីវិត​យើង​ឲ្យ បានល្អ​ប្រសើរ​ជាង​ការផ្តោត​ទៅលើ​ការចងចាំ​ឈ្មោះ របស់​ជនដៃដល់​។ ខ្ញុំ​បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​ស្វែងរក​សាច់ញាតិ​របស់​អ្នកទោស​វ័យ​ចំណាស់ ដើម្បី​បង្ហាញ​ក្តី​គោរព​ទៅលើ​អ្វីដែល​គាត់​មានគុណ​មកលើ​ជីវិត​ខ្ញុំ​។ ខ្ញុំ​រក​តម្រុយ​របស់គាត់​មិនឃើញ​ទាល់តែសោះ ហើយ​នៅ​អំឡុងពេល​នៃ​ការស្វែងរក​គាត់ ខ្ញុំ​បាន​ប្រឈមមុខ​ជាមួយនឹង​អតីតកាល​ដ៏​សោកសៅ​របស់​ខ្លួនឯង​ទៅវិញ​។​

​នៅ​ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​ត្រឡប់​ទៅ​ភូមិ​ត្រពាំងវែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺជា​កន្លែង​ដែល​ខ្ញុំ​រស់នៅ​ក្នុងសម័យ​ខ្មែរក្រហម និង​ត្រូវបាន​ខ្មែរក្រហម​ចាប់​ដាក់​ក្នុង​មន្ទីរអប់រំ​ឃុំឃាំង​នៅក្បែរនោះ​។ ខ្ញុំ​បាន​រកឃើញ​ឈ្លប​បួន​នាក់ នៅក្នុង​ចំណោម​៥​នាក់ នៅ​មន្ទីរឃុំឃាំង​ដែល​ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន​។ បុគ្គលិក​របស់ខ្ញុំ​បាន​មើលទៅ​ឈ្លប​ទាំង​បួនរូប​ដោយ​ការអាណិតអាសូរ​។ សព្វថ្ងៃ ឈ្លប​ទាំង​បួន នោះ​គឺជា​បុរស​ចំណាស់ៗ មាន​រូប​កាយ​ស្គមស្គាំង ដោយសារ​ភាព​ភាពលំបាក​និង​ក្រីក្រ និង​មានទ្រព្យ​សម្បត្តិ​តិចតួច​។ បុគ្គលិក​របស់ខ្ញុំ​មានការ​សង្វេគ​ចិត្ត ប៉ុន្តែ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​មាន​ភាព​ខឹងសម្បារ និង​រំជួលចិត្ត​យ៉ាងខ្លាំង​។ ខ្ញុំ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​អ្នក​ដែល​បាន​វាយ​និង​ធ្វើ​ទារុណកម្ម​ខ្ញុំ កាលពី​ច្រើន​ឆ្នាំមុន​។ នៅពេល​ខ្ញុំ​ឃើញ​អ្នក​ទាំង​បួន​រូបនេះ​ភ្លាម ខ្ញុំ​ស្រមៃ​ឃើញ​ពួកគាត់​ដែលជា​កងឈ្លប​កាលពី​២០​ឆ្នាំមុន ហើយ​ដែលមាន​ចរិត​ជា​ឈ្លប​ខ្មែរក្រហម ឃោរឃៅ មាន​អំនួត​ក្អេងក្អាង និង​ជា​បិសាច​។ នៅពេល​រំលឹក​ដល់​បទពិសោធន៍​នេះ ខ្ញុំ​តឹង​ថប់​ដូច​ជាមាន​ភ្នំ​សង្កត់​លើ​។ ខណៈពេលដែល​ខ្ញុំ​មាន​អាយុ​ច្រើន​ទៅហើយ និង​ជួបប្រទះ​ដំណាក់កាល​ផ្សេងៗ​គ្នា​ក្នុង​ជីវិត ការប្រឈមមុខ​ជាមួយ​នឹង​អ្នកធ្វើ​ទារុណកម្ម ហាក់ដូចជា​នៅតែ​គួរ​ឲ្យ​ភ័យខ្លាច និង​គួរ​ឲ្យ​ក្តៅក្រហាយ​។ ជាធម្មតា បុគ្គលិក​របស់ខ្ញុំ​នឹងធ្វើ​បទ​សម្ភាស ហើយ​ខ្ញុំ​គឺជា​អ្នក​ចាំ​សង្កេតមើល​។ នៅក្នុង​ករណីនេះ ខ្ញុំ​ឲ្យ​បុគ្គលិក​របស់ខ្ញុំ​ជា​អ្នកធ្វើ​បទ​សម្ភាស ឯខ្ញុំ​វិញ​នៅចាំ​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​។​

