​ឡុង ជិន ឡើងទៅ​ជុំ​ទី​៣ ឯ ទិ​ត្យ សុវណ្ណ​គី​រី អវត្តមាន​

189
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់ ទិ​ត្យ សុវណ្ណ​គី​រិ សមាគម​ប្រដាល់ ក្រសួងកសិកម្ម អវត្តមាន ពី​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock Out Serie by K-Cement នា​យប់​ថ្ងៃទី​១៩ តុលា កន្លងទៅនេះ ដោយសារ​គេ​ជា​កងទ័ព ត្រូវ​ទៅ​ឈរជើង នៅ​ខេត្តព្រះវិហារ ។​

​សុវណ្ណ​គី​រី ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា​។ ការ​អវត្តមាន​នេះ ធ្វើ​ឲ្យ​ដេវីដ បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ តែ​ទោះជា​យ៉ាងណា ក៏​ដេវីដ ត្រូវ​ប្រកួត​កំដៅ​សាច់ដុំ ជាមួយ​អ្នក​ប្រដាល់ អេ អា​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា ។ ការប្រកួត​នេះ ទោះបី​ដេវីដ ចាញ់ ក៏​គេ​មាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត នៅ​ជុំ​ទី​៣ ដែរ តែ​ការប្រកួត​នេះ ដេវីដ បានទទួល​ជ័យជំនះ​លើ អេ អា​ម៉ា​រី​ន ភូ​ថង ដោយ​ពិន្ទុ ។

​ទិដ្ឋភាព​ប្រកួត​

​ប្រកួត​ក្នុង​ជុំ​ទី​២ នេះដែរ អ្នក​ប្រដាល់ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក មិនមាន​សំណាង រកបាន​កៅអី សម្រាប់​ជុំ​ទី​៣ ឡើយ បន្ទាប់ពី​គេ​ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​នោះ ។​

​ការប្រកួត​នេះ សម្រាប់ ឡុង ជិន មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា នឹង​បានទទួល​ជ័យជំនះ មុន​ស្រេច​ទៅហើយ​។ ចំពោះ សូរិយា វិញ គេ​មាន​ជំនឿ​ចិត្ត តែត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ ។ ដោយ​ការប្រកួត មាន​ត្រឹមតែ ៣ ទឹក​នោះ បន្ទាប់​បញ្ចប់​ទឹក​ទី​៣ ឡុង ជិន បានទទួល​ជ័យជំនះ លើ ខាំ សូរិយា ដោយ​ពិន្ទុ​ដាច់ ។ សូមបញ្ជាក់ថា សូរិយា ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ នៅ​ទឹក​ទី​២ ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់ រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​ប្រកាស​វ៉ៃ​សងសឹក ជាមួយ សៀវ សំណាង សមាគម​ប្រដាល់ ក្រសួងកសិកម្ម​នោះ គេ​ធ្វើ​មិនបាន​សម្រេច​ឡើយ ។ ជំនួប​លើក​នេះ សល់ ស្រស់ កាន់តែ​ធ្ងន់ ក ជាង​មុន ដោយ​ត្រូវ សៀវ សំណាង វាយ​ឲ្យ​ អាជ្ញាកណ្ដាល រាប់ ៨ ដល់​ទៅ ២ លើក គឺ​នៅ​ទឹក​ទី​៣ និង ទឹក​ទី​៤ ។ សំណាង បាន​បន្ថែម​ស្ថិតិ ឈ្នះ​លើ សល់ ស្រស់ បាន​មួយលើកទៀត​។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ទាត់​អ្នក​ប្រដាល់​ថៃ ឡា ហ្វា​ន (La Fan) បណ្ដាល​ឲ្យ​ខូច​ជើង ហើយ​ត្រូវ​អាជ្ញាកណ្ដាល បញ្ឈប់​នៅ ទឹក​ទី​២ បន្ទាប់ពី​រាប់ ៨ ចំនួន​២ លើក​ហើយ​នោះ ៕v