​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រកាស​ប្តឹង សម រង្ស៊ី រឿង​ញុះញង់​កងទ័ព​

440

ភ្នំពេញៈ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បានប្រកាស​ជា​ផ្លូវការ​ប្តឹង​ទណ្ឌិត​សម រង្ស៊ី អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ទៅកាន់​តុលាការ​ពីបទ​ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។ ការប្រកាស​ប្តឹង​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ នៅ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ធ្វើ​សន្និសីទកាសែត​ប្រកាស​ប្តឹង​ទណ្ឌិត សម រង្ស៊ី (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ការប្រកាស​ប្តឹង​នេះ​គឺ​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ថា “​សូម​កងកម្លាំងប្រដាប់អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើតាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់ប្រហារ​និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ថា “​ការប្តឹង​ទណ្ឌិត សម រង្ស៊ី គឺ​សមរង្ស៊ី ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​។ ការប្តឹង​នេះ​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ​។ អ្វីដែល​ទណ្ឌិត សម រង្ស៊ី បានប្រកាស​គឺ​ប៉ះពាល់​ដល់​វិន័យ​កងទ័ព ,​លក្ខន្តិកៈ​កងយោធពល​ខេមរភូមិន្ទ​និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។ទង្វើ​ទណ្ឌិត សម រង្ស៊ី ជា​អំពើ​ក្បត់ជាតិ​”​។
​លោក​បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​២-៥ ខែធ្នូ បាន​ស្តាប់​សម្តី​របស់​ទណ្ឌិត​ឈ្មោះ សម រង្ស៊ី ដែលជា​ជន​ក្បត់ជាតិ​បានធ្វើ​ការសម្ភាស និង​បានប្រកាស​ឲ្យ​កងទ័ព​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុងនាម​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ សូម​ប្រកាស​ដាច់​អ​ហំ​ង្កា​រថា ត្រូវតែ​តស៊ូ​វិញ​នឹង​រៀបចំ​ឲ្យ​មេធាវី​ដាក់ពាក្យ​ប្តឹង​ដើម្បី​ឲ្យទណ្ឌិត​នេះ ទទួល​នូវការប្តឹង​របស់​កងយោធពល​ខេមរភូមិន្ទ ផ្អែក​ទៅតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​នាយ​ឧ​ត្ត​ម​សេនីយ៍បាន​បន្តថា ការប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅ​តុលាការ​គឺ​ពីបទ​ប្រកាស​ឲ្យ​កងទ័ព​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​។​ការប្តឹង​នេះ ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ​។ ការប្តឹង​នេះ អាច​នៅ​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឬ​នៅ​ថ្ងៃទី​៧ ខែធ្នូស្អែក​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បញ្ជាក់ថា​អ្វីដែល​ទណ្ឌិត សម រង្ស៊ី ប្រកាស​បែបនេះ ក្នុងនាម​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ធ្វើ​ឲ្យ​មេធាវី​ប្តឹង​ជន​ក្បត់ជាតិ សម រង្ស៊ី ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​
​ជុំវិញ​ការប្រកាស​របស់​ទណ្ឌិត សម រង្ស៊ី គឺ​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​បាន​ប្រតិកម្ម និង​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​៕​MN/
ដោយៈ មុនី​រ័ត្ន​, ស រិ​ទ្ធ​