​ខ្ញុំ​ចាំបាន​ថា ខ្ញុំ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​បាន​ស្តាប់​សាច់រឿង​របស់​អ្នកស្រុក​ទាំង​បួន​រូបនេះ​។ ខ្ញុំ​ខកចិត្ត ព្រោះ​អ្នក​ទាំងអស់នោះ មាន​ភាពស្មោះត្រង់​ក្នុងការ​បកស្រាយ​អំពី​អ្វីដែល​បានកើត​ឡើង​ក្នុងភូមិ​។ ខ្ញុំ​ដឹង​យ៉ាង​លម្អិត​លើ​គ្រប់​ចំណុច​ដែល​ក្រុម​គាត់​បាន​រៀបរាប់ ដោយសារតែ​ខ្ញុំ​ធ្លាប់​បានរស់នៅ​ក្នុងភូមិ​នេះ​។ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខុសពី​ក្រុម​របស់គាត់​ទាំង​បួន​នាក់​នៅត្រង់ថា ខ្ញុំ​គឺជា​ជនរងគ្រោះ​។ ខ្ញុំ​ក៏​មិន​យល់​ទៅលើ​ការឆ្លើយតប​របស់ខ្ញុំ​ទៅលើ​ស្ថានភាព​ទាំងមូល​ដែរ​។ ខ្ញុំ​រំជួលចិត្ត​យ៉ាងខ្លាំង​។ នៅពេលនោះ​ទើប​ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​រឿងរ៉ាវ​ខ្លួនឯង និង​ប្រវត្តិសាស្ត្រ​ខ្លួនឯង​។ ខ្ញុំ​បាន​ឲ្យ​បុគ្គលិក​របស់ខ្ញុំ​បញ្ចប់​ការធ្វើ​សម្ភាស ហើយ​បិទ​ម៉ាស៊ីនថតសម្លេង​។ ខ្ញុំ​បាន​សួរ​ទៅ​អតីត​ឈ្លប​ទាំង​បួន ថា​តើ​ស្គាល់​ខ្ញុំ​ដែរឬទេ ហើយ​បាន​សួរថា មាន​ចាំបាន​ថា​ធ្លាប់​ជួប​ខ្ញុំ​ពីមុនមក​ដែរឬទេ​? គាត់​ថា​ចាំ​មិន​បានទេ​។ បន្ទាប់មក ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ធ្លាប់​រស់នៅ​ទីនេះ​។ គាត់​ទាំងអស់គ្នា​ដូចជា​មិន​ជឿ​អ្វីដែល​ខ្ញុំ​ប្រាប់​ទេ ព្រោះតែ​សូរ​និយាយ​របស់ខ្ញុំ មិន​ដូច​អ្នកស្រុក​នៅទីនេះ​។ ខ្ញុំ​ក៏បាន​សាកសួរ​គាត់​ទាំងអស់គ្នា​ដោយ​ចង់ដឹងថា​តើ​គាត់​នៅចាំ​កន្លែង​កាត់ទោស និង​សម្លាប់​បុរស​ស្ត្រី​មួយគូ​ជា​សារ​ធារ​ណៈ នៅមុខ​វត្ត​ព្រះនេត្រព្រះ​ដែរឬទេ​។ គាត់​ទាំង​បួន​បាន​ឆ្លើយថា​ចាំ​ព្រឹត្តិការណ៍​នេះ​។ ខ្ញុំ​ក៏បាន​សួរ​បន្តទៀតថា ធ្លាប់បាន​ចាប់​ក្មេងប្រុស​ម្នាក់​ដែល​បាន​ទៅ​លួច​បូត កួរស្រូវ​និង បេះ​ផ្សិត​ដែរឬទេ​។ អ្នក​ទាំង​បួន​ថា​ចាំ ហើយ​បាន​និយាយថា​៖ «​គឺ​ពួក​ខ្ញុំ​ហ្នឹងហើយ​!» ដោយបាន​ចងចាំ​ពី​ទិដ្ឋភាព​លម្អិត​នៅពេលនោះ​ទៀតផង​។ អ្នក​ទាំង​បួន បាន​និយាយ​បន្តថា​៖ «​យើង​សប្បាយចិត្ត​យ៉ាងខ្លាំង​ព្រោះ​យើង​បាន​ពួន​នៅក្រោយ​គុម្ព​ឫស្សី​ក្បែរ​អណ្ដូងទឹក​មួយ ព្រោះ​យើង​ដឹងថា​ក្មេង​ហ្នឹង​ច្បាស់​ជា​មក ហើយ​នៅពេលដែល​ក្មេង​នោះមក​បូត​កួរស្រូវ និង​បេះ​ផ្សិត​ម្តង​ហើយ​ម្តងទៀត យើង​បាន​ស្ទាក់ផ្លូវ ហើយក៏​ចាប់​វា​បាន​។​»​ខ្ញុំ​បាន​ប្រាប់​អតីត​ឈ្លប​ទាំង​បួន​ថា ខ្ញុំ​គឺជា​ក្មេងប្រុស​ម្នាក់​នោះ​។​

