​ឡេ វ៉ាន់​មិញ នាទី​ភ្នាក់ងារ​ចារកម្ម​

1851
ចែករម្លែក

ដោយ ៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ឡេ វ៉ាន់​មិញ អាយុ​៥៥​ឆ្នាំ (១៩៧៨) នាទី​ចារកម្ម​របស់​ប្រធាន​ឃុំ​តិ​ន​ឡិ​ប ស្រុក​ម៉ុក​វ៉ា ខេត្ត​ឡុង​អាន​។ ឡេ វ៉ាន់​មិញ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៧៨ នៅ​ភូមិ​ចន្ទ្រា ក្នុង​ខេត្តស្វាយរៀង​។ បន្ទាប់ពី​បាន​ចាប់ខ្លួន​រួចមក វ៉ាន់​មិញ បាន​ឆ្លើយ​សារភាព​ទៅកាន់​អ្នក​សួរចម្លើយ​ដូចខាងក្រោម​៖

កងទ័ព​វៀតណាម​ដែល​ខ្មែរក្រហម​ចាប់ខ្លួន​មក​ឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ឬ​គុក​ទួលស្លែង​

​ខ្ញុំបាទ​កើត​នៅ​ភូមិ​៤ ក្នុង​ឃុំ​តិ​ន​ឡិ​ប ស្រុក​ម៉ុក​វ៉ា ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​ខាងត្បូង​។ ខ្ញុំ​គឺជា​អតីត​ទាហាន​ធី​វ​គី​។ កាលពី​ខែសីហា ឆ្នាំ​១៩៧៥ ប្រពន្ធ​ខ្ញុំ​បាន​និយាយប្រាប់​ខ្ញុំ​ថា នៅ​ដើមខែ​សីហា​នេះ នឹងមាន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១៥០​នាក់ នៅ​ឃុំ​ប៊ិ​ញ​វ៉ា​តិ​ន មក​ធ្វើបាតុកម្ម​ប្រឆាំង​បក្ស​វៀតណាម ដោយសារតែ​បក្ស​វៀតណាម​បាន​ប្លន់​យក​ផ្ទះសម្បែង ដីស្រែ និង​ស្រូវ ព្រមទាំង​ចាប់បញ្ជូន​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​តំបន់​សេដ្ឋកិច្ច​ថ្មី ដែលជា​កន្លែង​គ្រុនចាញ់​និង​មិនអាច​ប្រកប​របរ​ធ្វើស្រែ​បាន​។ ដល់​ខែកញ្ញា ក្នុង​ឆ្នាំ​ដដែល ប្រពន្ធ​របស់ខ្ញុំ​បាន​យក​មាស​មួយ​តម្លឹង និង​ប្រាក់សុទ្ធ​ចំនួន​៥០.០០០​ដុង យកទៅ​សូក​ឈ្មោះ ហាយ ហូ​យ មាន​តួនាទី​ជា​ប្រធាន​គុក​ម៉ុក​វ៉ា ដើម្បី​ដោះលែង​ខ្ញុំ​ឲ្យ​ចេញពី​គុក​។ រហូតដល់​ចុងឆ្នាំ​១៩៧៥​ប្រពន្ធ​របស់ខ្ញុំ​ធ្វើ​ស្រូវ​បាន​៦០​ថាំង ពេលនោះ​បក្ស​វៀតណាម​បានមក​ប្លន់​អស់​៧០​ភាគរយ នៃ​ចំនួន​ស្រូវ​ដែល​ប្រពន្ធ​របស់ខ្ញុំ​ប្រមូល​ផល​បាន ហើយ​ប្រជាជន​វៀតណាម​ដទៃទៀត ក៏ត្រូវ​បាន​បក្ស​វៀតណាម​ជិះជាន់​ដូចជា​គ្រួសារ​ខ្ញុំ​ដែរ​។ ជាមួយគ្នានេះ បក្ស​វៀតណាម​ក៏បាន​ដើរ​បោកប្រាស់​ប្រជាជន​ថា «​ប្រជាជន​យើងទាំងអស់គ្នា​អត់​មាន​គោក្របី​ធ្វើស្រែ​ទេ ដូច្នេះ​ប្រជាជន​ទាំងអស់​ត្រូវ​បង់ថ្លៃ​ប្រេង​២.០០០​ដុង ក្នុង​មួយ​ហិច​តា​ឲ្យ​បក្ស​យើង ហើយ​បក្ស​វៀតណាម​យើង​នឹង​យក​ត្រាក់ទ័រ​មក​ភ្ជួរស្រែ​ឲ្យ​អ្នក​រាល់គ្នា​។​

