​អគ្គមេបញ្ជាការ ខ​.​ភ​.​ម កោតសរសើរ​និង​ផ្តល់​ឱវាទ​ដល់​កង​យោធា​

1403
ចែករម្លែក

​ដោយៈ​យោធិន​/​កំ​ពតៈ​ពី​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ខេត្តកំពត នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​បាញ់​ត្រួតពិនិត្យ​នៃ​ការហ្វឹកហ្វឺន​លំ​ហាត់​ហនុមាន​មាស​ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល​សារឿន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រភេទ​ទ័ព ទ័ព​ជំនាញ​។​

​អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បញ្ជាការដ្ឋាន​អង្គរក្ស កងពលតូច​ថ្មើរជើង​លេខ​៧០ ទីចាត់ការ​ហ្វឹកហ្វឺន និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​យ៉ាង​ក្លៀវក្លា​ក្នុងការ​ហ្វឹកហ្វឺន​លំ​ហាត់​ហនុមាន​មាស​ឆ្នាំ​២០១៨ និង​បាន​បាញ់​ត្រួតពិនិត្យ​នា​ថ្ងៃនេះ ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ខ​.​ភ​.​ម បាន​ថ្លែង​បញ្ជាក់​បន្តថាៈ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក្សាបាន​យ៉ាងរឹងមាំ​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាជន ខឿន​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស រក្សាបាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ជាតិ ឱ្យ​កាន់តែ​រីកចម្រើន​។

កត្តា​សុខសន្តិភាព បានផ្តល់​ឱកាស​មាស ឱ្យ​កងយោធពល​ខេមរភូមិន្ទ ខិតខំ​ពង្រឹងសមត្ថភាព គុណភាព​របស់ខ្លួន​តា​មរយៈ​ការហ្វឹកហ្វឺន ដូចដែល​យើង​បានឃើញ​នៅថ្ងៃនេះ​។ ការ​ហ្វឹក​ហ្វឺ​នេះ ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និង​វាស់​ស្ទង់​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស ដើម្បី​ធ្វើជា​របង​ដ៏​រឹងមាំ​នៃ​កិច្ច​ការពារជាតិ ថែរក្សា​សន្តិភាព ការពារ​បូរណភាព​ទឹកដី ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​មិន​ឈ្លានពាន​គេ ហើយក៏​មិន​អនុញ្ញាត​ឱ្យគេ​ឈ្លានពាន​សូម្បី​តែមួយ​មី​ល្លី​ម៉ែត្រ​បានឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល​សារឿន​បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវខិតខំ​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន រៀបចំ​កែលម្អ​យុទ្ធោបករណ៍​និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស សំដៅ​សម្រេចបាន​ជោគជ័យ​ក្នុង​ការបាញ់​គ្រាប់​ពិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​៣០ ខែឧសភា ខាងមុខនេះ ៕S/

ចំណងជើង​រូបៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល​សារឿន​អគ្គមេបញ្ជាការ ខ​.​ភ​.​ម អញ្ជើញ​ជា​អធិបតី ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​លំ​ហាត់​ហនុមាន​មាស នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន ខេត្តកំពត​។​