​ខ្ញុំ​បាន​ចងចាំ​ច្បាស់​ណាស់​នូវ​ភាពស្ងប់ស្ងាត់​មួយ​ដ៏​យូរ​នៅក្នុង​បន្ទប់​ដែល​យើង​ជួបជុំគ្នា​នេះ​។ នៅក្នុង​ស្ថានភាព​បែបនេះ ខ្ញុំ​សង្ឃឹមថា​មាន​ភ្លៀង​រដូវវស្សា​មួយ​មេ​យ៉ាង​ធំ អាច​លាងជម្រះ​រឿងអាស្រូវ​គ្រប់យ៉ាង​ពី​អតីតកាល ហើយ​នៅពេល​ក្រោយ​ភ្លៀង​រួច ព្រះអាទិត្យ​នឹង​ចែងចាំង​ជាថ្មី​ឡើងវិញ​។

​វា​គ្មាន​ពាក្យ​អ្វី ដែល​អាច​បរិយាយ​អំពី​អារម្មណ៍​ខុស​ប្រក្រតី​ដែល​បុគ្គល​ម្នាក់​មាន នៅពេលដែល​ប្រឈមមុខ​ជាមួយនឹង​អ្នក​ដែល​បានធ្វើ​ទារុណកម្ម​មកលើ​ខ្លួន​។ គ្មានអ្វី​មកជួយ​ធានា​អនាគត​របស់​ប្រទេសជាតិ​មួយ បានល្អ​ជាង​ការប្រឈមមុខ​ជាមួយនឹង​អតីតកាល​នោះទេ​។​

