​ហេតុអ្វី​បានជា​មិនមាន​អ្នកប្រមូល ដឹកជញ្ជូន​សំរាម​រៀងរាល់ថ្ងៃ​?

430
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌទួលគោក​។ ប្រជាពលរដ្ឋ នៅ​ខណ្ឌទួលគោក បាន​ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ នៅ​មូលដ្ឋាន ដោយសារតែ​ការប្រមូល​សំរាម​មិនទាន់​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​។ ការកកស្ទះ​សំរាម ដោយសារ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម​មិនទាន់​ពេល​របស់​ក្រុមហ៊ុន​ម៉ៅ​ផ្តាច់​សំរាម​ស៊ិន​ទ្រី បាន​ក្លាយជា​បញ្ហា​កង្វល់​មួយ​ដែល​ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​ជាបន្ទាន់​។

​ជាការ​ឆ្លើយតប​នឹង​ការស្នើ​របស់​ប្រជាពលរដ្ឋ អភិបាលខណ្ឌ​ទួលគោក លោក ឯក ឃុន​ឌឿ​ន បាន​បញ្ជាក់ថា ក្រុមការងារ​ខណ្ឌ នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​សំរាម នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​មាន​គំនរ​សំរាម​នៅតាម​ដងផ្លូវ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណភាព​ទីក្រុង​។​ជាការ​កត់សម្គាល់ បញ្ហា​សំរាម ដែល​កកស្ទះ និង​នៅ​បន្ត​រាយប៉ាយ បានកើត​ឡើង មិនមែន​តែ​នៅ​ខណ្ឌទួលគោក​មួយ​ប៉ុណ្ណោះ​ទេ​។ តាមផ្លូវ​ជាច្រើន ពិសេស​នៅតាម​ផ្លូវលំ ក្នុង​រាជធានី​ភ្នំពេញ គឺ​សំរាម​នៅ​រាយប៉ាយ ស្អុយរលួយ ជះក្លិន​ពេញ​ផ្លូវ និង​ទីសាធារណៈ​នានា​។

របាយការណ៍​របស់​អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ បង្ហាញថា សំរាម​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ពី​រង្វង់ ២៦០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៨ ដល់​រង្វង់ ២៩០០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៩ នេះ​។ ពោលគឺ​កើនឡើង ៣០០​តោន ក្នុង​មួយថ្ងៃ​។

នៅក្នុង​រយៈពេល​ប្រាំបី​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​ដែល​ប្រមូលបាន នៅក្នុង​រាជធានី​ភ្នំពេញ មាន​ជាង ៦០​ម៉ឺន​តោន ខណៈ​ពេញ​មួយឆ្នាំ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ សំរាម មាន​ត្រឹមតែ ៩០​ម៉ឺន​តោន​ប៉ុណ្ណោះ​។​ដោយឡែក ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ផ្តាច់មុខ​ប្រមូល​សំរាម​នៅ​ភ្នំពេញ បាន​បែងចែក​ការប្រមូល​សំរាម ជា ២​វេន គឺ​ពេលយប់ និង​ពេល​ថ្ងៃ​។ រីឯ​កាលវិភាគ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ចែកជា​ផ្លូវ ៣​ប្រភេទ ដោយ​ប្រើប្រាស់​ឡាន​ដឹក​សំរាម ពេល​ថ្ងៃ ចន្លោះ​ពី ១៧០ ទៅ ១៨០ គ្រឿង និង​ពេលយប់ ចន្លោះ​ពី ៧០ ទៅ ៨០ គ្រឿង​។​
​ ​
តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​លើកឡើងថា ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បែងចែក​ផ្លូវ​ជា ៣​ប្រភេទ ដែល​ត្រូវ​បោសសម្អាត និង​ប្រមូល​សំរាម​។ ក្នុងនោះ នៅ​ផ្លូវធំៗ ដូចជា មហា វិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះ​នរោត្តម ព្រះមុនីវង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម ជាដើម គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម នៅពេល​យប់ រៀងរាល់​យប់ រៀងរាល់ថ្ងៃ ហើយ​ព្រឹក​ព្រលឹម​ឡើង ត្រូវ​បោសសម្អាត​ទៀត​។ រីឯ​នៅតាម​ផ្លូវ​ខ្លះទៀត គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម នៅ​ថ្ងៃ​សេស និង​ថ្ងៃ​គូ បានន័យថា រំលង​មួយថ្ងៃ យក​ម្តង​។ ចំណែក​ប្រភេទ​ផ្លូវ​មួយទៀត គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី យក​សំរាម ១​សប្តាហ៍ ៣​ដង រួមមាន​៖ ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​។​
​ ​
​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​បន្ថែមថា បរិមាណ​សំរាម ក្នុង​រដូវប្រាំង នៅ​ភ្នំពេញក្នុង​មួយថ្ងៃ ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ដឹកជញ្ជូន ចន្លោះ​ពី ១៧០០ ទៅ ១៨០០ តោន​។ ដូច្នេះ​ចំនួន​សំរាម ដែល​កើតមាន នៅ​ភ្នំពេញ ក្នុង​មួយថ្ងៃ គឺ ២៩០០​តោន នៅ​ឆ្នាំ​២០១៩ នេះ តែ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមូល​ដឹកជញ្ជូន​សំរាម បាន​ចន្លោះ​តែ​ពី ១៧០០ ទៅ ១៨០០ តោន ប៉ុណ្ណោះ គឺ​នៅសល់​មួយៗ​ប្រមាណ​ជាង ១០០០ តោន ក្នុង មួយថ្ងៃៗ​។​ម្យ៉ាងទៀត​ដោយសារ តែ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដាក់​កាលវិភាគ ចេញ​វេន ចែកផ្លូវ និង​តំបន់ ដែល​ត្រូវ​ទៅ​ប្រមូល​សំរាម កន្លែង​ខ្លះ​ដល់​មួយថ្ងៃ ពីរ​ថ្ងៃ និង​បី​ថ្ងៃ ទើប​ទៅយក​ម្តង ហើយ​បើ​ជាក់ស្តែង នៅ​ប្លុក​ខ្លះ រហូតដល់​មួយអាទិត្យ ទើប​ឃើញ​ឡាន​ស៊ីន​ទ្រី ទៅ​ដឹក​សំរាម​ម្តង នាំ​ឲ្យ​សំរាម​នៅ​មូលដ្ឋាន នៅ​គរ និង​ប៉ើង​រាយប៉ាយ​ពេញ​ផ្លូវ ក៏មាន​។​

