​អគ្គលេខាធិការ​គ​.​ជ​.​បៈ គ​.​ជ​.​ប អនុវត្ត​សមត្ថកិច្ច​របស់ខ្លួន​ដោយ​អ​ព្យា​ក្រឹត្យ​

95
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​អនុវត្ត​សមត្ថកិច្ច​របស់ខ្លួន​ដោយ​អ​ព្យា​ក្រឹត្យ​។​ដូចនេះ​មន្ត្រី​បោះឆ្នោត​ទាំងអស់​ត្រូវ​លើកកម្ពស់​ការទទួលខុសត្រូវ​ខ្ពស់​និង​អនុវត្ត​ភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌​របស់​ម​ន្ត្រី​បោះឆ្នោត ។​ដើម្បី​ធានា​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ​សម្រេចបាន​ជោគជ័យ​។

នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ទេព​នីថា​អគ្គលេខាធិការ​គ​.​ជ​.​ប​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់​និង​មន្ត្រី​គ​.​ជ​.​ប​ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​កាល​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ទីស្តីកា​រគ​.​ជ​.​ប​។​លោក​បាន​បន្ថែមថា​ការចុះឈ្មោះ​បោះឆ្នោត​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដែល​ប្រើប្រាស់​បញ្ជី​បោះឆ្នោត​។​ការចុះឈ្មោះ​បោះឆ្នោត​គឺជា​តម្រូវការ​ជាមុន​នៃ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​។​

​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ពិសេស​យុវជន​យុវនារី​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​ការគ្រប់គ្រង​របស់ខ្លួន​គឺជា​គ្រឹះ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​រូបភាព​សំខាន់​មួយ​នៃ​ការចូលរួម​នោះ​គឺជា​សិទ្ធិ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​។​ការចុះឈ្មោះ​បោះឆ្នោត​ជា​ផ្នែក​មួយ​ដ៏​ចម្បង​នៃ​ការរៀបចំ​ការបោះឆ្នោត​។​ប្រទេស​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​បញ្ជី​បោះឆ្នោត​អចិន្ត្រៃយ៍​និង​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឬថា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ជា​រៀងរាល់ឆ្នាំ​។​

​អគ្គលេខាធិការ​គ​.​ជ​.​ប​ក៏បាន​ណែនាំ​ដល់​មន្ត្រី​គ​.​ជ​.​ប​ពិសេស​គ្រូបង្ហាត់​ដែលមាន​ភារកិច្ច​ជា​អ្នក​បណ្តុះបណ្តាល បន្ត​នៅតាម​រាជធានី ខេត្ត ដូចខាងក្រោម​៖ ត្រូវ​សិក្សា​ស្វែងយល់​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​លិខិតបទដ្ឋាន​របស់​គ​.​ជ​.​ប​ទាក់ទង​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​។​ពិសេស​ការអនុវត្ត​កម្មវិធី​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​ត្រៀម​រៀបចំ​សម្ភារ​ឧបទ្ទេស​និង​ត្រៀមលក្ខណៈ​សម្រាប់​ការធ្វើ​បទ​បង្ហាញ​និង​វិធីសាស្ត្រ​ក្នុងការ​បណ្ដុះបណ្ដាល​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ដល់​មន្ត្រី​លធ​.​ខ​ប​។​ត្រូវ​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បន្ត​ជូន​ដល់​លធ​.​ខ​ប​តំណាង​គណបក្សនយោបាយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់​គ​.​ជ​.​ប​តាម​ផែនការ​និង​ប្រតិទិន​ដែល​បានកំណត់​។​

​ណែនាំ​ដល់​លធ​.​ខ​.​ប​អំពី​ការងារ​បណ្តុះបណ្តាល​បន្ត​នៅ​ថ្នាក់​រាជធានី​ខេត្ត​និង​ការងារ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​អំពី​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​គោលការណ៍​ណែនាំ​របស់​គ​.​ជ​.​ប​និង​សហការ​ជាមួយ​លធ​.​ខ​ប​ដើម្បី​តាមដាន​លើ​ការងារ​នេះ ។​

​សូម​ជម្រាបជូន​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ គឺជា​ដំណើរ​ការធ្វើ​ប​ច្ចុ​ប្ប ន្ន ភាព​បញ្ជី​បោះឆ្នោត ដើម្បី​ធានា​ឱ្យបាន​បញ្ជី​បោះឆ្នោត​មួយ ដែលមាន​គុណភាព​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ​និង​មាន​បច្ចុប្បន្នភាព​។​ឆ្នាំ​២០២០​នេះ​គឺជា​លើក​ទី​៤​ហើយ​សម្រាប់​ការអនុវត្ត​ការងារ​ចុះឈ្មោះ​បោះឆ្នោត​និង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បើ​គិត​ចាប់ពី​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦៕S/

​រូប​ថ​តៈ​លោក​ឮ​ទេព​នីថា​អគ្គលេខាធិការ​គ​.​ជ​.​ប​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប​