​អតីត​កងទ័ពជើងទឹក​ខ្មែរក្រហម​បាន​រំលឹក​ពីបទ​ពិសោធន៍​នៅ​កោះតាង កោះ​ប៉ូ​ឡូ​វ៉ៃ និង​កោះ​ក្រចកសេះ​

257

(​ភ្នំពេញ)៖ ឌូ អ៊ុន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ក្មេង​គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ចាស់ នៅ​សាលាបឋមសិក្សា​អង្គរ​អណ្ដើក​។ បន្ទាប់ពី​មាន​រដ្ឋប្រហា​នៅ​ឆ្នាំ​១៩៧០​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អង្គរ​អណ្ដើក​ទាំងអស់​បាន​រត់​ភៀសខ្លួន​ទៅ​ទីក្រុង​ភ្នំពេញ ហើយ អ៊ុន ក៏បាន​ឈប់រៀន មក​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ជួយ​ធ្វើស្រែ ឃ្វាលគោ និង​ក្របី​ជាដើម​។

​នៅ​ចុងឆ្នាំ​១៩៧២ មាន​យុវជន​ជាច្រើន​បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើជា​កងឈ្លប​ភូមិ និង​ឃុំ​របស់​ខ្មែរក្រហម ដោយ​គិតថា​ពួកគេ​ចូល​នេះ​គឺ​ដើម្បី​បម្រើ​ជាតិ​។ អ៊ុន ក៏បាន​ស្ម័គ្រចិត្ត​ធ្វើ​កងឈ្លប​ដូចជា​យុវជន ផ្សេងៗ​ទៀត​ដែរ​។ ដំបូង​ឡើយ អ៊ុន បម្រើ​ជា​កងឈ្លប នៅ​ឃុំ​តា​យ៉ាប ដែលមាន​ទីស្នាក់ការ​នៅ​ភូមិ​ជំនៀ ខ្ពស់​។ អ៊ុន ត្រូវបានចាត់តាំង​ឲ្យ​ដើរ​មើល និង​ការពារ​សុ​វត្តិភាព​នៅក្នុង​ភូមិ​ឃុំ ហ្វឹកហាត់​យុទ្ធសាស្ត្រ​កងទ័ព និង​ទទួល​ការអប់រំ​បំពាក់បំប៉ន​ផ្នែក​នយោបាយ​ពី​អង្គការ​ខ្មែរក្រហម​។ ហឿន ជា​ប្រធាន​ឃុំ​តា​យ៉ាប​។

​បន្ទាប់មក​ខ្មែរក្រហម​បាន​បញ្ជូន អ៊ុន ឲ្យ​ចូលក្នុង​អង្គភាព​កងទ័ព​វិញ គឺ​កងវរសេនាតូច​លេខ​១០៣ តំបន់​៣៣ ដែល​ត្រូវ​ឈរជើង​នៅ​ព្រៃ​ល្មាត ខាងជើង​ផ្លូវជាតិ​លេខ​៤​។ កឿ​ន ជា​ប្រធាន​កងវរសេនាតូច​លេខ ១០៣ ប៉ុន្តែ​ក្រោយមក កឿ​ន ក៏បាន​ស្លាប់​។ ហម បាន​ឡើងជា​ប្រធាន ស៊ីម និង​សំណាង ជា​អនុប្រធាន ជំនួស​កឿ​ន​។ នៅ​តំបន់​៣៣​មាន​កងវរសេនាតូច​ចំនួន​៤ គឺ​កងវរសេនាតូច​លេខ​១០២ ១០៣ ១០៤ និង​១០៥​។

