​ឡាំ សុំ ៖ អធិការកិច្ច សាលារៀន​

“​ផេះផង់​ធូលី​” រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

523
ចែករម្លែក

រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​កូនស្រី​របស់គាត់ ឡាំ តារា​រិ​ទ្ឋិ បាន​រៀបរាប់​ប្រាប់ថា ៖
​នៅពេល​យើង​នៅ​តូច ឪពុក​របស់​យើង​បាន​ចូលចិត្ត​លេង​ជាមួយ​យើង គាត់​បាន​តែងខ្លួន​ធ្វើជា​ដំរី​មួយ​។ គាត់​បាន​យក​ពូក​ធំ​មួយ​បត់​វា​ពាក់កណ្តាល ហើយ​ដាក់​ពូក​បត់​នោះ​នៅលើ​ក្បាល​របស់គាត់​។ បន្ទាប់មក គាត់​បា​នស​ន្ឋឹ​ង​ដៃ​របស់គាត់​យោល​ទៅ​យោល​មក និង​ដើរ​តាម​យើង​។ គាត់​បាន​ដេញតាម​គ្រប់គ្នា​នៅក្នុង​ផ្ទះ​។
​គាត់​បានធ្វើ​ការងារ​អធិការកិច្ច​សាលារៀន​ជាច្រើន ដើម្បី​ឲ្យ​មាន​ចំណូល​ជីវភាព​រស់នៅ វា​មិនមាន​បញ្ហា​អ្វី​ឡើយ ចំពោះ​សាលារៀន​ទាំងនោះ រួមមាន ៖ សាលារៀន​ឯកជន ចិន ឬ​បារាំង​។ គាត់​ធ្លាប់បាន​ធ្វើជា​គ្រូបង្រៀន​ម្នាក់​នៅមុន​ពេល​ជា​អធិការកិច្ច​។ ខ្ញុំ​ចាំបាន នៅ​ថ្ងៃមួយ​គាត់​បាន​ទៅ​ហា​វ៉ៃ ហើយ​បាន​ត្រឡប់មកវិញ​ដោយមាន​ខោ​ច្រើន​សម្រាប់​យើងទាំងអស់គ្នា ខោ​ទាំងនោះ​មាន​ឆ្នូត​ច្រើន និង​ពណ៌​ឆើតឆាយ​។​ ​
​យើងទាំងអស់គ្នា​បាន​ទៅ​រៀន​សាលា​បារាំង ដែល​នៅ​ទីនោះ​មាន​គ្រូបង្រៀន​ពីរ​នាក់​នៅក្នុង​ថ្នាក់រៀន​តែមួយ ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់ទៀត​ជា​ជនជាតិ​បារាំង​។ បងប្អូន​ប្រុសៗ​ខ្ញុំ​ទាំងអស់​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅមុន​ឆ្នាំ​១៩៧០ ព្រោះ​ពួកគេ​បាន​និយាយ​ភាសា​បារាំង​យ៉ាង​ស្ទាត់​។​
​ឪពុក​របស់ខ្ញុំ​បាន​សរសេរ​សំបុត្រ​ជាច្រើន​ទៅ​កូនៗ​ជា​ភាសា​បារាំង​។ គាត់​ក៏​ចេះ​និយាយ​ភាសា​អង់​គេ្ល​ស វៀតណាម ចិន (​ម៉ាន​ដា​រី​ន និង​កាន​ទុន​) ដែរ​។ នៅពេលដែល​ខ្ញុំ​ទៅ​ផ្សារ ឪពុក​ខ្ញុំ​អាច​និយាយ​ទៅកាន់​អ្នកលក់​នៅ​ទីនោះ ជា​ភាសា​ចិន និង​វៀតណាម​។​