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ បក្ស​វៀតណាម​ក​ក៏បាន​យក​ត្រាក់ទ័រ​មក​ភ្ជួរ​តាម​ការសន្យា​ពិតមែន ប៉ុន្តែ​ភ្ជួរស្រែ​បានត្រឹមតែ​មួយ​ទៅ​ពីរ ហិកតា​ប៉ុណ្ណោះ ក៏​ប្រាប់​ប្រជាជន​ថា ត្រាក់ទ័រ​ខូច​។​ក្រោយមក បក្ស​វៀតណាម​ក៏បាន​បង្ខំ​ឲ្យ​ប្រជាជន​បង់ប្រាក់​ចំនួន​៥.០០០​ដុង បន្ថែមទៀត​ដើម្បី​ជួសជុល​ត្រាក់ទ័រ​។​មិនយូរប៉ុន្មាន​ប្រជាជន​ក៏​អស់​ភាព​អត់ធ្មត់​ជាមួយ​បក្ស​វៀតណាម​ហើយ​សម្រេចចិត្ត​ធ្វើបាតុកម្ម​នៅ​ស្រុក​ម៉ុក​វ៉ា ដែល​រួមមាន​ប្រជាជន​ក្នុង​ឃុំ​តិ​ន​ឡិ​ប ឃុំ​ប៊ិ​ញ​វ៉ា​តិ​ន និង​ឃុំ​តា​ញ់​វ៉ា​។ រហូតដល់​ខែកក្កដា ឆ្នាំ​១៩៧៧ បក្ស​វៀតណាម​បាន​ប្រើប្រាស់​នយោបាយ​ដោយ​ចង់​បំបាត់​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាង​ព្រៃផ្សៃ​បំផុត​។ បក្ស​វៀតណាម​បាន​អនុវត្ត​ផែនការ​ចាប់ចង និង​ដាក់គុក​ច្រវាក់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​ម៉ុក​វ៉ា​ទាំងអស់​ជា​បន្តបន្ទាប់​តាម​គ្រប់​កលល្បិច​។ នៅ​ដើមឆ្នាំ​១៩៧៨ កងពល​លេខ​៨ ដែល​ឈរជើង​នៅ​ស្រុក​ម៉ុក​វ៉ា បាន​បាញ់សម្លាប់​ប្រជាជន​ម្នាក់​ដើម្បី​ប្លន់​យក​ត្រី​។ បន្ទាប់មក បក្ស​វៀតណាម​បាន​និយាយ​កុហក​ប្រជាជន​ថា កងទ័ព​កម្ពុជា​ជា​អ្នកបាញ់​សម្លាប់​។ មិនតែប៉ុណ្ណោះ ទាហាន​កងពល​លេខ​៨​នេះ ក៏បាន​ផ្លោង​គ្រាប់កាំភ្លើង​ទំហំ​៨០​មី​លី​ម៉ែត្រ ឆ្ពោះទៅ​ភូមិ​សុក​មួន ចំ​ប្រជាជន​មួយក្រុម​ដែល​កំពុង​ដើរ​រើស​កួរស្រូវ​ក្នុង​ស្រែ​ដែល​ច្រូតកាត់​រួចហើយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​៤​នាក់​។​

កងទ័ព​វៀតណាម​ដែល​ខ្មែរក្រហម​ចាប់ខ្លួន​មក​ឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ឬ​គុក​ទួលស្លែង​

​នៅ​ខែឧសភា ឆ្នាំ​១៩៧៨ ក្មួយ​ខ្ញុំ​ឈ្មោះ ផាន គិញ មកពី​ខេត្ត​តៃនិញ បាន​និយាយប្រាប់​ខ្ញុំ​ថា ទាហាន​កងពល​ទី​៩ ពួក​ធី​វ​គី និង​អ្នក​កាន់សាសនា​វ៉ា​ហាវ​នៅ​ភ្នំ​ដូន​ខ្មៅ បាន​វាយ​តទល់​ជាមួយ​ទាហាន​វៀតណាម​ជាប់​រហូតមក ហើយ​សព្វថ្ងៃនេះ​ក៏បាន​ផ្លោង​កាំភ្លើង​ធំ​ដាក់​ក្រុង​តៃនិញ​ជា​ញឹកញាប់​ដែរ​។ ក្នុង​ខែឧសភា​នេះ មាន​លោកយាយ​ម្នាក់ អាយុ​៨០​ឆ្នាំ បាន​និយាយប្រាប់​ខ្ញុំ​ថា គួរ​ឲ្យ​ខ្លោចផ្សា​ណាស់ ដែល​បក្ស​វៀតណាម​កាប់សម្លាប់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ម្ចាស់​ទឹកដី​នេះ​យ៉ាង​ព្រៃផ្សៃ​។ បក្ស​វៀតណាម​បាន​យក​កប៉ាល់​ថុង​ញឹក ទៅ​ដឹក​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឃុំ​តិ​ន​ឡិ​ប ឃុំ​ថា​ញ់​វ៉ា និង​ឃុំ​ប៊ិ​ញ​វ៉ា​តិ​ន ទៅ​ច្រាន​ទម្លាក់​ទឹកទន្លេ​ឡុង​អាន​អស់​រាប់រយ​ពាន់​នាក់​។ ហេតុការណ៍​ទាំងនេះ​បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម នឹកឃើញ​ដល់​រឿង​កំពប់​តែ​អុង​សម័យ​ទ្រឿ​ង​មិញ​យ៉ាង មកវិញ​។ ពេលនោះ ខ្មែរ​កម្ពុជា​ក្រោម ក៏​ងើបឈរ​ឡើងវិញ​ដើម្បី​តស៊ូ​វាយ​បក្ស​វៀតណាម​ដណ្តើម​អាវុធ ហើយ​បន្ត​ការតស៊ូ​យ៉ាងខ្លាំង​ក្លា​បំផុត​។​