​នៅ​ឆ្នាំ​១៩៧៤ កងវរសេនាតូច​លេខ​១០២ និង​១០៣ ត្រូវបាន​បញ្ចូល​ទៅក្នុង​កងពល​ទី​៣​របស់​ភូមិភាគ​និរតី និង​ត្រូវ​ទៅ​ប្រចាំការ​នៅ​លង្វែក​។ កងវរសេនាតូច​លេខ​១០៣ ត្រូវបាន​ប្ដូរ​ទៅជា​កងវរសេនាតូច​៤១០ ចំណុះ​ឲ្យ​កងវរសេនាធំ​លេខ​១៦​។ ប្រធាន​វរ​សេនា​តូច​លេខ​៤១០ គឺ ហម និង ស៊ីម ដដែល​។ រីឯ​កងវរសេនាធំ​លេខ​១៦ មានឈ្មោះ មៀ​ច ជា​ប្រធាន​។ អ៊ុន បាន​ត្រូវរបួស​ចំ​ជើង និង​ខ្នង នៅពេល​ប្រយុទ្ធ​ក្នុង​សមរភូមិ និង​បាន​ចូល​សម្រាក់​ពេទ្យ​អស់​រយៈពេល​ជិត​២​ខែ​។​

​នៅ​ចុងឆ្នាំ​១៩៧៤ និង​ដើមឆ្នាំ​១៩៧៥ កងពល​របស់ អ៊ុន បាន​ផ្លាស់​មក​ប្រតិបត្តិការ​នៅតាម​ផ្លូវជាតិ​លេខ​៤ នៅ​ម្តុំ​មហា​សាំង (​ទំនប់​ព្រែក​ហៅ​)​។ ចំណែក​កងទ័ព​មួយចំនួន​បាន​បន្ត​មកឈរ​ជើង​នៅ​បែក​ចាន​ដដែល ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន​លន់ នល់ និង​អាមេរិក​។ កងពល​របស់ អ៊ុន មិនបាន​ចូល​វ៉ៃ​ដល់ទី​ក្រុងភ្នំពេញ​ទេ គឺ​ចូល​ត្រឹមតែ​បែក​ចាន​តែប៉ុណ្ណោះ​។​

​ក្រោយពី​រំដោះ​បាន​ទីក្រុង​ភ្នំពេញ​ភ្លាម ខ្មែរក្រហម​តម្រូវ​ឲ្យ​កងពល​ទី​៣​របស់ អ៊ុន ទៅ​ប្រចាំការ​នៅ​កំពង់សោម​។ ពោលគឺ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៥ កងពល​ទី​៣ បាន​ចេញទៅ​កំពង់សោម​។ ថ្ងៃទី​២០ ខែ​និង​ឆ្នាំ ដដែល​កងពល​ទី​៣​បាន​ទៅដល់​រាម​។ លុះដល់​រាម កងពល​ទី​៣ ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​កងពល​១៦៤ ដែលជា​កងពល​របស់​ម​ជ្ឈឹ​ម​។ ប្រធាន​និង​អនុប្រធាន​កងពល​១៦៤ ឈ្មោះ មុត និង ឌឹ​ម​។ ប៉ុន្តែ​កងវរសេនាតូច​មិនបាន​ប្ដូរ​ឡើយ​ពោល គឺ​កងវរសេនាតូច​លេខ ៤១០​ដដែល ហើយ​ចំណែកឯ​ប្រធាន​និង​អនុប្រធាន​ក៏​មិនមាន​ការផ្លាស់ប្ដូរ​ដែរ​។

​បន្ទាប់ពី​នៅ​រាម​បាន​២​ថ្ងៃ គឺ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​១៩៧៥ កងវរសេនាតូច​លេខ ៤១០ ដែលមាន​កងទ័ព​ប្រមាណ​ជា​៣០០​ទៅ​៤០០​នាក់ បានធ្វើ​ដំណើរ​ឆ្ភោះ​ទៅ​កោះតាង និង​កោះ​ប៉ូ​ឡូ​វ៉ៃ​។ អ៊ុន បាន​ឈរជើង​នៅ​កោះតាង​។ នៅ​កោះតាង​នេះ​មាន​កងអនុសេនាធំ​ចំនួន​២ គឺ​គ​៨ និង​គ​១០ ដែលមាន​កងទ័ព​សរុប​ប្រហែល ២០០​នាក់​។ អ៊ុន ស្ថិតនៅក្នុង​កងអនុសេនាធំ​គ​៨ ដែលមាន​ឈ្មោះ ម៉េ​ន និង ហួត ជា​ប្រធាន និង​អនុប្រធាន​កងអនុសេនាធំ​គ​៨​។ ម៉ន ជា​ប្រធាន​កងអនុសេនាធំ​គ​១០ ហើយ​ហូ​ន ជា​អនុប្រធាន​។ នៅ​កោះតាង អ៊ុន គឺជា​ប្រធាន​ក្រុម​ដែល​គ្រប់គ្រង​កងទ័ព​ចំនួន​១២​នាក់​។​

