​ឡានធំ ដឹក​ធ្ងន់ នៅតែ​បង្ក​គ្រោះថ្នាក់ ហើយ​កកស្ទះ​រាប់​ម៉ោង​!

342
ចែករម្លែក

​អាចជា​រឿង​ដដែលៗ​ដែល​ឡានធំ​ដឹក​ធ្ងន់ បង្ក​គ្រោះថ្នាក់​ចរាចរ ដោយសារតែ​ដាច់ ហ្វ្រាំង លើ​ស្ពាន និង​បណ្តាល​ឲ្យ​កកស្ទះ​រាប់​ម៉ោង នៅ​រង្វង់​មូល​គល់ស្ពាន​ព្រែក​ព្នៅ ក្នុងរាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៩​។ គ្រោះថ្នាក់ ចរាចរ​នោះ បង្កឡើង​ដោយ​ឡានធំ ដឹក​ឥដ្ឋ ក្នុង​គោលដៅ​ចេញពីស្ពាន ព្រែក​ព្នៅ ខាង​វិមាន​ឈ្នះ​ឈ្នះ ឡើង​ចូលទៅ​ផ្លូវ​កប់​ស្រូវ ហើយ​ចៃដន្យ មកដល់​លើ​ស្ពាន ចុះ​ចំណោត ឡាន​ដឹក​ឥដ្ឋ​នោះដាច់​ហ្វ្រាំង ក៏​បុក​ឡាន​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង និង​ម៉ូតូ មួយគ្រឿង បណ្តាល​ឲ្យ​ក្រឡាប់ នៅ​រង្វង់​មូល​គល់ស្ពាន​ព្រែក​ព្នៅ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មនុស្ស​បួន​នាក់ រងរបួស ( ស្ត្រីបីនាក់ ) ដែល​ជិះ​លើ​ឡាន​ដឹក​ឥដ្ឋ​។​
​ ​
​ករណី​ឡាន​ដាច់​ហ្វ្រាំង ពេល​ឡើង ឬ​ចុះ​ចំណោត នៅលើ​ស្ពាន ជាដើម តែងតែ​កើត​ឡើងជា​ញឹកញាប់ ហើយក៏​បង្ក​គ្រោះថ្នាក់ ខូចខាត​យានយន្ត រហូតដល់​បណ្តាល​ឲ្យ​របួស និង​ស្លាប់​មនុស្ស​ថែមទៀត​។ គ្រោះថ្នាក់​នេះ​អាចមកពី​ការ​ធ្វេស ប្រហែស​របស់​អ្នកបើកបរ ដែល​មិនបាន​ត្រួតពិនិត្យ​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ ឬក៏​ឡាន​ចាស់​ពេក ជាដើម​។ ម្ចាស់​យានយន្ត ក៏​គួរតែ​យក​ឡាន ទៅ​ត្រួតពិនិត្យ​បច្ចេកទេស ឆៀក​ឲ្យ​បាន​ទៀងទាត់​តាម​កាលកំណត់​របស់​ម​ន្ត្រី​ជំនាញ​។​
​ ​
​ម្យ៉ាងវិញទៀត អ្នកដំណើរ ពិសេស​ម៉ូតូ ក៏​គួរតែ​ម្ចាស់ការ បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​នៅពេល​ឡើង​ចុះ​ចំណោត ឬ​ឡើង​ចុះ​ស្ពាន​។ ពោលគឺ​បើ​មាន​ឡានធំ ដឹក​ធ្ងន់ៗ គួរតែ​កុំ​នៅក្រោយ​ឡានធំ​នោះ នៅពេល​ឡើង​ចំណោត ឬ​ឡើង​ស្ពាន​។ ផ្ទុយទៅវិញ នៅពេល​ចុះ​ចំណោត ឬ​ចុះ​ស្ពាន គួរតែ​កុំ​នៅមុខ​ឡានធំ ដឹក​ធ្ងន់ៗ​ទាំងនោះ​។ ព្រោះថា បើ​មាន​ករណី​ដាច់​ហ្វ្រាំង ឬ​ដាច់​កាឡេ គឺ​ឡាន​រអិល​ថយក្រោយ ឬ​ឡាន​ជ្រុល​ទៅមុខ គឺ​យើង​មិន​គ្រោះថ្នាក់​ឡើយ​។ រីឯ​តៃកុង​ឡានធំៗ ក៏​គួរ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​ឡាន គ្រឿងគ្រៅ ពិសេស​ហ្វ្រាំង ឲ្យ​បាន​ត្រឹមត្រូវ មុនពេល​បើកបរ​ម្តងៗ​។