​នៅ​ខែមិថុនា ឆ្នាំ​១៩៧៨ បក្ស​វៀតណាម​បាន​ដឹកនាំ​ទ័ព និង​កាំភ្លើង​ធំ​មក​ត្រៀម​នៅ​ព្រំដែន​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូចជា​នៅ​ប៊ិ​ញ​ចូ​វ ព្រែក​ទៀន​ប៊ិ​ញ និង​នៅ​យូ​ម៉​ង់​ដា​។ ដល់​ខែកក្កដា ក្នុង​ឆ្នាំ​ដដែល រដ្ឋការ​ខេត្ត​ឡុង​អាន​បាន​ដើរ​ឧបាយកល​ខ្ចី​ស្រូវ​ប្រជាជន ដោយ​ប្រជាជន​មិនអាច​ប្រកែក​តវ៉ា​បានឡើយ​។ ប្រជាជន​ក៏​ចាប់ផ្តើម​អត់ឃ្លាន និង​ស្លាប់​ជា​បន្តបន្ទាប់​។ រហូតដល់​ខែសីហា ក៏មាន​ទឹកជំនន់​ជន់​លិច​ភាគខាងត្បូង​ប្រទេស​វៀតណាម ហើយ​ប្រជាជន​រាប់សិប​ពាន់​នាក់​បាន​លង់ទឹក និង​ដាច់ពោះ​ស្លាប់​ទៀតផង​។ ប្រជាជន​នៅក្នុង​ឃុំ​តិ​ន​ឡិ​ប​ចាប់ផ្តើម​ស្លាប់​មួយថ្ងៃ​ពី​១០​ទៅ​២០​នាក់​។ ក្រោយមក រដ្ឋការ​វៀតណាម​តាម​ភូមិ ឃុំ ស្រុក ក៏បាន​យក​ឱកាស​នេះ​ដើម្បី​សុំ​ជំនួយ​ពី​បរទេស​ធ្វើជា​នុយ ក្នុង​ការបោក​បញ្ឆោត​ប្រជាជន​ថា «​ប្រសិនបើ​ឲ្យ​កូនៗ​ទៅធ្វើ​ទាហាន​ឈ្លានពាន​កម្ពុជា ជំនួយ​ទាំងនេះ​នឹងត្រូវ​ប្រគល់​ឲ្យ​អ្នក​ទាំងអស់គ្នា​»​។ ជាក់ស្តែង បក្ស​វៀតណាម​នេះ​មិនបាន​ប្រគល់​អង្ករ​សូម្បី​តែមួយ​គ្រាប់ ឲ្យ​ប្រជាជន​នោះទេ​។ ត​ទៀត បង ត្រិ​ន វ៉ាន់​ដូ បង​ត្រិ​ន វ៉ាន់​ដុង និង​បង​ងៀង​ធី​កក់ បាន​និយាយថា គាត់​ត្រូវបាន​ពួក​រដ្ឋការ​កេណ្ឌ​ឲ្យ​ជញ្ជូន​ជំនួយ​ពី​បរទេស ដើម្បី​ប្រគល់​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ប៉ុន្តែ​ពួក​រដ្ឋការ​បាន​បញ្ជា​ឲ្យ​ខ្ញុំ​យកទៅដាក់​នៅក្នុង​ឃ្លាំង​យោធា ហើយ​ត្រូវ​ហែក​ផ្លាក​បំបាត់​ភ័ស្តុតាង​មិន​ឲ្យ​ប្រជាជន​ដឹង និង​ស្គាល់​ទៀតផង​។​

