​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF)​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា

139
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃ​ទី ២ ដល់ទី​៥​ខែធ្នូ​ឆ្នាំ ២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី ២ ខែ ធ្នូ​នេះ ។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា​៖​នេះ​គឺជា​ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​របស់​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ក្នុង​គោលដៅ ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អង្គការ OIF បន្ទាប់ពី​លោកស្រី​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​មក ។​ទស្សន កិច្ច​ផ្លូវការ​នេះ​ប្រព្រឹត្តទៅ​ក្នុងពេល​ដំណាលគ្នា​នឹង​មហាសន្និបាត​អភិបាលក្រុង​និយាយ​ភាសា​បារាំង​(AIMF) នៅ​រាជធានី​ភ្នំពេញ ដែលជា​ព្រឹត្តិការណ៍ ហ្វ្រ​ង់​កូ​ហ្វូ​ន​ដ៏​សំខាន់​មួយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ដែល​លោកស្រី​នឹង​អញ្ជើញ​ចូលរួម​ផងដែរ​។​

​នៅក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​ផ្លូវការ​នេះ​នៅ​រាជធានី​ភ្នំពេញ​លោកស្រី​អគ្គលេខាធិការ​នឹង​ចូល​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរ ម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ​និង​ពិភាក្សា​ការងារ​ជាមួយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ ជា​។​

​ក្រៅពីនោះ​លោកស្រី​ក៏​នឹង​អញ្ជើញ​ទៅ​ខេត្តសៀមរាប អញ្ជើញ​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ចូលរួម​ក្នុង​សិក្ខាសាលា​តំបន់​ស្តីពី​សកម្មភាព​ស្រាវជ្រាវ​ដែល រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​តំបន់​ហ្វ្រ​ង់​កូ​ហ្វូ​ន​អាស៊ី​-​ប៉ាស៊ីហ្វិក (CREFAP)​និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ទស្សនា​ថ្នាក់រៀន​ពីរ​ភាសា​នៃ​សាលា បឋមសិក្សា​វត្ត​បូ​ផងដែរ ។

​អង្គការ OIF ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៧០ ដោយ​បិតា​ស្ថា​បិ​ក​ចំនួន​៤ រូប គឺ​លោក Léopold Sédar Senghor ប្រមុខរដ្ឋ​ប្រទេស​សេ​ណេ​ហ្កា​ល់ ,​លោក Habib Bourguiba ប្រមុខរដ្ឋ​ប្រទេស​ទុយ​នី​ស៊ី​, លោក Hamani Diori ប្រមុខរដ្ឋ​ប្រទេស​នី​ហ្សេ និង ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ នៃ​ប្រទេស​កម្ពុជា ។ នាពេល​បច្ចុប្បន្ននេះ​អង្គការ OIF បាន​ក្លាយជា​អង្គការ​អន្តររដ្ឋាភិបាល​ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក (​បន្ទាប់ពី​អង្គការសហប្រជាជាតិ​) មាន​រដ្ឋ​និង​រដ្ឋាភិបាល​សមាជិក​ស​រុ​ប​ចំនួន​៨៨(​សមាជិក​ពេញសិទ្ធិ​ចំនួន ៥៤ មិន​ពេញសិទ្ធិ ចំនួន ៧​និង​សមាជិក សង្កេតការណ៍​ចំនួន ២៧) ៕