​ហៅ​អ្នកបើក​ឡានធំ​បំផ្លាញ​ផ្លូវ​៣០​ម៉ែត្រ​ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់

143
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖ ​ក្រោយពី​រថយន្ត​ខ្នាត​ធំ​បើក​ចូលក្នុង​ក្រុង ​ហើយ​ផ្លូវ​ដែល​ទើប​ធ្វើ​បាក់ស្រុត​ អាជ្ញាធរខេត្ត​បាន​ហៅ​ម្ចាស់​ឡាន​ឱ្យ​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​និង​ឱ្យ​អ្នកម៉ៅការ​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ​។​ផ្លូវ​៣០​ម៉ែត្រ​ដែល​ទើប​ស្ថាបនា​ឡើង​ ហើយ​រង​ការបាក់​ស្រុត​ដោយសា​តែ​រថយន្ត​ដឹក​ខ្សាច់​ខ្នាត​ធំ​នេះ ស្ថិតក្នុង​សង្កាត់​គោកចក ​នៃ​ក្រុង​សៀមរាប​។​

​ជាមួយគ្នា​នោះ​ សមត្ថកិច្ច​បានឱ្យដឹងថា ​ជំនាញ​បាន​អូស​ឡាន​ដឹក​ខ្សាច់​ខាងលើ​ទៅកាន់​ស្នងការ​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​ចំណែក​តៃកុង​រថយន្ត​ត្រូវបាន​នាំយកទៅ​សាកសួរ​នៅ​សាលាខេត្ត​។​ក្នុងករណីនេះ អ្នកបើកបរ និង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ខ្សាច់ មិនត្រូវ​បាន​គេ​ទម្លាយ​ឈ្មោះ​នោះឡើយ​។ តែ​មានការ​បង្ហើប​ឱ្យដឹងថា ​អ្នកបើកបរ​នោះ​ជា​យោធា​។​រថយន្ត​បង្ក​ពាក់​ផ្លាក​លេខ​បាត់ដំបង​៣A.០៦៤៨​។​

មន្ត្រី​សាលាខេត្ត​សៀមរាប​បានឱ្យ​ដឹងថា​​ពេលនេះ​អាជ្ញាធរ​បាន​ហៅ​អ្នកទទួល​ម៉ៅការ​មក​ធ្វើ​ផ្លូវ​ឡើងវិញ ​ព្រោះ​ផ្លូវ​នេះ​ធ្វើ​មិនទាន់​រួចរាល់​នៅឡើយ​ទេ​។​មន្ត្រី​ដដែល​បញ្ជាក់ថា​ គ្រប់​ឡានធំៗ​អាជ្ញាធរ​និង​សមត្ថកិច្ច បានដាក់​ស្លាក​សញ្ញា ហាមឃាត់ មិន​ឲ្យ​ចូល​ក្រុង​ទេ តែ​ពួកគេ​នៅតែ​បំពាន​។​

​សូមបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ដឹក​ខ្សាច់​បំផ្លាញ​ផ្លូវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​។ ជា​កំណាត់​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក​ក្រុង​សៀមរាប​។ ផ្លូវ​ដែល​រង​ការ​ខូច​នោះ​មាន​ប្រវែង​៣៦,៥​ម៉ែត្រ​និង​ផុង​ខូច​កៅស៊ូ​មាន​ជម្រៅ​០,៥​ម៉ែត្រ​។​ផ្លូវ​នេះ​ត្រូវបាន​ប្រភព​ទម្លាយ​ថា​​ អាជ្ញាធរខេត្ត​ជា​អ្នកទទួលខុសត្រូវ​ឱ្យ​ក្រុមហ៊ុន​មួយ​ជា​អ្នក​ស្ថាបនា​ដោយបាន​ពង្រីក​ធំ​ជាង​មុន និង​ទើប​ស្ថាបនាឡើង​នាពេល​ថ្មីៗ​នេះ​៕S/​Ha