​ហេតុអ្វី​បាន​អំពើ​ប្រល័យពូជសាសន៍​នៅតែ​បន្ត​កើតមាន​?

1936
ចែករម្លែក
  • 53
    Shares

​ដោយៈ សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៤៨ គឺជា​ថ្ងៃ​ដែល​អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្តន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ ត្រូវបាន​អនុម័ត​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​សេចក្តីសម្រេច​លេខ​២៦០​។ ការអនុម័ត​នេះ គឺមាន​រយៈ​ពេលមុន​មួយថ្ងៃ​នៃ​ការប្រកាស​សិទ្ធិមនុស្ស​ជាស​កល នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៤៨ ដែល​បានអនុម័ត​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ នៅឯ​មហាសន្និបាត​លើក​ទី​៣ ជាមួយ​សេចក្តីសម្រេច​លេខ​២១៧ នៅ​ព្រះរាជវាំង​ឆា​ឡុ​ត ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែលមាន​សមាជិក​ចំនួន​៤៨​ប្រទេស​ក្នុងចំណោម​៥៨​ប្រទេស បាន​បោះឆ្នោត​គាំទ្រ​។​

​មកដល់​ខែធ្នូ ឆ្នាំ​២០១៨ នេះ អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្ត​ទ្ទា​ទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ និង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជាស​កល មាន​រយៈពេល​៧០​ឆ្នាំ​មកហើយ ប៉ុន្តែ​យើង​នៅតែ​សង្កេតឃើញថា អំពើ​ប្រល័យពូជសាសន៍​នៅតែ​កើត​មាននៅ​ជុំវិញ​ពិភពលោក​ដដែល​។​

-​រាប់​ពីឆ្វេង​ទី​១៖ ប៉ុល ពត ជា​នាយករដ្ឋមន្ត្រី និង​ជា​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​
-​រាប់​ពីឆ្វេង​ទី​២៖ នួន ជា ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​
-​រាប់​ពីឆ្វេង​ទី​៣៖ អៀង សារី ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​
-​រាប់​ពីឆ្វេង​ទី​៤៖ សុន សេន ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
-​រាប់​ពីឆ្វេង​ទី​៥ (​ឈរ​ពីក្រោយ សុន សេន​)៖ វ៉ន វេត ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​

​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​១៩៥៥ (​គឺមាន​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣)​។ ប៉ុន្តែ​ប្រទេស​កម្ពុ​ជាមាន​កាតព្វកិច្ច​ត្រូវគោរព​តាម​ធម្មនុញ្ញ​ដែល​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ រួមមាន អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្ត​ទ្ទា​ទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ ការប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។

​នៅពេល​អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្តន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ និង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជា​សកល​ត្រូវបាន​យកចិត្តទុកដាក់​ពី​អង្គការ និង​សហគមន៍​អន្តរជាតិ​នានា ជាពិសេស​ប្រទេស​លោកខាងលិច ខណៈនោះ​ក្រុមខ្មែរក្រហម បាន​ខិតខំ​ឆ្លៀតឱកាស​ឃោសនា​អូសទាញ​ទឹកចិត្ត​ប្រជាជន​នៅតាម​ទីជនបទ​ដាច់ស្រយាល​កាន់តែខ្លាំង​ឡើង ឲ្យ​ងាក​មក​គាំទ្រ​ចលា​នា​តស៊ូ​បដិវត្តន៍​របស់ខ្លួន​ប្រឆាំងនឹង​របប​ដឹកនាំ​មុនៗ​។ ខ្មែរក្រហម​បាន​បណ្តុះ​គំនិត​ប្រជាជន​ឲ្យ​មានគំនិត​ស្អប់ គុំ​គួ​ន និង​ចងកំហឹង​ចំពោះ​មេដឹកនាំ និង​របប​មុនៗ​។ ​

ចាប់តាំងពី​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ របប​នេះ​បាន​ហាមឃាត់​ប្រជាជន​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព ដែល​ប្រទេស​កម្ពុជា​បានទទួល​ស្គាល់ និង​ដែល​បានចែង​ក្នុង​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីអំពី​សិទ្ធិមនុស្ស​ថា គ្មាន​ការប្រកាន់ បែងចែក​បែបណា​មួយ មាន​ជាអាទិ៍​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត​ដើមកំណើត​ជាតិ ឬ​សង្គម ទ្រព្យសម្បត្តិ កំណើត ឬ​ស្ថានភាព ដទៃៗ​ទៀតឡើយ​។

