​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនៈ​២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​!

108
ចែករម្លែក
លោក Shen Haixiong អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​

ប្រែ​សម្រួលៈ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​
ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ លោក Shen Haixiong អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​ដើម្បី​សម្តែង​ការអបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ជូន​ចំពោះ​ប្រិយមិត្ត​អន្តរជាតិ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​តាមរយៈ​វិទ្យុ​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ីនធឺណិត​។​


​ ​សុន្ទរកថា​បានសរសេរថា​ប្រិយមិត្ត​ជាទី​មេត្រី​!​។ ២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​និង​ល្អ​បវរ​មួយ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចិន​ក៏បាន​ពន្យល់​លេខ​នេះ​ថា បើ​អាន​ជា​ភាសា​ចិន​គឺ​“Ai Ni Ai Ni”​ដែល​មានន័យថា ស្រឡាញ់​អ្នក ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២០ ក្នុងនាម​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន លោក​សូម​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ជូន​ចំពោះ​ប្រិយមិត្ត​ពី​ក្រុង​ប៉េកាំង ។​


​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​គឺ​សរសេរ​ដោយ​ខណៈពេល​នីមួយៗ ។ ក្នុងពេល​ជាច្រើន​នៅ​ឆ្នាំ​២០១៩ បានក្លាយ​ជាការ​ចងចាំ​អមតៈ ។ កាលពី​ថ្ងៃទី​១​ខែតុលា ពួកយើង​បាន​អបអរសាទរ​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ប្រិយមិត្ត​បាន​ចែករំលែក​ដំណើរ​ប្រវត្តិសាស្ត្រ​មិនធម្មតា​ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ភាពយន្ត​ឯកសារ​ពហុ​ភាសា​ក្រោម​ចំណងជើង​ថា 《​យើង​ដើរ​ឆ្ពោះទៅមុខ​》​និង​ភាពយន្ត​ផ្សាយ​ផ្ទាល់​កម្រិត​គុណភាព​ច្បាស់​បំផុត ៤K ក្រោម​ចំណងជើង​ថា 《​ខណៈពេល​នេះ ពិធី​ព្យុហយាត្រា​កងទ័ព​ឆ្នាំ​២០១៩》​ដែល​ផ្សព្វផ្សាយ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ។ លោក Francesco Maringio អ្នកជំនាញ​របស់​អ៊ីតាលី​លើ​បញ្ហា​ប្រទេស​ចិន​បាន​សរសេរ​ដោយ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួលបាន​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លងទៅ ហើយ​លោក​សម្គាល់ថា ប្រជាជន​ចិន​ពិត​ជាមាន​មោទនភាព​ចំពោះ​ការ​នេះ ។​


ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ យើង​បាន​ខិតខំ​ចាប់យក​រាល់ពេល​វេលា​ដ៏​អស្ចារ្យ​នៃ​ការឈាន​ទៅមុខ​របស់​ប្រទេស​ចិន ដើម្បី​បង្ហាញ​ដល់​ពិភពលោក​នូវ​យុគសម័យ​ថ្មី​ដែល​ប្រកបដោយ​ភាពប្រាកដប្រជា និង​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ចិន​។ យើង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​និង​វិធីសាស្ត្រ​សោតទស្សន៍​បែប 5G+4K/8K+AI និង​បានធ្វើការ​ផ្សព្វផ្សាយ​ដោយ​ជោគជ័យ​នូវ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​និង​សំខាន់ៗ​មួយចំនួន​ដូចជា វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី “​ខ្សែក្រវាត់​និង​ផ្លូវ​” , កិច្ចប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី , ការអបអរសាទរ​ខួប​គម្រប់ ២០ ឆ្នាំ​នៃ​ការវិលត្រឡប់​របស់​ម៉ា​កាវ​មកកាន់​មាតុប្រទេស​វិញ​ជាដើម​។ ខ្សែភាពយន្ត​ជា​ពហុ​ភាសា​ដែល​យើង​បានចេញ​ផ្សាយ​ដូចជា « រឿងនិទាន​និង​ឃ្លា​កំណាព្យ​ដែល​លោក ស៊ី ជីន​ភីង ចូលចិត្ត​ដកស្រង់ (Classics Quoted by Xi) » « ការ​ពិពណ៌នា​អំពី​រតនសម្បត្តិ​ជាតិ (Every Treasure Tells a Story) » …​បាន​បើក​បង្អួច​ឱ្យ​ប្រិយមិត្ត​ទាំងអស់​បាន​ស្វែងយល់​កាន់តែ​ស៊ី​ជ្រៅ​ពី​ទស្សនៈ​តម្លៃ​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​និង​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​ប្រទេស​ចិន ។ សកម្មភាព​ជួបជុំ​ជាមួយ​ប្រិយមិត្ត​ទូទាំង​សកលលោក​ក្រោម​ប្រធានបទ “ ធ្វើដំណើរ​ជាមួយ​ប្រទេស​ចិន ” កម្មវិធី​ផ្សព្វផ្សាយ​បែប​ច្នៃប្រឌិត​ថ្មី​ក្រោម​ប្រធានបទ “ សប្បាយ​ចិន​-​រុស្ស៊ី ” និង​ពិ​ធិ​ករ​ល្បី​តាម​អ៊ីនធឺណិត​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ភាសា​– ។ កម្មវិធី​ទាំងនេះ​បាន​ជួយ​ឱ្យ​ប្រិយមិត្ត​កាន់តែច្រើន​ជាប់ចិត្ត​ជាមួយ​ប្រទេស​ចិន​និង​គាំទ្រ​ប្រទេស​ចិន​។​


អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​បង្កើតឡើង​មាន​រយៈពេលពីរឆ្នាំ​មកហើយ ប៉ុន្តែ​យើងខ្ញុំ​ដឹង​ច្បាស់​ថា នៅក្នុង​យុគសម័យ​បណ្តាញ​អ៊ី​ធឺ​ណិ​ត​នេះ បើសិន​មិនអាច​វិ​វ​ឌ្ឍ​ទៅមុខ​ឬ​វិ​វ​ឌ្ឍ​យឺតៗ នោះ​គឺជា​ការដើរថយក្រោយ​ហើយ ។ យើងខ្ញុំ​ចងចាំ​ជានិច្ច​ចំពោះ​អនុសាសន៍​របស់លោក​ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​ដែល​តម្រូវឱ្យ​ប្រកាន់ខ្ជាប់​នូវ​យុត្តិធម៌​និង​ការច្នៃប្រឌិត​ថ្មី ដើម្បី​កសាង​និង​ប្រើប្រាស់​ឱ្យបាន​ល្អ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​និង​វេទិកា​ថ្មី ។ យើងខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឆ្ពោះទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សំខាន់​បែប​ថ្មី​លំដាប់​ទីមួយ​លើ​ផ្ទៃ​អន្តរជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ។ ក្នុង​ឆ្នាំ ២០១៩​នេះ យើងខ្ញុំ​បាន​បង្កើត​និង​ចាប់ផ្តើម​ដំណើរការ​នូវ​បន្ទប់ពិសោធន៍​ដ៏​សំខាន់​ថ្នាក់ជាតិ​ដំបូងបង្អស់​មួយ​សម្រាប់​ផលិត​កម្មវិធី​សោតទស្សន៍​UHD និង​បាន​បង្កើត​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី 5G ឈ្មោះ Yangshipin ។​ក្រៅ​នេះ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ យើងខ្ញុំ​បានធ្វើការ​កែទម្រង់​កម្ម​វិធី ដោយបាន​ដាក់ចេញ​កម្ម​វិធី​ល្អៗ​ជាង ២០០ ក្នុងន័យ​ផ្តល់​កម្មវិធី​ល្អៗ​កាន់តែច្រើន​ដល់​អ្នកប្រើប្រាស់ ។​


សេចក្តីរាយការណ៍​អំពី​ចំណុច​សំខាន់ៗ​នៅលើ​ពិភពលោក​ទាំងមូល​ប្រកបដោយ​គ្រប់​ជ្រុងជ្រោយ សត្យានុម័ត​និង​យុត្តិធម៌ គឺជា​បទដ្ឋាន​ដែល​យើង​តែងតែ​ប្រកាន់ខ្ជាប់​។ យើង​ប្រកាន់ខ្ជាប់​នូវ​អាកប្បកិរិយា​បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​ជាមួយ​សម​ភាគី​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព​គ្នា​។​នៅ​ឆ្នាំនេះ ខ្ញុំ​បាន​ជួប​សន្ទនា​និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជាមួយ​អ្នកទទួលខុសត្រូវ​នៃ​បណ្តា​សម​ភាគី​សារព័ត៌មាន​អន្តរជាតិ ចំនួន ជាង ១៥០ ដែល​រួមមាន ទីភ្នាក់ងារ ព័ត៌មាន Associated Press ទីភ្នាក់ងារ ព័ត៌មាន Reuters ទីភ្នាក់ងារ ព័ត៌មាន Agence France-Presse និង ទីភ្នាក់ងារ ព័ត៌មាន BBC ជាដើម​។​គ្រប់ភាគី​ទាំងអស់​មានការ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​កាន់តែច្រើន​ឡើងៗ ហើយ​រង្វង់​មិត្តភក្តិ​មួយ​ត្រូវបាន​បន្ត​ពង្រីក​ឥតឈប់ឈរ​។​


​ព្រម​ពេល​ជាមួយគ្នានេះ ខ្ញុំ​ក៏​សោកស្តាយ​ដែល​បាន​ឃើញថា មិនដឹង​មកពី​មូលហេតុ​អី ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​មួយចំនួន​បាន​ផ្សព្វផ្សាយ​ដោយ​ភាព​ងងឹតងងល់​ក្នុង​ព័ត៌មាន​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។​សូម្បីតែ​ពាក្យ​ចចាមអារ៉ាម​ក៏​អាច​បាន​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​បានដែរ ហើយ​បណ្តាលឱ្យ​បាត់បង់​ភាពត្រឹមត្រូវ​នៃ​ខ្លឹមសារ​ព័ត៌មាន​។​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ក៏​មិន​ខុសពី​រឿង​ប្រលោមលោក​អក្សរសាស្ត្រ​ដែរ​។​យើងទាំងអស់គ្នា​ជឿជាក់ថា អង្គហេតុ​គឺជា​អាយុជីវិត​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​។​ប្រសិនបើ​អ្នក​ពឹងផ្អែក​លើ​ការ​ស្រមើល​ស្រមៃ​ក្នុងការ​ផ្សព្វផ្សាយ​និង​យល់ច្រឡំ​ព័ត៌មាន​ថា​ជា​រឿង​ប្រលោមលោក នោះ វា​នឹង​ធ្វើឱ្យ​បាត់បង់​នូវ​ភាពជឿជាក់​ពី​សាធារណជន​។​ការ​នេះ​ក៏​ត្រូវបាន​អ្នកទទួលខុសត្រូវ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​នីមួយៗ​ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​
លោក William Hazlitt អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស​ក្នុង​សតវត្ស​ទី ១៨ បាន​ពោល​នូវ​ឃ្លាប្រយោគ​ដ៏​ល្បីល្បាញ​មួយ​ថា “ ការរើសអើង​គឺ​កំណើត​នៃ​ភាពល្ងង់ខ្លៅ​។ ការស្វែងរក​ការពិត​និង​លុបបំបាត់​ការរើសអើង គឺមាន​តម្លៃ​ខ្លាំងណាស់ ។ អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​សត្យានុម័ត​និង​យុត្តិធម៌ ដើម្បី​ផ្សព្វផ្សាយ​នូវ​ការពិត​និង​សំឡេង​យុត្តិធម៌​ទៅកាន់​សហគមន៍​អន្តជាតិ ។​