​វា​អាចជា​ការតស៊ូ​ជម្នះ​ខាង​ផ្នែក​ផ្លូវចិត្ត​ដ៏​លំបាក​ក្នុងការ​រំលឹក​ពី​អតីតកាល​ដ៏​ជូរចត់​ម្ដង​ហើយ​ម្តងទៀត ប៉ុន្តែ​បទពិសោធន៍​នេះ​ក៏​អាចជា​កម្លាំង​ជំរុញ​សម្រាប់​បុគ្គល និង​សង្គម​ដូចគ្នា​។ ការប្រឈមមុខ​ជាមួយ​នឹង​អតីតកាល​របស់​បុគ្គល​មួយ​មិនមែន ជាការ​ធ្វើដំណើរ​ទៅ​កន្លែង​ប្រវត្តិសាស្ត្រ​សំខាន់ៗ ឬ​មាន​ការជួប​មុខ​ផ្ទាល់​នោះទេ​។ ការប្រឈមមុខ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ សំដៅ​ដល់​ការទទួលស្គាល់​នូវ​កំហុស និង​ការ​ខំប្រឹងប្រែង​យល់​អំពី​អតីតកាល​ទាំងស្រុង​។ វា​ជាការ​ប្រឈមមុខ​ជាមួយ​នឹង​ភាពឃោរឃៅ​ដែល​មនុស្ស​បានធ្វើ​ដាក់គ្នា​ទៅវិញទៅមក​និង​មានការ​ឆ្លុះបញ្ចាំង​ទៅលើ​អត្តសញ្ញាណ​ទាំង​បុគ្គល​និង​សមូហភាព ។ ការប្រឈមមុខ​ជាមួយ​នឹង​ភាពឃោរឃៅ​នៃ​ប្រវត្តិសាស្ត្រ​ត្រូវតែ​ជាការ​ខិតខំ​ផ្ទាល់ខ្លួន​និង​ជា​សមូហភាព ព្រោះ​អ្នក​ទាំងអស់គ្នា​ពិត​ជាមាន​ស្ថានភាព​និង​ការយល់ដឹង​ផ្សេងៗ​ពីគ្នា ដែល​ឲ្យ​អ្នកផង​ដទៃ​យល់ដឹង​អំពី​អត្តសញ្ញាណ​របស់ខ្លួន​។​

​ទោះបី​មិន​សួរ​ក៏​យើង​អាច​ដឹងបាន​ដែរ​ថា ការប្រឈមមុខ​នឹង​អតីតកាល​គឺជា​បទពិសោធន៍​ដ៏​ឈឺចាប់ ប៉ុន្តែ​នៅក្នុងពេល​ជាមួយគ្នា​នោះ​វា​ក៏​អាចជា​កម្លាំង​ជំរុញ​។ នៅ​ចំពោះមុខ​ជនដៃដល់ ជនរងគ្រោះ​គិតថា​ខ្លួនឯង​នៅតែ​ជា​ជនរងគ្រោះ លុះត្រាតែ​ជនរងគ្រោះ​នោះ​អាច​ប្រឈមមុខ ជាមួយនឹង​ជនដៃដល់ ។ សង្គម​មួយ​នឹង​នៅ​បន្ត​មាន​វិ​ប​ត្ត​ក្រោយ​ជម្លោះ ដរាបណា​សង្គម​នោះ​មានការ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​ប្រឈមមុខ​ជម្នះ​ទៅលើ​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​របស់ខ្លួន​។​់​

​ការជួប​ជាមួយ​ជនដៃដល់​ដែល​បានធ្វើ​អំពើហិង្សា​មកលើ​ខ្ញុំ បានធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ដើម្បី​បន្តដំណើរ​ទៅមុខទៀត​។ ខ្ញុំ​ជឿជាក់ថា​រឿងរ៉ាវ​របស់ខ្ញុំ អាចជា​មេរៀន​ជីវិត​មួយ​ដែល​ពិបាក សម្រាប់​យុវវ័យ​សម័យនេះ ប៉ុន្តែ​ទោះជា​វា​មាន​ភាពលំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​ក៏​ជឿ​ដែរ​ថា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា គឺជា​មេរៀន​មួយ​សម្រាប់​ប្រទេស​ដទៃទៀត​ដែល​រួមមាន​ប្រទេស​ហ្វី​លី​ពិន​។ ប្រទេស​ហ្វី​លី​ពិន​ជាទី​ស្រឡាញ់​របស់ខ្ញុំ តើ​អ្នកមាន​កន្លែង​សម្រាប់​រំឭក​ពី​អតីតកាល​ដ៏​ជូរចត់​ដែរឬទេ​? តើ​អ្នកមាន​កន្លែង​ណា​សម្រាប់​លើកស្ទួយ​ការយល់ដឹង​របស់​បុគ្គ​ល​ឬ​ក្រុមមនុស្ស​ទៅលើ​មេរៀន​ប្រវត្តិសាស្ត្រ​ដែរឬទេ​?​។​