ឡាំ សុំ ជាមួយ​កូន​៧​នាក់ ក្នុងចំណោម​កូន​១៣​នាក់ នៅ​ភ្នំពេញ ឆ្នាំ​១៩៧១

​នៅ​ថ្ងៃ​យោធា​របស់ ប៉ុល ពត បាន​ចូល​ទីក្រុង​ភ្នំពេញ ឪពុកម្តាយ​របស់ខ្ញុំ​បាន​ហោះ​ទៅ​ក្រុងព្រះសីហនុ ជាទី​កន្លែង​ដែល​គាត់​ទិញ​បាន​ដី​មួយ​ឡូ​តិ៍​។ គាត់​ចង់​រស់នៅ​ក្បែរ​ឆ្នេរសមុទ្រ នៅពេលដែល​គាត់​ចាស់​ទៅ​។ ឪពុក​ខ្ញុំ​ស្រឡាញ់​ដីធ្លី គាត់​បាន​ទិញ​ដី​នៅក្នុង​ក្រុងកែប ស្រែអំបិល និង​ក្រុងព្រះសីហនុ​។ គាត់​ក៏បាន​ស្រឡាញ់​ការដាំដុះ រួមមាន ផ្កា រុក្ខជាតិ និង​ដើមឈើ​ហូប​ផ្លែ​ដែរ​។ វា​ជា​ចំណង់​ចំណូលចិត្ត​របស់គាត់ ហើយ​ខ្ញុំ​ក៏មាន​ចំណូលចិត្ត​ដូច​គាត់​ដែរ​។ ហេតុដូច្នេះ​ម្តាយ​ខ្ញុំ​និយាយថា ខ្ញុំ​កាត់​ទៅរក​ឪពុក​ខ្ញុំ​។​
​ឪពុកមា​របស់​ម្តាយ​ខ្ញុំ​បានរស់នៅ​ទីក្រុង​ព្រះសីហនុ​។ គាត់​ជា​មេបញ្ជាការ​ទាហាន លន់ នល់ ហើយ​បាន​សុំ​អ្នកបើកបរ​របស់គាត់​ឲ្យ​ជូន​ឪពុកម្តាយ​ខ្ញុំ​ទៅ​កំពង់ផែ ហើយ​ចុះ​ក្នុង​ទូក​មួយ​ទៅ​ប្រទេស​ថៃ​។ ឪពុក​ខ្ញុំ​ចង់ទៅ ប៉ុន្តែ​ម្តាយ​ខ្ញុំ​បាន​បដិសេធ ព្រោះ​អី​កូន​របស់គាត់​ទាំងអស់​នៅ​ភ្នំពេញ​នៅឡើយ​។ ឪពុកមា​របស់​ម្តាយ​ខ្ញុំ​បាន​ចាក​ចេញទៅ គាត់​កំពុង​រស់នៅ​ប្រទេស​បារាំង​សព្វថ្ងៃនេះ​។​

​ខ្មែរក្រហម​បាន​និយាយថា “​សូមមេត្តា ចាកចេញ​ជា​ប្រញាប់​” បន្ទាប់មក​បាន​បាញ់រះ​ទៅលើ​មេឃ​។ ដូច្នេះ បងប្រុស​ខ្ញុំ ប្អូនស្រីៗ និង​ខ្ញុំ​បាន​វេច​ខ្ចប់​យ៉ាង​ប្រញាប់​យកបាន​អាហារ​សម្រាប់​ហូប​គ្រប់​គ្រាន់តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ដូចជា អង្ករ ឆ្នាំង​មួយ និង​ចាន​ជាច្រើន​។ យើង​បាន​ចាក​ចេញពីផ្ទះ​នៅ​ថ្ងៃទី​១៨ ខែមេសា​។ ប្អូនស្រី​ខ្ញុំ​បាន​ខ្ចប់​គ្រឿងអលង្ការ​របស់​ម្តាយ​ខ្ញុំ​ដាក់​ក្នុង​វ៉ា​លី​ស​មួយ ជាមួយនឹង​របស់​មាន​តម្លៃ​ផ្សេងទៀត ហើយ​បានដាក់​វ៉ា​លី​ស​នោះ​ចូលទៅក្នុង​ប្រឡោះ​មួយ​នៅ​ខាងលើ​បន្ទប់​របស់​យើង​។ នៅពេល​យើង​បាន​ត្រឡប់មកវិញ បន្ទាប់ពី​របប​ខ្មែរក្រហម​មិនមាន​អ្វី​នៅក្នុង​ប្រឡោះ​នោះឡើយ​។​

