​អង្គការ​មួយ ផ្តើមគំនិត​ស្ម័គ្រចិត្ត ប្រមូល​កាកសំណល់ នៅ​បឹង​ទន្លេសាប​

1081
ចែករម្លែក

​ដោយ​៖ មូល សម្បត្តិ​ /
​ភ្នំពេញ​: អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ប្រចាំខេត្ត​សៀមរាប បាន​ផ្តើមគំនិត ដោយ​ការស្ម័គ្រចិត្ត ចុះទូក​ប្រមូល​កាកសំណល់​នានា នៅក្នុង​បឹងទន្លេសាប ដើម្បី​ជួយ​លើកស្ទួយ​ផ្នែក​បរិស្ថាន និង​លើកកម្ពស់​សោភ័ណភាព ទេសភាព​តំបន់​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប ឱ្យ​កាន់តែ​ស្រស់ស្អាត សំដៅ​ទាក់ទាញ​អ្នកទេសចរ ជាពិសេស​អ្នកទេសចរ​បរទេស​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ប្រចាំខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា អ្នកទេសចរ តែង​ចាប់អារម្មណ៍ ចំពោះ​ទស្សនាចរ ទេសភាព​តំបន់​អេកូ​ទេសចរណ៍ បឹង​ទន្លេសាប យ៉ាងខ្លាំង ជាពិសេស​អ្នកទេសចរ​បរទេស​។ ក៏ប៉ុន្តែ​នៅក្នុង​បឹង​ទន្លេសាប​របស់​យើង គេ​សង្កេតឃើញ​សុទ្ធតែ​កាកសំណល់​ជាច្រើន ដូចជា ថង់​ប្លា​ស្ទីក កំប៉ុង ដប​ជ័រ អណ្តែត​រាយប៉ាយ ពាសពេញ​ផ្ទៃ​ទឹក និង​ជាប់​ទៅនឹង​ដើមឈើ គួរឱ្យអាម៉ាស់​បំផុត ។ ភ្ញៀវទេសចរ បាន​ថត​ទុក នូវ​កាកសំណល់​ទាំងអស់នេះ ទុកជា​កាកសំណល់ បំផ្លាញ​បរិស្ថាន​យ៉ាង​កខ្វក់​បំផុត​។ គេ​អាច​ដៀល​តំបន់រមណីយដ្ឋាន អេកូ​ទេសចរណ៍ របស់​យើង គ្មាន​អនាម័យ ហើយ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ស៊ាន សុផល បាន​ប្រាប់​រស្មី​កម្ពុជា​ថា ដោយ​មើលឃើញ​ទិដ្ឋភាព បឹង​ទន្លេសាប​របស់​យើង កខ្វក់​បែបនេះ និង​ដោយសារ​មាន​ភាព​អៀនខ្មាស់ ចំពោះ​ភ្ញៀវ​ទេចរ​បរទេស​ខ្លាំងពេក យើង​បាន​សហការ​ជាមួយ សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង សហគមន៍​ទេសចរណ៍ បឹង​ឈ្វាំង ប្រមាណ​១.០០០ នាក់ បាន​ជិះទូក ១០ ទូក កាលពីពេល​ថ្មីៗ​នេះ ប្រមូល​សំរាម​កាកសំណល់​ប្លា​ស្ទីក នៅតាម​ផ្ទៃ​ទឹក និង​តាម​ដើមឈើ បាន​ពី ១០ ទៅ ២០ បាវ​។ នេះ​គ្រាន់តែ​យើង ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​។ នៅ​ខែធ្នូ ខាងមុខនេះ យើង​នឹង​បើក​យុទ្ធនាការ ប្រមូល​កំលាំង​ធំ ចំពេល​រដូវ​ទឹក​ស្រក ជិះទូក​ចែក​មុខសញ្ញា​គ្នា រើស​សំរាម​តាម​ទឹក និង​តាម​ដើមឈើ​ឱ្យអស់ កុំឱ្យ​ខ្មាស​ភ្ញៀវ​តទៅទៀត​។ ម្យ៉ាង​យើង​សំអាត​បរិស្ថាន​ទឹកទន្លេ​របស់​យើង​។
ពីព្រោះ​កាកសំណល់​ប្លា​ស្ទីក បាន​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី យ៉ាងធ្ងន់ធ្ងរ​។ ជីវសាស្ត្រ​ចម្រុះ​ក្នុង​ទឹក ត្រូវ​ខូចខាត​។ កាកសំណល់​ទាំងនេះ យើង​ក៏​អាចយកវា ទៅ​ច្នៃ​ធ្វើជា​ផលិតផល​ទេសចរ លក់​ឱ្យ​ភ្ញៀវ​បាន​។​

​លោក​សុផល បាន​បញ្ជាក់ថា មួយឆ្នាំ យើង​ធ្វើ​យុទ្ធនាការ​នេះ ២ ដង គឺ​រដូវ​ទឹក​ឡើង​ម្តង និង​រដូវ​ទឹក​ស្រក​ម្តង​។ អង្គការ​នេះ មាន ១០ សហគមន៍ ទេសចរណ៍ ដែល​បាន​សហការគ្នា ហើយ​បាន​នាំ​ភ្ញៀវ​កំសាន្ត និង​បានទទួល​ប្រាក់ចំណូល ពី​ទេសចរ ជា​រៀងរាល់ថ្ងៃ​។ យើង​បាន​អប់រំ​ប្រជាពលរដ្ឋ ឱ្យចេះ​សំអាត​អនាម័យ ថែរក្សា​បរិស្ថាន និង​ចាត់ទុកថា ទន្លេសាប ជាឃ្លាំង​ស្បៀង​របស់​យើង មិនចេះ​រីងស្ងួត​៕v

កាក​សំរាម​ជាប់​នឹង​ដើមឈើ ត្រូវបាន​អង្គការ​ប្រមូល​ (មូល​ សម្បត្តិ​)​

កាក​សំរាម​ជាប់​នឹង​ដើមឈើ ត្រូវបាន​អង្គការ​ប្រមូល​ (មូល​ សម្បត្តិ​)​