​ពិសេស​នៅពេល​ជួប​ហេតុការណ៍ ដាច់​ហ្វ្រាំង​ដូច្នេះ អ្នកបើកបរ​ឡានធំ ដឹក​ធ្ងន់ៗ គួរតែ​ម្ចាស់ការ គ្រប់គ្រង​ស្ថានការណ៍ ដោយ​មិនត្រូវ​លោត​ចោល​ឡាន​ឡើយ​។ ពោលគឺ​អ្នកបើកបរ​គួរតែ​ចុច​ស៊ី​ប្លេ​រ ជា​សញ្ញា​ឲ្យ​បានលឺៗ ជាប់​រហូត និង​កាន់ចង្កូត កាច់​រក​កន្លែងដែល​សុវត្ថិភាព​។ នេះ​និយាយ​ពី​គ្រោះថ្នាក់​។​ដោយឡែក​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ កើតឡើង ដែល​ឡាន​ក្រឡាប់​លើផ្លូវ បង្ក​ឲ្យ​កកស្ទះ​ចរាចរ​រាប់​ម៉ោង រាប់គីឡូម៉ែត្រ លើ​កំណាត់​ផ្លូវ​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ និង​នៅលើ​ស្ពាន​ព្រែក​ព្នៅ ផ្នែក​ខាង​ចូល​រាជធានី​ភ្នំពេញ គឺ​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ដោះស្រាយ​លឿន​ជាង​នេះ​។​

​នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ ពិសេស​នៅ​រង្វង់​មូល​គល់ស្ពាន លើ​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ ចរាចរ​មមាញឹក ហើយ​តូចចង្អៀត ស្ទើរតែ​កកស្ទះ​ជា​ញឹកញាប់ ដល់ពេល​មាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដូច្នេះ ក៏​កកស្ទះ​រាប់​ម៉ោង​តែម្តង​។ ​

ជារួម កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ គួរតែ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរ ដោយ​ជំហាន​ដំបូង គួរតែ​អូស​ឡាន​បង្កហេតុអែប​កៀន ហើយ​ដាក់ពង្រាយ​កម្លាំង ដើម្បី​ឲ្យ​អ្នកបើកបរ​យានយន្ត​ផ្សេងទៀត អាច​ឆ្លងកាត់​កន្លែងកើតហេតុ កុំ​ឲ្យ​រង់ចាំ​រាប់​ម៉ោង​ដូច្នេះ​។ គ្រោះថ្នាក់​ចរាចរ​លើ​ស្ពាន​ព្រែក​ព្នៅ ដោយសារ​ឡានធំ ដឹក​ធ្ងន់ៗ បានកើត​ឡើងជា​ញឹកញយ​និង​បង្ក​គ្រោះថ្នាក់​ចរាចរ​រាប់​ម៉ោង ហើយ​វិធានការ​ដោះស្រាយ​របស់​អា​ជ្ញា​ធរ​សមត្ថកិច្ច ក៏​ហាក់ដូចជា យឺតយ៉ាវ ក្នុងការ​អូសទាញ​ឡាន​បង្កហេតុ ចេញពី​ផ្លូវ​៕ ដោយ​:​ម៉េង​ឆៃ​/Ha