ឡាំ សុំ ជាមួយ​កូនស្រីៗ គឹម​, អណ្តែត​, ម៉ុ​ល និង តារា​រិ​ទ្ឋិ នៅ​ភ្នំពេញ ឆ្នាំ​១៩៧១

​ប្តី​របស់​បងស្រី​ខ្ញុំ​ឈ្មោះ សុ​ភី បាន​សម្រេចចិត្តថា​យើង​ត្រូវ​ទៅ​ស្រុកកំណើត​របស់គាត់​នៅ​ខេត្តព្រៃវែង​។ យើង​មាន​គ្នា​១១​នាក់ បាន​ដើរ​ចេញទៅ​ជាមួយគ្នា​។ ប៉ុន្តែ​យើង​បួន​នាក់​បាន​ចាក​ចេញពី​ព្រៃវែង ទៅ​កំពត ពីរ​បី​ថ្ងៃ​បន្ទាប់ពី​យើង​ទៅដល់​ព្រៃវែង ព្រោះ​អីយើ​ង​ចង់​ទៅរក​ឪពុកម្តាយ​របស់​យើង ហើយ​យើង​ក៏​មិនដឹងថា​ត្រូវ​រស់​យ៉ាងម៉េច​នៅ​ព្រៃវែង​ដែរ​។ វា​ទទេ​ស្អាត​នៅ​ទីនោះ​គឺ​មានតែ​វាលស្រែ​ប៉ុណ្ណោះ មិនមាន​ដើមឈើ​ហូប​ផ្លែ​ឡើយ​។

​បងប្រុស​ខ្ញុំ​ឈ្មោះ ថូ​រ៉ានី បាន​នាំ​យើង​ចេញទៅ​។ យើង​ចំណាយពេល​ជិត​ពីរ​ខែ​បាន​ទៅដល់​ស្រុកកំណើត​ម្តាយ​របស់ខ្ញុំ ដោយ​យើង​ដោយ​ថ្មើរជើង​ត្រឡប់​ទៅក្រោយ​វិញ​។ ខ្មែរក្រហម​បាន​បន្ត​ចាប់​យើង ហើយ​បង្ខំ​ឲ្យ​យើង​ធ្វើការ ប៉ុន្តែ​យើង​បាន​បន្ត​រត់គេចខ្លួន​។ នៅពេល​យើង​បាន​ទៅដល់ អ្នក​ដំបូង​គេ​ដែល​ខ្ញុំ​បានឃើញ​គឺជា​ឪពុក​ខ្ញុំ កាន់​ចបកាប់​មួយ​។ មុន​នោះ​គាត់​មាន​ក្បាលពោះ ប៉ុន្តែ​ឥឡូវនេះ​គាត់​ស្គម​ខ្លាំងណាស់​។ គាត់​បានចាប់ផ្តើម​យំ នៅពេលដែល​គាត់​បានឃើញ​យើង ហើយ​និយាយថា “​ប៉ា​បាន​រង់ចាំ​កូន​ទាំងអស់គ្នា​នៅទីនេះ​រាល់ថ្ងៃ​។ ប៉ា​បាន​បន់ស្រន់​សម្រាប់​កូន​ទាំងអស់គ្នា ហើយ​បាន​រង់ចាំ​”​។ ភ្លាមៗ​នោះ​យើងទាំងអស់គ្នា​បាន​យំ​។​

​គាត់​បានរស់នៅ​ជាង​ពីរ​ឆ្នាំ ឃ្វាលក្របី រែក​ដី និង​ធ្វើ​ការងារ​ផ្សេង​ច្រើន​ទៀត​។ គាត់​បាន​ជញ្ជូន​ដី​នៅ​ទីវ​ត្ត ជាទី​ដែល​ខ្មែរក្រហម​បាន​ប្រាប់​គាត់​ថា គាត់​មិនអាច​ត្រឡប់​ទៅ​ភ្នំពេញ​បានទេ ហើយក៏​មិនមាន​មុខងារ​ជា​បុគ្គល​ដែលមាន​ការអប់រំ​ទៀត​ដែរ​។ ខ្មែរក្រហម​បាន​និយាយថា ”​អ្នកឯង​ត្រូវ​ធ្វើការ​ឥឡូវនេះ​”​។​