សំរាម​កកស្ទះ និង​រាយប៉ាយ​តាមផ្លូវ ក៏​ដោយសារតែ​មិនមាន​ធុងសំរាម និង​ដោយសារ​សេវា​ប្រមូល ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី យឺតយ៉ាវ រខេករខាក មិន​ទៀង ពេល និង​ដំណើរការ​មិនបាន​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ណែនាំ​ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី ឲ្យ​យកលុយ​ចំណេញ​ពី​អាជីវកម្ម​ផ្តាច់មុខ នៅ​ភ្នំពេញ យកលុយ​ទៅ​ទិញ​ធុងសំរាម ដាក់ពង្រាយ ១០​ម៉ែត្រ ធុងសំរាម នៅតាម​គ្រប់​ផ្លូវ​តូច ផ្លូវធំ និង​ជួល​កម្មករ​ប្រមូល ដឹកជញ្ជូន​សំរាម ឲ្យ​គ្រប់គ្រាន់ ដោយ​ធ្វើការ​រៀងរាល់ថ្ងៃ​។​

​ក្នុងការ​យកលុយ​សំរាម​ពី​គ្រប់​ផ្ទះ​នៅ​ភ្នំពេញ ដោយ​គ្រាន់តែ​គិត ១​ខ្នង​ផ្ទះ ១​ដុល្លារ ក្នុង ១​ខែ តើ​នៅ​ភ្នំពេញ មាន​ប៉ុន្មាន​ម៉ឺន​សែន លាន​ខ្នង​ផ្ទះ​? ហើយ​តើ ១​ខែៗ ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមូល​លុយ​បាន​ប៉ុន្មាន​សែន​លាន​ដុល្លារ​?​ហេតុអ្វី​បានជា​មិន វិនិយោគ​ខ្លះ ទៅលើ​ធុងសំរាម ដើម្បី​ដាក់ពង្រាយ​ធុងសំរាម តាមផ្លូវ តាម​ទីសាធារណៈ និង​ជួល​បុគ្គលិក ធ្វើការ​ឲ្យ​យក​សំរាម​ទៀងទាត់​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​ទីក្រុង​យើង ស្អាត បរិស្ថាន​ល្អ​?​ដោយសារតែ​នៅតាម​មហាវិថី ផ្លូវ​តូច ផ្លូវធំ នៅ​ភ្នំពេញ គឺ​មិនមាន​ធុងសំរាម​របស់​ស៊ិន​ទ្រី ជាហេតុ នាំ​ឲ្យ​ប្រជាពលរដ្ឋ គរ​សំរាម លើ​ចិញ្ចើមផ្លូវ ហើយ​ពេល​ខ្យល់ និង​ភ្លៀង​មក ក៏​ប៉ើង អណ្តែត​រាយប៉ាយ​ពេញ​ផ្លូវ​តែម្តង​។ ការ​មិនមាន​ធុងសំរាម ប្រៀប​ដូច​មនុ​ស្សរាក​អាចម៍ បើ​មិនមាន​បង្គន់​បន្ទោ​របង់ គឺ​ត្រូវ​ជុះ​ដាក់​របង​ផ្ទះ គុម្ព​ចេក គុម្ព​ផ្កា ពាសវាល​ពាសកាល​ហើយ​។​

​ដូច្នេះ​សរុបមក ចង់​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាជន​រឿង​សំរាម ជា​រឿង​ងាយ​ទេ​។ នោះ​គឺ ស៊ីន​ទ្រី ត្រូវ​ហ៊ាន​វិនិយោគ​លើ​ធុងសំរាម និង​បន្ថែម​កម្មករ​ប្រមូល ដឹកជញ្ជូន​សំរាម​។ បើ​ក្រុមហ៊ុន​ស៊ីន​ទ្រី គ្មាន​លទ្ធភាព គឺ​ត្រូវ​ដូរ​ក្រុមហ៊ុន ឬក៏​បង្កើន​ចំនួន​ក្រុមហ៊ុន នៅតាម​ខណ្ឌ តាម​សង្កាត់ ឬក៏​អាជ្ញាធរ​ខណ្ឌ​សង្កាត់ យក​សេវា​ថ្លៃ​ប្រមូល ដឹកជញ្ជូន​សំរាម​ដោយ​ខ្លួនឯង ហើយ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ ឬក៏​ជួល​កម្មករ​ប្រមូល​សំរាម​ដោយ​ខ្លួន នោះ​គឺ​ច្បាស់​ជា​ធ្វើបាន ជាមិនខាន​៕ ដោយៈ​ម៉េង​ឆៃ​

សកម្មភាព​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​(​រូបថត រដ្ឋបាល​រាជធានី​ភ្នំពេញ​)​។
សកម្មភាព​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​(​រូបថត រដ្ឋបាល​រាជធានី​ភ្នំពេញ​)​។