​នៅលើ​ពិភពលោក​នេះ មាន​កន្លែង​មិន​ច្រើន​ទេ ដែល​សម្រាប់​ឲ្យ​មនុស្ស​សិក្សា​ពី​កំហុស​អតីតកាល​របស់ខ្លួន​។ ជាធម្មតា ប្រវត្តិវិទូ​វ័យក្មេង​របស់​ប្រទេស​ហ្វី​លី​ពិន​មិនសូវ​ពិភាក្សា​អំពី​កំហុស​អតីតកាល ទាំង​ក្នុង​លក្ខខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ប្រវត្តិសាស្ត្រ​របស់​យើង​មិនគួរ​ស្ថិតនៅ​ជា​អាថ៌កំបាំង​របស់ខ្លួន​យើង​ទាល់តែសោះ ។

​ប្រទេស​កម្ពុជា ប្រើពេល​អស់​ជាច្រើន​ទសវត្សរ៍ ទម្រាំ​តែ​អាច​ប្រឈមមុខ​នឹង​វិនាសកម្ម​នៃ​របប​ខ្មែរក្រហម ។ មេរៀន​ប្រវត្តិសាស្ត្រ​នេះ​ទើបតែ​ត្រូវបាន​បញ្ចូល​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ខ្លួន ហើយ​ប្រជាជាតិ​ទាំងមូល ក៏​កំពុងតែជួបប្រទះ​នឹង​ឧបសគ្គ​ទាក់ទង​នឹង​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ​នៅឡើយ​។ ប្រវត្តិសាស្ត្រ​កម្ពុជា​មួយចំនួន​នៅតែ​ជា​អាថ៌កំបាំង​សម្រាប់​យុវជន​កម្ពុជា​សម័យនេះ​។ វា​បាន​បង្កើត​បញ្ហា​មួយ​ដែល​យើង​មិនអាច​មើលរំលង​បាន​។​

​ការប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ គឺជា​ហេតុផល​មួយ សម្រាប់​ឲ្យ​យើង​បន្តដំណើរ​ទៅមុខ​បន្តទៀត ព្រោះ​បុគ្គល​ម្នាក់​មិនអាច​គិតដល់​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជាតិ​បានទេ ប្រសិនបើ​ខ្លួន មិន​ខិតខំ​ស្វែងយល់​អំពី​រឿង​ដែល​បានកើត​ឡើង​និង​មូលហេតុ​ដែល​នាំ​ឲ្យ​វា​កើតឡើង​។ ទោះបីជា​យើង​ទទួលបាន​យុត្តិធម៌​តាមរយៈ​ការកាត់ទោស​ជនជាប់ចោទ​យ៉ាងណាក៏ដោយ ក៏​ផល​លំបាក​ក្នុងការ​ទទួលស្គាល់​អតីត​កាល​របស់​ប្រជាជន​កម្ពុជា​នៅ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។

​ប្រទេស​កម្ពុជា បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​អង្គជុំនំជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដែលជា​កិច្ចសហការ​រវាង​អង្គការសហប្រជាជាតិ​និង​កម្ពុជា​ទោះបីជា​តុលាការ​នេះ មាន​បញ្ហា​លើ​ប្រព័ន្ធ​ដំណើរការ​មួយចំនួន​យ៉ាងណាក៏ដោយ​។​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បាន​បង្កើត​ដំណើរការ​ផ្លូវច្បាប់​មួយ ទៅលើ​គោលនយោបាយ ស្ថានការណ៍ និង​ព្រឹត្តិការណ៍​ក្នុងសម័យ​ខ្មែរក្រហម​។ តុលាការ​នេះ​បានផ្ដល់​សក្ខីកម្ម​ចុងក្រោយ​ទៅលើ​ការតស៊ូ​ជម្នះ នៅក្នុង​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​របស់​ប្រជាជន​កម្ពុជា​។ តាមរយៈ​ការងារ​ទាំងនេះ តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ចំពោះ​ប្រទេស​ដែល​បន្ត​មាន​វិបត្តិ​នៅក្រោយ​សង្គ្រាម​មួយ​នេះ​។ ប៉ុន្តែ​សមត្ថភាព​តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​នៅមានកម្រិត​នៅឡើយ ហើយ​វា​មិនបាន​ទទួលជោគជ័យ​ទាំងស្រុង​ដូច​ការរំពឹង​ទុកជាមុន​។​