​ខ្មែរក្រហម​មិន​ត្រឹមតែ​មិនបាន​អនុវត្ត​សេចក្តីប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស​ទាំង​នោះទេ ផ្ទុយទៅវិញ​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​រំលោភបំពាន​ថែមទៀត​ទៅលើ​អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្ត​ទ្ទា​ទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ដែល​បាន​ចែងថា អំពើ​ប្រល័យពូជសាសន៍​គឺជា​អំពើ​ដែល​បាន​ប្រព្រឹត្ត​ដោយមាន​ចេតនា​ជាក់លាក់​ដើម្បី​បំផ្លាញ​ទាំងស្រុង ឬ​ដោយ​ផ្នែក​ទៅលើ​ក្រុម​ជាតិ ក្រុម​ជាតិពន្ធុ ពូជសាសន៍ ឬ​សាសនា​។ អំពើ​ទាំងនោះ​រួមមាន​៖
– អំពើ​មនុស្សឃាត​លើ​សមាជិក​ក្រុម​។​
-​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​រាងកាយ ឬ​ផ្លូវចិត្ត​នៃ​សមាជិក​ក្រុម​។​
-​ការដាក់​ដោយ​ចេតនា​នូវ​ក្រុមមនុស្ស​នៅក្រោម​លក្ខខណ្ឌ​រស់នៅ​លំបាក​ដែល​នាំ​ឲ្យ​មាន ការបំផ្លាញ​សុខភាព​ទាំងស្រុង ឬ​ដោយ​ផ្នែក​។​
-​វិធាន​ការដែល​រារាំង​ដល់​ការ​មានគភ៌​ដល់​សមាជិក​ក្រុម​។​
-​ការជម្លៀស​កុមារ​ដោយ​បង្ខំ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត​។

​ដោយបាន​អនុវត្ត​នូវ​ការគ្រប់គ្រង​តាមបែប​ផ្តាច់ការ និង​តឹងរឹង​ជ្រុល​ហួសហេតុ របប​ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​ខ្មែរ​ស្លូតត្រង់​អស់​ប្រមាណ​ជិត​ពីរលាន​នាក់​។ ទោះបី​របប​នេះ​បាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ទៅហើយ​ក្តី ប៉ុន្តែ​របប​នេះ​បាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​កម្ពុជា និង​បាន​បន្សល់​នូវ​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ជនពិការ ការបែកបាក់ និង​ជំងឺ​បាក់ស្បាត​រហូតមកដល់​សព្វថ្ងៃនេះ​។

​សហគមន៍​អន្តរជាតិ ធ្លាប់បាន​ដឹងឮ​ពី​ការកាប់សម្លាប់​រង្គាល​នៅក្នុង​ប្រទេស​កម្ពុជា ពី​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ ដែល​បាន​ប្រព្រឹត្ត​ដោយ​ក្រុមខ្មែរក្រហម និង​ប្រទេស​មួយចំនួនទៀត ដូចជា ប្រទេស​បូ​ស្នី​, រ្វ៉ា​ន់​ដា និង​ប្រទេស​យូ​ហ្គោ​ស្លា​វី រួចហើយ​ក្តី ក៏​រហូតមកដល់​សព្វ​ថ្ងៃ ក៏​យើង​នៅតែ​សង្កេតឃើញ​ការសម្លាប់​រង្គាល​នៅតែ​បន្ត​កើត​មាននៅ​ប្រទេស​មួយចំនួន រួមមាន​៖ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ នៅ​ប្រទេស​ស៊ី​រី និង​នៅ​ប្រទេស​ភូមា​។ ជារឿយ​វិធានការ​ទប់ស្កាត់​ការសម្លាប់​រង្គាល់​តែងតែមាន​ភាពយឺតយ៉ាវ និង​មិន​ត្រូវបាន​អើពើ និង​យកចិត្តទុកដាក់​ដោយសា​រពាក់​ព័ន្ធ​នយោបាយ​ក្នុង​តំបន់ និង​សកលលោក​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អំពើ​ប្រល័យពូជសាសន៍​នេះ​កើត​ឡើងទៅ​ថ្ងៃ​ខាងមុខ មេដឹកនាំ​ប្រទេស​ទាំងអស់​ត្រូវតែមាន​ឆន្ទៈ​រួមគ្នា និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនុសញ្ញា​ស្តីពី​ការបង្ការ និង​ផ្ត​ទ្ទា​ទោស​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ និង​អន្តរាគមន៍​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ចំពោះ​អំពើ​ទាំងឡាយណា​ដែល​នាំទៅរក​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​៕ ល​