​អង់គ្លេស​អញ្ជើញសម្តេច​ក្រឡាហោម ទៅ​ចូលរួម​វេទិកា​ស្តីពី​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​នៅ​ទីក្រុង​ឡុង​

734
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រាជរដ្ឋាភិបាល នៃ​ចក្រភព​អង់គ្លេស​បាន​អញ្ជើញសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ ទៅ​ចូលរួម​វេទិកា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរសត្វព្រៃ​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​នៅ​ខែតុលា​ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Tina Susan Redshaw​ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ជម្រាបជូន​សម្តេច ក្រឡាហោមកាលពី​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ តាម​កម្មវិធី​វេទិកា​ស្តីពី​ការប្រយុទ្ធប្រឆាំង​សត្វព្រៃ​នៅ​ទីក្រុង​ឡុង នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែតុលា ។​

លោកស្រី Tina Susan Redshaw​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ជួបពិភាក្សាជាមួយសម្តេច ក្រឡាហោម​សខេងកាលពី​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ​លោកស្រី​រាជទូត​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម​សខេង​ទៀតថា​ក្នុងនាម​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​គឺ​ការទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ជាមួយ​ក្រសួងមហាផ្ទៃ​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុង​ការជួយ​ដល់​កិច្ចការ​កុងស៊ុល​របស់​ស្ថានទូត​អង់គ្លេស​។ លោកស្រី​បាន​ជម្រាប​ជូន​សម្តេច​ក្រឡាហោម អំពី​វេទិកា​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ចក្រភព​អង់គ្លេស និង​រៀបចំ​នៅ​ទីក្រុង​ឡុង នៅ​ខែតុលា ខាងមុខនេះ ហើយ​ចក្រភព​អង់គ្លេស​សូម​អញ្ជើញសម្តេច​ក្រឡាហោម ចូលរួម​ក្នុង​វេទិកា​នេះ​។

​លោកស្រី​ឯកអគ្គរាជទូត​អង់គ្លេស​បាន​បន្តថា​នៅក្នុង​អាណត្តិ​ការងារ​របស់លោក​ស្រី​នៅក្នុង​ប្រទេស​កម្ពុជា​ក្រៅពី​ការងារ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លោកស្រី​ក៏​ចង់​ផ្តោតទៅលើ​វិស័យ​ផ្សេងៗ​ដូចជា​ការអប់រំ​,​ការលើកកម្ពស់​ការ​ចូល​​រួម​របស់​ស្ត្រី​នៅ​គ្រប់​វិស័យ​សង្គម​ជាពិសេស​ការជំរុញ​និង​លើកកម្ពស់​ស្ត្រី​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​គ្រប់​វិស័យ​របប​ស់​សង្គម​ទាំងពី​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​នយោបាយ​។​

​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម​សខេង​បាន​ថ្លែងអំណរគុណ​និង​អបអរសាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​របស់​ចក្រភព​អង់គ្លេស​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​សត្វព្រៃ និង​ការងារ​លើកកម្ពស់​ការ​អប់រំ និង​លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅ​កម្ពុជា​។ ដោយ​សម្តេច​បានលើកឡើង​ថា​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​សត្វព្រៃ​នេះ​កម្ពុជា​នៅតែ​បន្ត​ខិតខំ​ចូលរួម​ជាមួយ​យន្តការ​ផ្សេងៗ​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ​។​សម្តេច​នឹង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បាន​ចូលរួម​នៅក្នុង​វេទិកា​ស្តីពី​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​ទីក្រុង​ឡុង​៕សរន