​អគារសិក្សា​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​នៅ​ស្រុក​កោះសូទិន​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​

96

(​កំពង់ចាម​)៖​អគារសិក្សា​មួយ​ខ្នង​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​សប្បុរសជន នៃ​គ្រួសារ​មួយ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាលពី​ចុង​សប្តាហ៍​នេះ​។​

​លោក ផេ​ន សុផល អភិបាលស្រុក​កោះសូទិន​បាន​បញ្ជាក់ថា អគារ​ជា​ថ្នាក់រៀន​មួយ​ខ្នង​មាន​ចំនួន ៥​បន្ទប់​បាន​រៀប​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នាពេលនេះ គឺជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមគ្រួសារ​ឧបាសក ជុ​យ លាង​ហួង​។ ដោយ​បានមក​ជំនួស​អគារ​ចាស់​ទ្រុឌទ្រោម ស្ថិតក្នុង​អនុវិទ្យាល័យ​ពង្រ ឃុំ​ពង្រ ស្រុក​កោះសូទិន​។​

​លោក​អភិបាលស្រុក​បាន​បន្តថា អគារ​មួយ​ខ្នង​ដែលមាន​តម្លៃ ៧៤.៩៨៨ ដុល្លារ​នេះ គឺ​បានមក​បង្គ្រប់​អគារសិក្សា​សរុប​ចំនួន ១៤០ ខ្នង​ក្នុង​សាលា​សរុប​ចំនួន ៥៩​កន្លែង​នៅ​ទូទាំង​ស្រុក​កោះសូទិន​។ ក្នុងនោះ​មាន​មតេយ្យ​សិក្សា​ចំនួន ១១ កន្លែង ស្មើនឹង ១១​ខ្នង​, បឋមសិក្សា​ចំនួន ៣៣ កន្លែង ស្មើនឹង ៩៥​ខ្នង , អនុវិទ្យាល័យ​ចំនួន ១១ កន្លែង​ស្មើនឹង ៧​ខ្នង និង​វិទ្យាល័យ​ចំនួន ៤​កន្លែង​ស្មើនឹង ២៧​ខ្នង​។​
​ ​
លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រួសារ​លោក ជុ​យ លាង​ហួង ដែល​បាន​ចំណាយ​នូវ​ធនធាន​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ផ្តល់នូវ​អគារសិក្សា​មួយ​ខ្នង ដល់​អនុវិទ្យាល័យ​ពង្រ ក្នុងស្រុក​កោះសូទិន​នេះ​។ អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ក៏​ជា​រង្វាន់​ទុក​សម្រាប់​កូន ចៅ​នៅក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន និង​ក៏​ជាការ​ចូលរួមចំណែក​លើ​ក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ​៕S/​ដោយ​: គង់​ហេង

​អគារសិក្សា​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​នៅ​ស្រុក​កោះសូទិន​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​