​ឡេង ណា​វ៉ា​ត់​ត្រា សង់​ផ្លូវ​បេ​តុង​មួយ​ខ្សែ ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ ជា​កាដូ​ដល់​កូនប្រុស​

687
ចែករម្លែក

​ដោយ : ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ : ​ដើម្បី​ជា​ចំណងដៃ​សម្រាប់​កូនប្រុស​ទី​២ របស់ លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​ផលិតកម្ម Galaxy Production រូបនេះ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​ផ្លូវ​ប៊េ​តុង​មួយ​ខ្សែរ មាន​ប្រវែង ជាង​៥០០​ម៉ែត្រ គុណ នឹង ទទឹង​៦​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចោមចៅ​។​

​ ​នេះ​ជាការ​សកម្មភាព​ជួយ​ដល់​សង្គម​មួយ​ថ្មី បន្ទាប់ពី​លោក​បាន​ក្លាយជា​អ្នក​មានបាន បន្ទាប់ពី​លោក​ត្រូវគេ​ស្គាល់​យ៉ាងខ្លាំង​ក្នុង​សកម្មភាព​បរិច្ចាគ​ទាន​ដល់​ជន​ទុរគត និង​បាន​ជួយ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ច្រើនលើក​រួចមកហើយ​។​

​​ប្រភព​ដែល​បាន​ចែកចាយ​ព័ត៌មាន​ចុះ​សាងសង់​ផ្លូវ​របស់លោក បានធ្វើការ​បង្ហោះ​ថា គឺជា​រឿង​ប្រពៃ​ណាស់ ដែល​អ​តី​តារាចម្រៀង​ហើយ​បាន​ក្លាយជា​បុគ្គល​ជោគជ័យ​ក្នុងសង្គម​មួយ​នេះ បាន​ចំណាយលុយ​ផ្ទាល់ខ្លួន និង​បាន​ទាំង​ចុះទៅ​មើល​ការចាក់​បេតុង​ដោយផ្ទាល់​ទៀត ដើម្បីអោយ​ផ្លូវ​មួយ​ខ្សែ​ដែល​លោក​ប្រកាសថា ចំណាយលុយ​ធ្វើ​ក្នុងន័យ​ជា​កាដូ​ជូន​ដល់​កូនប្រុស​ត្រូវបាន​សាងសង់​។

​លោក​ឡេង ណា​វ៉ា​ត្រា បាន​អះអាងថា ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ថវិកា​ដ៏​ច្រើន សង់​ផ្លូវ​មួយ​ខ្សែ ជូន​ដល់​អ្នកភូមិ​ក្នុង​សង្កាត់​ចោមចៅ គឺ​ដោយសារតែ​លោក​មានបំណង​អបអរ​ដល់​កំណើត​កូនប្រុស និង​ដោយសារតែ​លោក​ក៏​ទទួលបាន​សំណូមពរ​ពី​សំណាក់​អ្នករស់នៅ​ក្នុង​នៅតាម​បណ្ដោយ​ផ្លូវ​នោះ ថ្ងូរ​ថា ពិបាកធ្វើ​ដំណើរ​ជាពិសេស​នៅពេល​ធ្លាក់ភ្លៀង ដក់​ទឹក​ម្ដងៗ​។​

​លោក​ថា ខ្លួន​មិនមាន​អ្វី​ចងដៃ​ដល់​កូនប្រុស​អោយ​ច្រើន​នោះទេ ទើប​សម្រេចចិត្ត​ធ្វើ​សេចក្ដី​ល្អ​មួយ ដោយ​ការចំណាយ​លុយ​សង់​ផ្លូវ​ទុក​ជូន​អ្នកភូមិ​បានធ្វើ​ដំណើរ ដើម្បី​សន្សំ​កុសល​ចងដៃ​ដល់​កូនប្រុស​ដែលជា​ដំណក់ឈាម​របស់ខ្លួន​។ លោ​កថា​ខ្លួន​នឹង​រក្សាទុក​នូវ​សេចក្ដី​ល្អ​ក្នុងពេល​មានបាន ដោយ​រំពឹង​តែ​ម្យ៉ាង​ថា​អំពើរ​ល្អ​ទាំងនោះ នឹង​ជួយ​អោយ​លោក​កាន់តែ​ជោគជ័យ​ក្នុង​អាជីព និង​ជួយ​ធ្វើអោយ​កូនប្រុស​របស់លោក​ក្លាយជា​ក្មេង​មានសំណាង និង​អាច​ជំនួស​ដៃជើង​លោក​បាន​នៅពេល​ដឹងក្ដី​ ។

​ ​សូមបញ្ជាក់ថា ផ្លូវ​ប៊េ​តុង កំរាស់​១​តឹក​កន្លះ ប្រវែង​ជាង​៥០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កំរាស់​១​តឹក​កន្លះ ឆ្អឹង​ដែក គឺ​សាងសង់ឡើង​នៅ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទីមួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ត្រូវបាន លោក​ឧកញ៉ា​វ័យក្មេង ចាប់ផ្តើម​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ងាយស្រួល​ធ្វើដំណើរ ដោយសារតែ​កន្លងមក​ផ្លូវ​ទាំងនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ ពី​ផលវិបាក​ពេលធ្វើ​ដំណើរ ដូច្នេះហើយ ទើប​ម្ចាស់​ផលិតកម្ម Galaxy Production សម្រេច​ផ្តល់ជូន​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​៕B

​ ​