កវី​ចិន​ម្នាក់​ឈ្មោះ​Zhang Jiuling នៅ​រជ្ជកាល​ថា​ង​ធ្លាប់​សរសេរថា អ្នកដឹង​ចិត្ត​គ្នា​មិន​បែងចែក​ជិត​ឬ​ឆ្ងាយ​ទេ ទោះបី​ឃ្លាត​គ្នា​ម៉ឺន​យោជន៍​ក៏ដូចជា​អ្នកជិតខាង​ដែរ ។ យើង​ជួបជុំ​និង​រួមរស់​នៅលើ​ផែនដី​នេះ វា​គឺជា​និស្ស័យ​ម្យ៉ាង ។ ដូចជា​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រេ​ស៊ី​ល​និង​អា​ហ្ស​ង់​ទីន ខ្ញុំ​បានឃើញ​ផ្កា​និង​ឮ​សំឡេង​បក្សី​ដូចគ្នា​នឹង​ពេលដែល​ខ្ញុំ​ធ្លាប់​ឃើញ​និង​ឮ​នៅ​ខេត្ត​ក្វាង​តុង​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ ។ នៅ​អ៊ីតាលី​និង​អេ​ស្ប៉ា​ញ ខ្ញុំ​បាន​ភ្លក់​ស្រា​អង្ក​ដំណើប​និង​បន្ទះ​សាច់​ងៀត​ស្រដៀង​នឹង​ខេត្ត​ជឺ​ជាំ​ង​ដែលជា​ស្រុកកំណើត​របស់ខ្ញុំ ។ គំនិត​ស្តីពី​“​ផែនដី​ដូចជា​ភូមិ​មួយ​”​គឺ​ជាក់ច្បាស់​និង​ពិតប្រាកដ​អ៊ីចឹង ។ គ្មាន​មូលហេតុ​សម្រាប់​ប្រជាជន​ក្នុងភូមិ​នេះ​មិនឱ្យ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​និង​ផ្លាស់ប្តូរ​គ្នា​នោះទេ ។ ខ្ញុំ​តែងតែ​យល់ឃើញថា ការផ្លាស់ប្តូរ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អាច​បំបាត់រ​បាំងគំនិត​និង​ទោសាគតិ ធ្វើឱ្យ​មនុស្ស​កាន់តែ​ច្រើនឡើងៗ​ក្លាយជា​មិត្តភក្តិ ។​
ឆ្នាំ ២០២០ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការបញ្ចប់​ការកសាង​សង្គម​ដែល​ប្រជាជនមាន​ជីវភាព​រស់នៅ​កម្រិត​ធូរធារ​បង្គួរ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ចិន ហើយនឹង​និយាយ​ពាក្យ​លា​ភាពក្រីក្រ​ខ្លាំង​ចំពោះ​ប្រទេសមួយ​ដែលមាន​ប្រជាជន​ចំនួន ១៤០០ លាន​នាក់​នេះ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ សម្រាប់​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន នឹង​បន្ត​កត់ត្រា​នូវ​យុគសម័យ​ប្រកបដោយ​ឧត្តមភាព​និង​ស្វែងរក​ភាពល្អ​ឥតខ្ចោះ​តាម​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ផ្សព្វផ្សាយ​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​ចិន​និង​ពិភពលោក​ជូន​ដល់​ប្រិយមិត្ត ដើម្បី​បញ្ចូល​ថាមពល​វិជ្ជមាន​កាន់តែច្រើន​ដល់​ការកសាង​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ​។​
2020, ក្តី​ស្រឡាញ់​គ្រប់​ដណ្តប់​មនុស្សលោក !
ជូនពរ​ប្រទេស​ចិន ជូនពរ​ពិភពលោក ជូនពរ​អស់លោកអ្នក​!៕សរន