​ថ្ងៃទី ២៤ ខែមេសា​និង​ឆ្នាំ​ដដែល អ៊ុន និង​កងទ័ព​ជាង​១០០​នាក់​ទៀត ត្រូវបញ្ជូន​ឲ្យ​ទៅ​កោះ​ក្រចកសេះ ឬ​កោះ​ប៉ូ​ឡូ​ប៉ង់​សង់​។ ការធ្វើដំណើរ​ទៅ​កោះ​ក្រចកសេះ​នេះ គឺ​ត្រូវ​ជិះទូក​ម៉ាស៊ីន​១២០​សេះ ចំនួន​ជិត​១០​គ្រឿង ក្នុង​ទូក​មួយគ្រឿង​មាន​កងទ័ព​ប្រមាណ​ជិត​២០ ។ នៅ​កោះ​ក្រចកសេះ​មាន​ប្រជាជន​រស់នៅ​ច្រើន និង​សម្បូរ​ទៅដោយ​ផ្ទះថ្ម​។ ប្រជាជន​នៅ​ទីនោះ​គឺជា​ប្រជាជន​វៀតណាម និង​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​អ្នកខ្លះ​ចេះ​ភាសា​ខ្មែរ​។ លើសពីនេះ​ទៀត​ក៏មាន​ទាហាន​ធៀ​វ​គី​(​វៀតណាម​ខាងត្បូង​)​នៅ​លកោះ ក្រចកសេះ​នេះ​ផងដែរ​។ ខណៈពេលដែល​ទាហាន​វៀតណាម​ខាងត្បូង​បាន​លើក​ទង់ជ័យ​សរ​នោះ កងទ័ព​ខ្មែរក្រហម​បាន​ចូលទៅ​ដល់​កោះ​ក្រចកសេះ​ភ្លាមៗ​ដែរ​។ ប្រជាជន​ដែល​រស់​នៅលើ​កោះ​ក្រចកសេះ​មាន​ភាព​រាក់ទាក់ និង​បាន​ដាំបាយ​ឲ្យ អ៊ុន និង​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត​បរិភោគ​។ មេបញ្ជាការ​ខ្មែរក្រហម​ប្រចាំ​នៅ​កោះ​ក្រចកសេះ​រួមមាន សារឿន​, ចាយ​, ទង​, ម៉េ​ន និង ហួត ។ កងទ័ព​ខ្មែរក្រហម បាន​ដើរ​ប្រាប់​ប្រជាជន និង​ទាហាន​ធៀ​វ​គី ដែល​រស់នៅ​កោះ​ក្រចកសេះ ឲ្យ​រៀបចំខ្លួន និង​អ៊ី​វ៉ាន់​ផ្សេងៗ​ដើម្បី​ចាក់ចេញ ព្រោះ​កងទ័ព​ខ្មែរក្រហម​ត្រូវ​កាន់កាប់​កោះ​នេះ​។