ម៉េង គឹម​សុន ប្រព​ន្ឋ​របស់ ឡាំ សុំ ឆ្នាំ​១៩៦៥​។ គាត់​បាន​ពាក់​នាឡិកាដៃ អូ​ម៉េ​ហ្គា ១៨​កា​រ៉ា​ត ហើយ​បាន​ដូរ​យក​ស្ករ ៣​គីឡូក្រាម និង​ទឹកដោះគោ​ខាប់​៥​កំប៉ុង នៅ​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​នៅ​ឆ្នាំ​១៩៧៦ បងប្រុស​ខ្ញុំ ប្អូនស្រី និង​ខ្ញុំ​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងចល័ត​។ ដំបូង​ឡើយ​ខ្មែរក្រហម​បាន​ឲ្យ​យើង​មក​ផ្ទះ​នៅពេល​យប់ ប៉ុន្តែ​បន្ទាប់មក​ខ្មែរក្រហម​បាន​បញ្ជូន​យើង​កាន់តែ​ឆ្ងាយ​ទៅៗ​។ ខ្ញុំ​បាន​រៀន​ធ្វើ​មួក​ស្លឹកត្នោត ខណ​:​ដែល​ខ្ញុំ​នៅក្នុង​កងចល័ត​។ មួក​នីមួយៗ​ត្រូវ​ប្រើពេល​បួន​ទៅ​ប្រាំ​ម៉ោង​ដើម្បី​ធ្វើ ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​មួក​បាន​នៅតែ​ពេលយប់ ដូច្នេះ​ខ្ញុំ​ត្រូវការ​ពេល​ប្រាំ​ឬ​ប្រាំមួយ​យប់​សម្រាប់​មួក​នីមួយៗ​។ ខ្ញុំ​ធ្វើ​មួក​បាន​ច្រើន​ដើម្បី​ដូរ​យក​ក្តាម ឬ​អាហារ​ផ្សេងៗ​នៅពេល​ខ្ញុំ​ត្រូវការ​។ នៅពេលដែល​ខ្ញុំ​បានដឹងថា ខ្ញុំ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ទៅផ្ទះ​ខ្ញុំ​បានធ្វើ​មួក​ទុកជា​ច្រើន ដូច្នេះ​ខ្ញុំ​អាច​យក​មួក​ទៅ​ដូរ​យក​ថ្នាំជក់​ឲ្យ​ឪពុក​របស់ខ្ញុំ​។ ឪពុក​ខ្ញុំ​ចូលចិត្ត​ថ្នាំជក់ ជាង​ចំណីអាហារ​។​

​យើង​មិនបាន​នៅ​ទី​នោះទេ​នៅពេលដែល​ខ្មែរក្រហម​បាន​ចាប់​ឪពុក​ខ្ញុំ​ទៅ​។ អ្នកជិតខាង​របស់​យើង​បាន​និយាយថា ឪពុក​របស់ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន ហើយ​គាត់​ត្រូវបាន​យកទៅដាក់​នៅ​វត្ត​មួយ​។ ខ្មែរក្រហម​បាន​ចោទប្រកាន់​គាត់​អំពី​ចំណង់​រត់​ភៀសខ្លួន​ចេញពី​ភូមិ ដើម្បី​ទៅ​ជួប​បងប្រុស​របស់ខ្ញុំ​ពីរ​នាក់​ដែល​បានរស់នៅ​បរទេស​។ ខ្មែរក្រហម​ក៏បាន​និយាយ ដែរ​ថា គ្មាន​នរណាម្នាក់​ត្រូវធ្វើ​តាម​ឪពុក​ខ្ញុំ ឬ​ធ្វើ​រឿង​ដូចដែល​ឪពុក​ខ្ញុំ​បានធ្វើ​ឡើយ​។​

