​ហេតុអ្វី​បានជា​ខែ មីនា ត្រូវ​អាន​ថា មីណា ?

193
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ នៅពេល​សាកល្បង​សួរ​ទៅ​សិស្ស​វិទ្យាល័យ និស្សិត​មហាវិទ្យាល័យ​គ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិក​បម្រើការ​តាម​ស្ថាប័នឯកជន ជាពិសេស​ពិធីករ ពិធី​ការិនី តាម​ទូរទស្សន៍ និង កម្មវិធី​ផ្សេងៗ​ជាដើម អំពី​ការអាន​ខែ មីនា ដែលជា​ខែ​ទី ៣ នៃ ប្រតិទិន​សក​នាពេល​ប​ច្ចុ​ប្បប​ន្នេះ យើង​នឹង​បាន​ចម្លើយ​ប្រហាក់ប្រហែលគ្នា គឺ​ពួកគេ​ភាគច្រើនបំផុត អាន​ថា មិនា ឬ មិណា ។​

​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បរិ​យា​ថា ដើមឡើយ គេ​ហៅថា​ខែ “ មីន “ លុះ​ក្រោយមក​ទើប​ហៅថា​ខែ​”​មីនា​”​។​វចនានុក្រម​ដដែល​នេះ​បាន​ពន្យល់ថា​តាម​សំឡេង​អក្សរ​ខ្មែរ​ត្រូវ​អាន​ថា​“​មីនា​“​គឺ​មី​-​នា​។​ប៉ុន្តែ​ទម្លាប់​ទាញ​ឱ្យ​អាន​ថា​“​មីណា​”​ពាក្យ​នេះ​ក៏បាន​ក្លាយទៅជា​អញ្ញត្រសព្ទ​គឺ​ពាក្យ​ដែលមាន​លក្ខណៈ​ដោយឡែក ។ ដូច្នេះ​បើតាម​ត្រឹមត្រូវ គឺ​ត្រូវ​អាន​ថា មីណា ដូច្នេះ​ទៅវិញ ។​ពាក្យ​ថា មីនា គឺជា​ភាសាបាលី មកពី​ពាក្យ​ថា “ មីន “ (​ប្រែជា​ភាសា​ខ្មែរ​ថា ត្រី ឬ មច្ឆា ) ដែល​តាម​សូរសៀង​ភាសាបាលី​ថា “ មីណៈ “ មិនមែន “ មីនៈ ” ទេ ព្រោះ​ក្នុង​ភាសាបាលី​គ្មាន​សំឡេង អ៊ៈ ទេ មានតែ សំឡេង អៈ ។

​ប៉ុន្តែ​ដើមឡើយ ខ្មែរ​មិនទាន់មាន​អក្សរ “ ណ “ នៅឡើយ ទើប​បុរាណ​ខ្មែរ ប្រើ​ប្រ​អក្សរ “ ន “ ដែលមាន​សូរសំឡេង​ជ្រលិះៗ​នឹង​សំឡេង​“​ណ​“​ជា​ជំនួស​វិញ​ទើប​ពាក្យ​នេះ​ត្រូវបាន​សរសេរ​មាន​រូប​រាង​ជា “ មីន “ ។ ទោះជា​ពាក្យ​នេះ ត្រូវបាន​សរសេរថា មីន ក្តី ក៏​នៅតែ​ត្រូវ​អាន​ថា មីណៈ ដដែល​គឺ​ដើម្បីឱ្យ​ត្រូវ​តាម​សូរសៀង​ដើម នៃ ភាសាបាលី ។

រីឯ​មូល​ហេតុដែល​ត្រូវ សរសេរថា មីន នោះ មកពី​កាលណោះ​ខ្មែរ​យើង​មិនទាន់មាន​អក្សរ “ ណ “ ។ ពាក្យ​ជាច្រើន ក៏ត្រូវ​បាន​ប្រើ​អក្សរ ” ន ” ជា​ជំនួស​ដូចគ្នានេះដែរ ។​
​ពេលវេលា​បាន​កន្លងផុតទៅ​ជាច្រើន​រយ​ឆ្នាំ ខ្មែរ​បង្កើតបាន​អក្សរ “ ណ “ មួយទៀត​សម្រាប់​ប្រើប្រាស់ ហើយ​ពាក្យពេចន៍​មួយចំនួន​ដែល​ធ្លាប់​សរសេរ​ជា​អក្សរ “ ន “ ក៏ត្រូវ​បានកែតម្រូវ​ទៅ​សរសេរ​ជា​អក្សរ “ ណ​“​តាម​ខ្លឹមសារ​ជាក់ស្តែង​នៃ​ពាក្យ​នោះៗ​។​ប៉ុន្តែ​ការកែប្រែ​នេះ​មិនមែន​ធ្វើឡើង​បាន​ចប់សព្វគ្រប់​ត្រឹម​។​

តែ​រយៈពេល​ខ្លី​ឡើយ​គឺ​ត្រូវការ​ពេលវេលា​យូរ​ឆ្នាំ​សម្រាប់​កែតម្រូវ​ជា​បន្តបន្ទាប់​ដែល​ប្រការនេះ​បានសេចក្តីថា​នៅមាន​ពាក្យ​មួយចំនួន​ដែល​ត្រូវ​សរសេរ​ជា​អក្សរ​“​ណ​“​នោះ​នៅ​មិនទាន់បាន​កែតម្រូវ​រួចរាល់​ចប់សព្វគ្រប់​នៅឡើយ គឺ​នៅ​សរសេរ​ជា​អក្សរ “ ន “ នៅឡើយ ដូចជា​ពាក្យ​ថា មីន នេះ​ជាដើម​។

​នៅក្នុង​ភាសាបាលី​នាមសព្ទ​មួយចំនួន​ដែល​បញ្ចប់​ដោយ​សំឡេង​អៈ​នៅពេល​ត្រូវ​ការធ្វើ​ឱ្យទៅជា​ពហុវចនៈ​នោះ ត្រូវ​ប្តូរ​សំឡឹង អៈ ឱ្យទៅជា អា ។ ដូច្នេះ​ពាក្យ​ថា មីន (​មីណៈ = ត្រី ១ ) ទៅជា មីនា ( មីណា​= ត្រី​ចាប់ពី ២ ឡើងទៅ ) ៕S/

  • ចំណងជើង​រូបៈ តាម​វចនានុក្រម​សម្តេច ជួន ណាត ខែ មីនា ត្រូវ​បញ្ចេញ​សំឡេង​អាន​ថា មី ណា (​មីនា​)- រូបៈ អ៊ី​ន​ធឺ​ណេ​ត​