​ឡុង ណង​សៅ និង គួ​ន សុវណ្ណ កក់​កៅអី​ជុំ​ទី​២

454
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា /
​ភ្នំពេញ​: សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement កាលពី​យប់​ថ្ងៃទី ៩ មីនា កន្លងទៅនេះ អ្នក​ប្រដាល់ ២ រូប​ទៀតហើយ បាន​កក់​កៅអី សម្រាប់​ឡើង ទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ។​

​អ្នក​ប្រដាល់​វ័យក្មេង ឡុង ណង​សៅ មកពី​ក្លិប​សាល​វ័​ន្ដ​កីឡា ប្រើពេល​មិន​ដល់​មួយ​ទឹក​ផង បាន​ផ្ដួល​អ្នក​ប្រដាល់​វ័យក្មេង ដូចគ្នា​គឺ ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ឲ្យ​សន្លប់ ។ ណង​សៅ បាន​ប្រើ​ជើង​ទាត់ ធ្វើ​ឲ្យ ស៊ី​ណាត ដួលសន្លប់ មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ។ ស៊ី​ណាត បាន​ខ្ទាត​ចេញពី ការប្រកួត​យ៉ាង​រហ័ស​បំផុត ក្នុងខណៈដែល ឡុង ណង​សៅ ត្រូវ​បន្ត​ឡើង ទៅ​ប្រកួត​នៅ​ជុំ​ទី​២ ទៀត​នោះ ។​

​អ្នក​ប្រដាល់ គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ បាន​យកឈ្នះ​អ្នក​ប្រដាល់ សួ ចាន់​រាជ មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ បាន ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ ក្នុងការ​ប្រកួត ដែល​មានតែ ៣ ទឹក​នោះ សុវណ្ណ មានប្រៀប​លើ ចាន់​រាជ ទាំង ៣ ទឹកតែ​ម្ដង ។ ចាន់​រាជ បាន​ខ្ទាត​ចេញពី​ការប្រកួត ក្នុងខណៈដែល សុវណ្ណ កក់​កៅអី សម្រាប់​ឡើង ទៅ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ ទៀត​នោះ ។ សូមបញ្ជាក់ថា ក្នុងចំណោម​ចៅក្រម ៥ រូបនោះ មាន ៤ រូប ដែល​ផ្ដល់​ពិន្ទុ​ឲ្យ សុវណ្ណ ឈ្នះ និង មានតែ​មួយរូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ ចាន់​រាជ ឈ្នះ ។​

​ចំពោះ​ការប្រកួត​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង អេ​លី​ត សាន់ ត្រូវ​អ្នក​ប្រដាល់​វ័យ​ចំណាស់ របស់​ថៃ រ៉េ ដា (Re Da) ទាត់​ឲ្យ​ខូច​ជើង នៅ​ទឹក​ទី​៤ ។ អេ​លី​ត សាន់ ដែល​ចូលចិត្ត​ស៊ីជើង​គូប្រកួត​នោះ ពេល​ជួប​ជាមួយ រ៉េ ដា គេ​បែរជា​ខូច​ជើង ដោយសារ រ៉េ ដា ទៅ​
វិញ ។ អេ​លី​ត សាន់ ដែលជា​អ្នក​នាំអាទិ៍ វាយប្រហារ​ជើង​ក្រោម​មុន​នោះ ត្រូវ រ៉េ ដា វាយប្រហារ​សង​វិញ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា រូបនេះ លើក​ទង់ជ័យ ស សុំ​ចុះចាញ់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤ តែម្ដង ។​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់ រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ណាក់ សុខា មកពី​ក្លិប​យុវ​វាល​ស្បូវ ត្រូវ​អ្នក​ប្រដាល់ ចាន់ វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ប្រើ​កែង​វាយ​ឲ្យ​សន្លប់ នៅ​ទឹក​ទី​២ ។ នៅ​ទឹក​ទី ១ ណាក់ សុខា ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ មួយ​លើក បន្ទាប់ពី​ត្រូវ​មួយ​កណ្ដាប់ដៃ​របស់ វិបុល​នោះ ហើយ​មកដល់​ទឹក​ទី​២ កែង​របស់​វិបុល បានបញ្ចប់​សកម្មភាព សុខា​តែម្ដង ៕v

ទិដ្ឋភាព​នៃការប្រកួត​
ទិដ្ឋភាព​នៃការប្រកួត​