​ខ្មែរក្រហម​បាន​យក​ឪពុក​ខ្ញុំ​ទៅ​មន្ទីរ​សន្តិសុខ​ទូក​មាស​។ នៅតាម​ផ្លូវ​ខ្មែរក្រហម​បាន​វាយ​គាត់​នឹង​ដើម​អំពៅ​រឹង មិនមែន​អំពៅ​ទន់​ដែល​យើង​ហូប​ទេ​។ ដើម​អំពៅ​ធំ និង​រឹង​។ បន្ទាប់ពី​របប ប៉ុល ពត ខ្ញុំ​បានឃើញ​សៀវភៅ​មួយ​របស់​ក្រសួង​អប់រំ បាន​សរសេរ​អំពី​ឪពុក​របស់ខ្ញុំ​។ សៀវភៅ​នោះបាន​សរសេរថា ខ្មែរក្រហម​បាន​បញ្ជូន ឪពុក​ខ្ញុំ​ចេញពី​ទូក​មាស​ទៅ​មន្ទីរ​សន្តិសុខ​ល្អាង​នៅក្នុង​ខេត្តកំពត ហើយ​បានសម្លាប់​គាត់​នៅ​ទីនោះ​។​

​ម្តាយ​ខ្ញុំ​បាន​ស្នាក់​នៅផ្ទះ​រយៈពេល​១០​ថ្ងៃ បន្ទាប់​យក​ឪពុក​ខ្ញុំ​ទៅ​។ គាត់​បាន​និយាយ​ទៅកាន់​អង្គការ​ថា “​ប្រសិនបើ​អង្គការ​ត្រូវការ នៅទីនេះ​មានកូន​ទាំង​បួន​នាក់​របស់ខ្ញុំ និង​ខ្ញុំ​។ អ្នក​អាច​សម្លាប់​យើងទាំងអស់គ្នា​”​។ ម្តាយ​ខ្ញុំ​បាន​ខូចចិត្ត​យ៉ាងខ្លាំង​។ បន្ទាប់មក​ខ្មែរក្រហម​បាន​យក​គាត់​ចេញទៅ រួមទាំង​ប្រជាជន​មកពី​ភ្នំពេញ​ស្ទើរតែ​ទាំងអស់​។ ខ្ញុំ​បាន​រង់ចាំ​ការហៅ​ឈ្មោះ​ម្តាយ​របស់ខ្ញុំ ប៉ុន្តែ​ពេលនោះ​មិនបាន​ហៅ​ទេ​។

នៅ​កណ្តាល ៖ ឡាំ សុំ និង ម៉េង គឹម​សុន ជាមួយ​កូនៗ​ឈ្មោះ គឹម និង ប៉ា​រ៉ា​ម នៅក្នុង​ពិធី​មួយ​ធ្វើ​នៅក្នុង​ស្តា​ត​អូឡាំពិក ឆ្នាំ​១៩៦០​។​

