​អគ្គលេខាធិការ​គុន​ដាវ ថា​វៀតណាម​ខ្លាំងជាងគេ ក្នុង​តំបន់​អាស៊ាន​

355
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ លោក សុខ អាង អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ លើ​ប្រភេទ​កីឡា​គុន​ដាវ ប្រទេស​វៀតណាម ជា​ប្រទេស ដែល​ខ្លាំងជាងគេ ។​

​លោក​បាន​បន្តថា វៀតណាម ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ កីឡា​អូឡាំពិក បាន​ចំនួន ៣ លើក​ជាប់ៗ​គ្នា ហើយ​ក្រៅពីនោះ ប្រទេស​សឹង្ហ​បូរី ហ្វីលីពីន ឥណ្ឌូណេស៊ី និង ថៃ ក៏​ខ្លាំង​ដែរ ។ សម្រាប់​កីឡា​គុន​ដាវ​កម្ពុជា ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នានា នៅក្រៅ​ប្រទេស​ជាច្រើន​មែន តែ​ជួន​ក៏បាន​លទ្ធផល​ល្អ ជួន​ក៏​មិនសូវ​បានល្អ​ដែរ​ទេ ។​

​ស​ព្ធ​ថ្ងៃនេះ គុន​ដាវ​កម្ពុជា បង្វឹក​ដោយ​គ្រូ​ជនជាតិ​បារាំង គឺ​លោក Bruno Gaby ដែល​លោក​បាន​មកជួយ​បង្ហាត់ ដល់​កីឡាករ កីឡាការិនី​កម្ពុជា អស់​ជាច្រើន​ខែ​មកហើយ ។ បន្ទាប់ពី​ហាត់​ជាមួយ​គ្រូ​បារាំង​មក កីឡា​គុន​ដាវ​កម្ពុជា មានការ​រីកចម្រើន​ខ្លាំង​គ្រាន់បើ ។​

​សម្រាប់​ការចូលរួម ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​សឹង្ហ​បូរី នា​ចុងខែ​វិច្ឆិកា ខាងមុខនេះ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា នឹង​បញ្ជូន​កីឡាករ ៣ រូប និង កីឡាការិនី ៣ រូប ទៅ​ចូលរួម​ប្រកួត ។​

កីឡាករ កីឡាការិនី​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម​

​កីឡាករ​ទាំង ៣ រូបនោះ មាន​កីឡាករ ហុង តាំង​ជីន កីឡាករ សារឿន ស័ក​នុ និង កីឡាករ វ៉ា​ហ្គ អូ​មិញ​ស្គី​ហ្វ្រេ​ន​ធី​សិ​ដ្ឋ ប៊ូល ។ សូមបញ្ជាក់ថា កីឡាករ វ៉ា​ហ្គ អូ​មិញ​ស្គី​ហ្វ្រេ​ន​ធី​សិ​ដ្ឋ ប៊ូល រូបនេះ ជា​កូនកំព្រា ហើយ​គេ​ហ្វឹកហាត់​កីឡា​គុន​ដាវ​នេះ នៅ​អាមេរិក​តែម្ដង ។ ការ​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ គ្រូបង្វឹក​ជនជាតិ​អាមេរិក របស់គេ ក៏​មកជា​មួយ​ដែរ ។​

​ចំពោះ​កីឡាការិនី ៣ រូប​វិញ​នោះ មាន​កីឡាការិនី យី លីហ្សា កីឡាការិនី សន និ​ច និង​កីឡាការិនី ឆាយ លីន​លី ។ វិញ្ញាសា​ដែល​កម្ពុជា ត្រូវ​លេង​នៅក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​នោះ មាន​ដាវ​ធំ​ឯកត្តជន និង​ក្រុម ដាវ​តូច​ឯកត្តជន ដាវ​កាប់​ឯកត្តជន និង​ក្រុម ។​

​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំនេះ មាន​ប្រទេស​ចំនួន​១០ ចូលរួម​លេង​កីឡា​គុន​ដាវ​នេះ គឺ​មានតែ​ប្រទេស​ទី​ម័​រ ខាងកើត​ប៉ុណ្ណោះ ដែល​មិនទាន់មាន​ប្រភេទ​កីឡា​នេះ ៕v