​អតីតមន្ត្រី​បក្សប្រឆាំង បីនាក់ បាន​ត្រូវ​ចាប់ខ្លួន រឿង​ជេរប្រមាថ និង​ញុះញង់​

900
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន /
​ភ្នំពេញ​៖
អតីតមន្ត្រី និង​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​បីនាក់ ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ការជេរប្រមាថ​ថ្នាក់ដឹកនាំ ញុះញុង​អោយមាន​ការរើសអើង ធ្វើអោយប៉ះពាល់​ស្ថិរភាព​សន្តិសុខ​សង្គម​។

​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា អតីតមន្ត្រី និង​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់ខ្លួន មានដូចជាៈ ១. លោក ស៊ុន ប៊ុន​ថុ​ន អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​បារាយណ៍​។ ២. លោក នូ ភឿន សកម្មជន​នៅ​ឃុំ​បារាយណ៍​។ ៣.​លោក រស់ គឹម​សៀង អតីត​ប្រធាន​យុវជន​ខេត្តកំពង់ធំ​។

​ប្រភព​ដដែល បាន​បន្តថា មនុស្ស​ទាំងបី​នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​តុលាការ បញ្ជូន​ខ្លួន​ទៅ​ឃុំ ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ នា​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២ កញ្ញា កន្លងទៅ​ថ្មីៗ​នេះ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ថា មនុស្ស​ទាំង បីនាក់ ដែល​ចាប់ខ្លួន គឺ​បាន​បង្ហោះ​សារ ជេរប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល រួមទាំង​ញុះញុង អោយមាន​ការរើសអើង ធ្វើអោយប៉ះពាល់ ស្ថិរភាព​សន្តិសុខ​សង្គម​៕v​