​អង្គ​ព្រះ​កឋិនទាន​ព្រះមហាក្សត្រ​ថៃ​ដង្ហែ​មកកាន់​វត្ត​ឧណ្ណាលោម​

463
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ​ដែលជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ ថៃ សម្តេចព្រះ​ចៅ​យូ​ហួម​ហាវៈ​ឈិ​រ៉ា​លុង​កន ប​ឌិ​ន្ទ្រ​វៈ​រ៉ាង​គូ​ន​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នេះ​បាន​ប្រារព្ធ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​នៅ​វត្ត​ឧណ្ណាលោម ស្ថិតនៅក្នុង សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។​

​អង្គព្រះកឋិនទានព្រះរាជទ្រព្យនេះដឹកនាំដោយព្រះរាជតំណាងរបស់ព្រះមហាក្សត្រថៃ លោក វិឆារ៉ាត់ អ៊ីសាក់រ៉ាក់ផាក់ឌី (Vijavat ISARABHAKDIអនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។​ជាមួយគ្នា​នោះ ក៏មាន​ការអញ្ជើញ ចូលរួម ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មាន​វត្តមាន​របស់លោក​ប៉ាន់​យ៉ា​រ៉ា​ក់​ភូ​ន​សាប់​(PanyarakPOOLTHUP)​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​មន្ត្រីរាជការ​ប្រចាំ​ស្ថានទូត​ថៃ​។ ក្រុមហ៊ុន​ឯកជន​ថៃ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រុមគ្រួសារ រួមជាមួយ​បុគ្គល​សំខាន់ៗ​ផងដែរ​។ ជាមួយគ្នា​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ចំណុះជើងវត្ត យ៉ាងច្រើន​កុះករ​។​

​ព្រះរាជ​ពិធីបុណ្យ​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ដោយបាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ​ជុំវិញ​ព្រះវិហារ​និង​ថ្វាយ​គ្រឿង​សក្ការៈបូជា​ថ្វាយ​ចំពោះ ព្រះ​ពុទ្ធរូប ស្នង​អង្គ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ នៃ​យើង និង បាន ប្រារព្ធ នូវ​បទ​នមស្ការ​ព្រះ​រតនត្រ័យ ថ្វាយបង្គំ ព្រះ សមាទានសីល ដើម្បី គោរព រំឭក ដល់ គុណបុណ្យ ព្រះ រតនត្រ័យ កែវ ទាំងបី មាន ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។​

​ក្រោយពី​ក្បួន​ដង្ហែ​ព័ទ្ធជុំវិញ​ព្រះវិហារ​រួច​យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះរាជទាន​និង​គ្រឿង​បរិក្ខារ​ពី​ព្រះមហាក្សត្រ​ថៃ​មក​រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃ​រួចមក​លោក​វិ​ឆា​រ៉ាត់​អុំ​សាក់​រ៉ា​ក់​ផាក់​ឌី​បាន​អាន​ប្រកាស​អំពី​ព្រះទ័យ​ជ្រះថ្លា របស់​ព្រះមហាក្សត្រ​ថៃ ដែល​តែងតែ មានបំណង​ចូលរួម​លើក​ស្ទូ​យ​វិស័យ ព្រះពុទ្ធសាសនា ដែល​ប្រទេស​ថៃ​និង​កម្ពុជា​គោរព​ចំពោះ​ព្រះពុទ្ធសាសនា​តាម​ប្រពៃណី​ដូចគ្នា​តាំងពី​យូរលង់​ណាស់​មក​។​

ក្នុង​ពិធីបុណ្យ កឋិនទាន​នេះ បច្ច័យ ដែល​ទទួលបាន រួមមាន បច្ច័យ ផ្គត់ផ្គង់​វត្ត ចំនួន ២​ម៉ឺន​បាត បច្ច័យ ព្រះរាជទាន​ព្រះមហាក្សត្រ​ថៃ​តាមរយៈ​ក្រសួងការបរទេស​ថៃ​ចំនួន​៥០​ម៉ឺន​បាត​។​ចំណែក​បច្ច័យ​ដែល​ចូល​ដោយ​ប្រជាជន​ថៃ​នៅ​កម្ពុជា និង​ពុទ្ធ​បរិ​ស័​ទ្ធ​កម្ពុជា មាន​ចំនួន ១៥.៤៣៩ ដុល្លារ​អាមេរិក និង លុយ បាត​មាន ចំនួន ៣.៥០០​បាត និង ៧.៣១១.៥០០ រៀល​។​

​គួរ​ជម្រាប​ថា​ក្រសួងការបរទេស​ថៃ​តែងតែ​ដង្ហែ​អង្គ​កឋិនទាន​ព្រះរាជទាន​ទៅកាន់​វត្ត​ព្រះពុទ្ធសាសនា​នៅក្រៅ​ប្រទេស​ក្នុង​នោះបាន​ដង្ហែ​អង្គ​កឋិនទាន​ព្រះរាជទាន​ចូលមក​ប្រទេស​កម្ពុជា​ជា​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៥​ហើយ​បាន​ប្រារព្ធ​ឡើងជា​បន្តបន្ទាប់​ស្ទើរតែ​រៀងរាល់ឆ្នាំ​។​លើក​នេះ ជា​លើក​ទី​២១ ហើយ​ជា​អង្គ​កឋិនទាន​ព្រះរាជទាន​ប្រទេស​ដំបូង​ក្នុង​ឆ្នាំ​២០១៩​ផងដែរ​ដោយបាន​រៀបចំ​ដំណើរការ​យ៉ាង​រលូន​មាន​សណ្តាប់ធ្នាប់​ល្អ​ស័ក្ក​សម​នឹង​ព្រះ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។

​អ្នកចូលរួម​ទាំងអស់​បាន​សម្តែង​ការដឹង​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែល​ទ្រង់​តែងតែបាន​ព្រះរាជទាន​ការ​ទំនុកបំរុង​ដល់​ព្រះពុទ្ធសាសនា​ជា​សាសនា​ដែល​ប្រជាជន​ភាគច្រើន​ក្នុងប្រទេស​ថៃ​និង​កម្ពុជា​គោរពបូជា​ហើយ​ថែមទាំង​ជាការ​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​។

​ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​ចែកជា​២​គណ​:​គឺ​គណ​:​មហានិកាយ​នឹង​ធម្មយុត្តិកនិកាយ​ដែល​ធម្មយុត្តិកនិកាយ​មិនសូវ​ជាមាន​ទី​អារាម​ប៉ុន្មាន​នោះទេ​។​ដែល​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​វត្ត​ខាង​ធម្មយុត្តិ​ប្រមាណ​តែ​២០០​វត្ត​ប៉ុណ្ណោះ ខណ​:​ដែល​វត្ត​ខាង​មហានិកាយ​មាន​ប្រមាណ​ជាង​៤​ពាន់​វត្ត​៕S/