​អង្គការ​សុវណ្ណ​កុមារ​កម្ពុជា​បណ្តេញ​បុគ្គលិក​ដោយ​គ្មាន​មូលហេតុ​,​ផ្ទុះ​ការតវ៉ា​សាជាថ្មី​

312
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖”​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ច្បាប់ទម្លាប់​និង​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ គតិបណ្ឌិត និង បង្រួបបង្រួម​ជាតិ ។​ព្រមទាំង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​ជាច្រើន​ឆ្នាំកន្លងមក​ហើយពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” ។ នេះ​ជាស​ម្តី​របស់​បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​កម្ពុជា ជាច្រើន​នាក់ បាន​និយាយ ពេល​កំពុង​លើក​បដា​ធ្វើការ​តវ៉ា មុខ​អង្គការ​មួយ នេះ ។​

​ពួកគេ​ត្រូវបាន​បុរស​ម្នាក់​ដែល​អះអាងថា​ជា​មេធាវី​ឈ្មោះ​BradGordon​អាយុ​៤៩​ឆ្នាំ​និង​ក្រុម​សន្តិសុខ​ឯកជន​របស់គាត់​ជាង​៣០​នាក់​បានមក​បណ្តេញ​បុគ្គលិក​ចំនួន​១៧ នាក់​រួមទាំង លោក សុធា អរុណ ជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​របស់ អង្គការ​សុវណ្ណ​កុមារ​កម្ពុជា ផង​។​ឱ្យ​ចេញពី​កន្លែង​ការងារ ដោយ​ពុំមាន​លិខិតស្នាម​ផ្លូវការ​ណាមួយ​ជាក់លាក់​មក​បង្ហាញ​សោះឡើយ​ដោយ​គ្រាន់តែ​និយាយថា​អ្នក​ត្រូវ​ចេញពី​កន្លែង​នេះ ចាំ​យើង​បើកប្រាក់​ខែ​ជូន​ធម្មតា​។

​ចាប់តាំងពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​កន្លងមក​រហូតដល់​ពេលនេះ​ពួកគេ​ទាំងអស់គ្នា​ពុំទាន់​បានទទួល​នូវ​ដំណោះស្រាយ​សមស្រប​ណាមួយ​ឡើយ​ពី​អង្គការ​សុវណ្ណ​កុមារ​កម្ពុជា​ដែលមាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ​។​ដូចនេះហើយ​បានជា​បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​កម្ពុជា​កាលពី​ថ្ងៃ​៣​ខែកញ្ញា​បាន​តវ៉ា​សាជាថ្មី​ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ។​

​គឺ​ទី​១,​បញ្ជាក់​ពី​មូល​ហេតុដែល​បញ្ឈប់​ពួកគាត់​ដោយ​គ្មាន​ឯកសារ​គតិយុត្ត​,​ទី​២,​ពួកគេ​ស្នើសុំ​ចូលធ្វើ​ការងារ​វិញ​ជាធម្មតា​និង​ទី​៣​បើ​បញ្ឈប់​ពួកគេ​ត្រូវ​ផ្តល់ប្រាក់​អតីតភាព​ការងារ​ដល់​ពួកគេ​ដែល​ខំធ្វើការ​ជាមួយ​អង្គការ​ជាង​១០​ឆ្នាំ​មកហើយ​។​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគេ​តាម​គោលការណ៍​ព្រោះ​ពួកគេ​បាន​ចុះកិច្ចសន្យា​ការងារ​ជាមួយ​អង្គការ​រយៈពេល​២​ឆ្នាំ​។​ពួកគេ​ថ្លែងថា​ការបណ្តេញ​ពួកគេ​និង​បុគ្គលិក​ដទៃទៀត​ឱ្យ​ចេញពី​ការងារ​ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​និង​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​គឺ​ផ្ទុយ​ពី​ច្បាប់​របស់​ក្រសួង​ការងារ​។