​ប៉ុន្តែ បេសកកម្ម​ចម្បង​ក្នុងការ​ស្វែងរក​យុត្តិធម៌​យ៉ាង​ទូលំទូលាយ​របស់​តុលាការ​មិនបាន​បញ្ចប់​នោះទេ ទោះបី​តុលាការ​បញ្ឈប់​ដំណើរការ​យ៉ាងណាក៏ដោយ​។ តុលាការ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ស​ម្រ​ច​គោលដៅ​ក្នុងការ​ស្វែងរក​ការពិត និង​ការព្យាយាម​អភិរក្ស​ប្រវត្តិសាស្ត្រ ដែល​ស្ថិតក្រោម​ស្លាក​សញ្ញា​យុត្តិធម៌​។ គោលដៅ​ទាំងនេះ អាច​សម្រេចបាន​ដោយសារ​ការស្រាវជ្រាវ​និង​ការប្រមូល​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ ការ​រំឭក​រឿងរ៉ាវ​ឡើងវិញ និង​ចុងក្រោយ​គឺ​ការចងចាំ​អំពី​ការខិតខំ​ប្រឹងប្រែង​នានា តាមរយៈ​ការអប់រំ ការថែរក្សា​ទីតាំង​ប្រវត្តិសាស្ត្រ និង​ការយល់ដឹង​របស់​សាធារណជន​។ តុលាការ​មិនមែនជា​អាជ្ញាកណ្ដាល​កាត់សេចក្ដី​តែមួយ​ទៅលើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នោះទេ ហើយក៏​មិនមែនជា​កត្តា​ដែល​កំណត់​ទៅលើ​រឿង​ដែល​បាន​កើតឡើង​នោះដែរ​។ បន្ថែម​ពីលើ​នេះ រឿងរ៉ាវ​ជីវិត​របស់​អ្នក​រស់រានមានជីវិត​ពី​សម័យ​ខ្មែរក្រហម ក៏មាន​សារសំខាន់ ដូច​កំណត់ត្រា​ក្នុង​តុលាការ​ដូច្នោះ​ដែរ​។ សង្គម​នេះ​មិនគួរ​ចាត់ទុក​ការកាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ជា​ភាពជោគជ័យ​ក្នុងការ​ស្វែងរក​យុត្តិធម៌​នោះទេ​។ យុត្តិធម៌​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង​របស់​សង្គម​មួយ​រួម​នឹង​បុគ្គល​ម្នាក់ៗ​។ យុត្តិធម៌​ពិតប្រាកដ​កើតឡើង​ពី​ការប្រឈមមុខ ក្នុង​គ្រប់​ទម្រង់ ចំពោះ​អតីតកាល​របស់​ខ្លួនឯង​។​

​យើង​ត្រូវតែ​ប្រឈមមុខ ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​នេះ ហើយ​មានតែ​ការរួបរួម​គ្នា​រប​ស់បុ​គ្គល​ម្នាក់ៗ ដែល​អាច​ក្លាយទៅជា​ធ្លុង​មួយ ទើប​យើង​អាច​ទប់ស្កាត់​របប​នេះ​មិន​ឲ្យ​កើតឡើង​ជាថ្មី​ម្ដងទៀត​។​

​តាមរយៈ​ការប្រឈមមុខ​ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​អាប់អួរ ខ្ញុំ​លែង​ជា​ជនរងគ្រោះ​នៃ​របប​ប្រល័យពូជសាសន៍​ទៀតហើយ​។ ខ្ញុំ​ឈ្មោះ ឆាំង យុ​៕