​ម្តាយមីង​ម្នាក់​នៅក្នុង​ចំណោម​ម្តាយមីង​របស់ខ្ញុំ​ច្រើន​នាក់ ដែល​បានរស់នៅ​ខាងក្រោម​ផ្ទះ​ដែល​យើង​បាន​ស្នាក់នៅ​រួមគ្នា​។ គាត់​ជា​ប្រធាន​នារី​នៅក្នុង​ភូមិ​។ គាត់​កាច​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏​ស្អប់​គាត់​ខ្លាំង​ណាស់ដែរ​។ គាត់​តែងតែបាន​ប្រាប់​កូន​របស់គាត់​ឲ្យ​តាមដាន​យើង ៖ តើ​យើង​បានធ្វើ​អ្វីខ្លះ​? យើង​ហូប​អ្វីខ្លះ​? និង​មាន​របស់របរ​អ្វី​? នៅពេល​ខ្លះ​ពូ​របស់ខ្ញុំ​បាន​សុំ​មីង​មេត្តា​ឲ្យ​យើង​នូវ​ចំណីអាហារ ប្រសិនជា​មីង​មាន​ច្រើន ប៉ុន្តែ​គាត់​បាន​ធ្វើជា​មិន​ចង់​ស្តាប់​។ ទោះយ៉ាងណា​គាត់​បាន​ទុក​ចំណីអាហារ​នោះ​ទាល់តែ​រលួយ​ខូច​ជាជាង​ឲ្យ​មក​យើង​។ គាត់​បានដឹងថា​ជីដូន​របស់ខ្ញុំ​បាន​រក្សាទុក​នូវ​ផ្តិល​ទឹកធំ​មួយ​ដែល​ធ្វើ​អំពី​ប្រាក់​។ គាត់​បាន​រាយ​ការ​ណ៏ អំពី​ជីដូន​ខ្ញុំ​ប្រាប់​អង្គការ​ដោយនិយាយ​ថា ជីដូន​ខ្ញុំ​មិន​ស្មោះត្រង់​។ បន្ទាប់មក​កម្មាភិបាល​បាន​ទៅផ្ទះ​គាត់ ហើយ​ប្រមូលយក​របស់របរ​ទាំង​អស់​។ បន្ទាប់ពី​របប ប៉ុល ពត នៅ​ទីនោះ​មិនមាន​អ្វី​ហូប​ឡើយ ហើយក៏​មិនមាន​អ្វី​សម្រាប់​មីង​ខ្ញុំ​ដែរ​។ ប្រសិនបើ​មីង​ខ្ញុំ​ឲ្យ​ជីដូន​ខ្ញុំ​រក្សាទុក​ផ្តិល​ទឹកធំ​នោះ គាត់​នឹង​បាន​លក់​វា ដើម្បី​យកប្រាក់​ទិញ​ស្បៀងអាហារ​សម្រាប់​ហូប​។ ជីដូន​ខ្ញុំ​តែងតែ​ថែរក្សា​បីបាច់​គ្រួសារ​របស់គាត់​។

​នៅ​ថ្ងៃ​ដែល​ឪពុក​របស់ខ្ញុំ​ត្រូវបាន​ចាប់​យកទៅ​មន្ទីរ​សន្តិសុខ មីង​បាន​និយាយថា វា​ត្រូវតែ​ដូច្នេះ ព្រោះ​អី​ឪពុក​របស់ខ្ញុំ​សក្តិសម​នឹង​ទទួលកំហុស​។ បន្ទាប់ពី​របប ប៉ុល ពត ខ្ញុំ​បាន​ទៅលេង​ស្រុកកំណើត​របស់​ម្តាយ​ខ្ញុំ ហើយ​ខ្ញុំ​បានឃើញ​មីង​ខ្ញុំ​។ គាត់​និយាយថា “​អ្នកឯង​ល្អ​ណាស់ ហើយ​និយាយ​ពិ​រោះ​” ដូចជា​មិនមាន​រឿង​អ្វី​បាន​កើតឡើង​។ គាត់​បាន​ភ្លេច​នូវ​អ្វី ដែល​គាត់​បានធ្វើ​នៅក្នុង​សម័យ ប៉ុល ពត​។​

​នៅពេល​ខ្លះ ខ្ញុំ​គិត​អំពី​មីង​ខ្ញុំ និង​អ្នកខ្លះ​ផ្សេងទៀត​នៅក្នុង​ភូមិ​របស់​យើង ខ្ញុំ​ខឹង​ជាខ្លាំង​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​សងសឹក​ព្រោះ​អី​ឥឡូវនេះ​យើង​រស់នៅក្នុង​សន្តិភាព​។ ប្រជាជន​ទាំងអស់​នៅក្នុង​ភូមិ​ជីដូន​ជីតា​របស់ខ្ញុំ​នៅតែ​ក្រ​នៅឡើយ​។ អ្នក​ទាំង​នោះបាន​ប្រមូល​អ្វីៗ​ទាំង​អស់ពី​យើង​នៅ​អំឡុង​សម័យ ប៉ុល ពត ប៉ុន្តែ​ពួកគេ​នៅតែ​ក្រ​។ ពួកគេ​មិនមាន​អ្វី​ធ្វើ មិនមាន​ការអប់រំ ដូច្នេះ​នៅតែ​ក្រីក្រ​៕