​គួររំលឹកថា​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​គ្រានោះ បាន​បង្កើតឱ្យមាន​ឱកាស មាន​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ និង​នារី​ម្នាក់​ជា​ជនជាតិ អាមេរិកកាំង​។​គឺ​លោក សុធា អរុណ និង​លោកស្រី Elizabeth Johnson បាន​ជួបគ្នា មាន​បេះដូង​ស្រលាញ់​កូន​ខ្មែរ ដូចគ្នា ចង់​ជួយ​កុមារ​កម្ពុជា​ដែល​រងគ្រោះ​កុមារកំព្រា កុមារ​អនាថា​គ្មាន​ទីពឹង​និង​ទី​ជំរក​។​ដោយបាន​បង្កើត​មណ្ឌល​មួយ​ដែលមាន​ឈ្មោះថា​សុវណ្ណ​កុមារ​កម្ពុជា​។​ពួកគេ​ទាំងពីរ​មាន​ទឹកចិត្ត​និង​បេះដូង​រួមចិត្ត​រួម​ថ្លើម​តែមួយ​ក្នុង​ការជួយ​ដល់​កុមារ​ទាំងនោះ​។​

​សុវណ្ណ​កុមារ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៣​ដោយ​អ្នក​ទាំង​ពីរបាន​ទៅ​ទទួលយក​ក្មេងៗ​នៅតាម​មន្ទីរពេទ្យ​សង្គមកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​៥៥​នាក់មក​រស់នៅ​ជុំគ្នា​នៅក្នុង​សុវណ្ណ​កុមារ​កម្ពុជា​។​ដោយបាន​រស់នៅ​ជាមួយគ្នា​ជា​លក្ខណៈ​គ្រួសារ​មាន​ឪពុក​ម្តាយចិញ្ចឹម​មានប​ង​មាន​ប្អូន​មានកូន​មាន​ចៅ​បង្កើត​មក​រស់នៅ​ជុំគ្នា​ក្នុងភូមិ​សុវណ្ណ​កុមារ​យ៉ាង​សប្បាយរីករាយ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ​។​ក្មេងៗ​ទាំងអស់​រស់នៅ​តាមបែប​កូនអ្នកមាន​មាន​ឡាន​ជូនទៅ​រៀនមាន​ម្ហូបអាហារ​គ្រប់គ្រាន់​និង​ពួកគេ​បាន​ទៅ​រៀន​នៅ​សាលា​ឯកជន​ដូចជា​សាលា​បញ្ញា​សាស្ត្រ​ប៊ែ​ល​ធី​វែ​ស្សន៍​ឡាញ​ជាដើម អស់​រយៈពេល​ជិត​១៥​ឆ្នាំ​ពិតជា​មាន​ក្តី​សុខ​ខ្លាំងណាស់ ។​

​ប៉ុន្តែ​ជា​អកុសល​ចុងក្រោយ​នៅពេលដែល​ElizabethJohnson​បាន​ស្លាប់​ទៅបាន​បន្សល់​ទុកឱ្យ​លោក​សុធា​អរុណ​នៅ​កណ្តោចកណ្តែង​តែម្នាក់ឯង​ដោយ​គ្មាន​ទីពឹង​និង​ភាពកក់ក្តៅ​តែ​ទោះជា​យ៉ាងណា​ក៏​លោក​សុធា​អរុណ​ខិតខំ​ជំនះ​គ្រប់​ឧបសគ្គ​ដើម្បី​ចិញ្ចឹម​ក្មេងៗ​ទាំងអស់​អោយបាន​សម្រេច​ដល់​គោលដៅ និង​ចក្ខុវិស័យ​របស់ លោកស្រី Elizabeth Johnson ។

​តែ​ផ្ទុយទៅវិញ​ដោយ​ក្នុងនោះ​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​ក៏បាន​លេចមុខ​បុរស​ម្នាក់​ដែល​អះអាង​ខ្លួនឯង​ថា​ជា​មេធាវី​អោយ​គ្រួសារ Johnson​ជនជាតិ​អាមេរិក​ឈ្មោះ Brad Gordon អាយុ​៤៩​ឆ្នាំ បានមក​បណ្តេញ​ពួកគេ​ចេញពី​អង្គការ​ដោយ​ខុសច្បាប់​ក្មេងៗ​និង​ម្តាយ​ខ្លះ​ត្រូវគេ​ដេញចេញ ។

​ជា​ចុងក្រោយ​ពួកគេ​ទាំងអស់គ្នា​សូម​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មេត្តាជួយ​ដល់​ពួកគេ ផង ៕S/​