កងទ័ព​វៀតណាម​ដែល​ខ្មែរក្រហម​ចាប់ខ្លួន​មក​ឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ឬ​គុក​ទួលស្លែង​

​ពេល​ទឹកជំនន់​ក្នុងឆ្នាំនេះ​រដ្ឋការ​វៀតណាម​ក៏បាន​ដឹក​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​ម៉ុក​វ៉ា​ជាច្រើន​កប៉ាល់​យកទៅ​ទម្លាក់​ទឹកទន្លេ​ទៀង​ញ៉​ង​ជិត ដែល​ស្ថិតនៅ​ទីប្រជុំជន​ខេត្ត​ឡុង​អាន​។ ដល់​ខែកញ្ញា ឆ្នាំ​១៩៧៨​នេះ ឡេ វ៉ាន់​ជី ដែលជា​ប្រធាន​ឃុំ​របស់ខ្ញុំ បាន​លួច​ទូក​ប្រជាជន​លក់​ឲ្យ​ឈ្មួញ និង​លួច​អង្ករ​ពី​ឃ្លាំង​រដ្ឋ​ដាក់​ទូក​ទៅ​លក់​នៅឯ​ព្រៃនគរ​។ ប្រជាជន​ចំនួន​៥០​ទូក ក៏បាន​ធ្វើបាតុកម្ម​ទាម​ទារ​អង្ករ និង​បាន​បរិហារ​អំពី​សកម្មភាព​ដែល​លួច​អង្ករ និង​លួច​ទូក​របស់ខ្លួន​។ នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ ប្រជាជន​ភូមិ​លេខ​៤ ព្រែកជីក​លេខ​១២ ចំនួន​៤២​នាក់ ព្រមទាំង​មាន​កូនស្រី​របស់ខ្ញុំ​ពីរ​នាក់​ផ្សេងទៀត បានធ្វើ​បាតុកម្ម​វាយ​ឃ្លាំង​ស្រូវ និង​ឃ្លាំង​កន្ទក់​របស់​កងពល​លេខ​៨ នៅ​ភូមិ​ទៀន​ថា​ញ់ ស្រុក​ម៉ុក​វ៉ា​។ មួយ​រំពេច​នោះ ស្រាប់​តែមាន​ទាហាន​កងពល​លេខ​៨ នាំគ្នា​មក​ព័ទ្ធ​បាញ់ ហើយ​មាន​ប្រជាជន​រងរបួស​ចំនួន​បីនាក់ និង​ចាប់បាន​ប្រជាជន​ផ្សេងទៀត​។​

​រហូតដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​១៩៧៨ ឈ្មោះ ឡេ វ៉ាន់​ជី នាទី​ប្រធាន​ឃុំ និង​ឈ្មោះ ក្វាន នាទី​ប្រធាន​នគរបាល​ឃុំ​តិ​ន​ឡិ​ប បាន​បញ្ជា​ឲ្យ ហាយ វិ​ន ប្រធាន​ស្រុក​ម៉ុក​វ៉ា ចាត់តាំង​ខ្ញុំ​ឲ្យ​ចូល​ស៊ើប​ការ​នៅ​ភូមិ​ចន្ទ្រា ខេត្តស្វាយរៀង ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​បក្ស​វាយ​កម្ពុជា​នៅ​រដូវប្រាំង​ខាងមុខនេះ​។ ពេលនោះ ខ្ញុំ​ក៏បាន​ប្រកែក​តវ៉ា​ដែរ ប៉ុន្តែ​មិនបាន​សម្រេច​ឡើយ​។ ម្យ៉ាងទៀត ខ្ញុំ​ក៏​ព្រួយបារម្ភ​អំពី​អាយុជីវិត​ប្រពន្ធ​កូន​ខ្ញុំ​ដែរ ទើប​ខ្ញុំ​បា​នស​ម្រេ​ចិត្ត​ធ្វើតាម​បង្គាប់បញ្ជា​របស់​ថ្នាក់លើ​។ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៧៨ ឈ្លប​របស់ ឡេ វ៉ាន់​ជី បាន​ជូន​ខ្ញុំ​ទៅ​ព្រំដែន​កម្ពុជា ហើយ​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ចូល​ភូមិ​ចន្ទ្រា ក្នុង​ខេត្តស្វាយរៀង​ភ្លាមៗ​។ ក្រោយ​នោះ​បន្តិច ខ្ញុំ​ក៏​ធ្លាក់ចូល​ក្នុង​ដៃ​កងឈ្លប​របស់​កម្ពុជា​តែម្តង​៕ ល​