​បន្ទាប់ពី​ឈរជើង​នៅ​កោះ​ក្រចកសេះ​បាន​ចំនួន​២​ថ្ងៃ អ៊ុន និង​កងទ័ព​ប្រមាណ​២០​នាក់​ទៀត ត្រូវ​ទទួលបញ្ជា​ឲ្យ​ត្រឡប់មក​កោះតាង​វិញ​។ ចំណែក​កងវរសេនាតូច​លេខ​៤៧០​របស់ តា​ចាយ ដែល​បាន​បញ្ជូន​កងទ័ព​មក​បន្ថែម​រហូតដល់​ជាង​៣០០​នាក់​បាន​បន្ត​ឈរជើង​នៅ​កោះ​ក្រចកសេះ​ទៀត​។ អ៊ុន និង​កងទ័ព​២០​នាក់​ទៀត មិនបាន​ចូលមក​កោះតាង​នោះ​ភ្លាម​ទេ ពោលគឺ​ត្រូវ​ចូលទៅ​ស្នាក់នៅ​កោះ​ប៉ូ​ឡូ​វ៉ៃ​មួយ​យប់​សិន ពីព្រោះ​នៅ​កោះតាង កំពុងតែ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម​នឹង​ទាហាន​អាមេរិក​។ នៅ​ខណៈពេល​ប្រយុទ្ធ​នោះ កងទ័ព​អាមេរិក​បាន​ប្រើ​យន្តហោះ​កន្ទុំរុយ​ជាច្រើន​គ្រឿង បោក​គ្រាប់​បែកផ្សែង​ជាច្រើន​គ្រាប់ និង​កាំភ្លើង​ទំនើបៗ​ផង​នោះ កងទ័ព​ខ្មែរក្រហម​អាច​ទប់ទល់​បានតែ​រយៈ​ប៉ុន្មាន​ម៉ោង ក៏បាន​នាំគ្នា​រត់​ចូល​ព្រៃ និង​ឡើង​លី​ភ្នំ​អស់​។ នៅ​ខណៈពេល​កំពុង​ប្រយុទ្ធ​គ្នា​នៅលើ​កោះតាង​នោះ ទាហាន​អាមេរិក​ក៏បាន​ទម្លាក់​គ្រាប់បែក​នៅ​កំពង់សោម រាម និង​រោងចក្រ​ប្រេងកាត​ផងដែរ​។ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​កោះតាង​បានចាប់ផ្ដើម​តាំងពី​ពេលព្រឹក​ព្រលឹម ហើយ​បានបញ្ចប់​វិញ​នៅ​ម៉ោង​ប្រមាណ​៩​យប់​។​

​បន្ទាប់ពី​បញ្ចប់​ការប្រយុទ្ធ​គ្នា អ៊ុន និង​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត ក៏បាន​ចូលទៅ​ដល់​កោះតាង​និង​ជួយ​ប្រមែរ​ប្រមូល​សាកសព​កងទ័ព​ខ្មែរក្រហម និង​ទាហាន​អាមេរិក​យកទៅ​កប់​។
​សរុប​កងទ័ព​ខ្មែរក្រហម​បាន​ស្លាប់​ចំនួន​៧​នាក់ និង​បាត់​ខ្លួន​៣​នាក់​។ ចំណែក​ទាហាន​អាមេរិក​ក៏បាន​ស្លាប់មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នេះដែរ ថែមទាំង​បាន​បន្សល់ទុក​នូវ​ខ្មោច​យន្តហោះ​កន្ទុំរុយ​ពីរ​គ្រឿង និង​ធុងសាំង​ចំនួន​ពីរ​ទៀតផង​។​

​ការប្រយុទ្ធ​រវាង​កង​ទ័ព​ខ្មែរក្រហម និង​ទាហាន​អាមេរិក​នៅ​កោះតាង​នេះ គឺ​ដើមហេតុ​មកពី​កងទ័ព​ខ្មែរក្រហម​បាន​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស ដែលជា​កប៉ាល់​ដឹកទំនិញ​របស់​អាមេរិក ហើយ​អាមេរិក​ទាមទារ​ឲ្យ​ដោះលែង​កប៉ាល់​របស់ខ្លួន​។ កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សបាន​ដឹកទំនិញ​ឆ្លងកាត់​ក្បែរ​កោះ​ប៉ូ​ឡូ​វ៉ៃ ហើយ​ត្រូវបាន​កងទ័ពជើងទឹក​របស់​ខ្មែរក្រហម ចេញមក​ស្ទាក់​ចាប់ពី​កោះ​ប៉ូ​ឡូ​វ៉ៃ​យកមក​ទុក​នៅ​កោះតាង​។

​បន្ទាប់​រំដោះ​បាន​វៀតណាម​ខាងត្បូង​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧៥ ប្រហែល​២​សប្តាហ៍​កង​កងទ័ព​វៀតណាម​បាន​វាយ​សម្រុក​កងទ័ព​ខ្មែរក្រហម​នៅ​កោះ​ក្រចកសេះ​និង​កោះ​ប៉ូ​ឡូ​វ៉ៃ​។ កងទ័ព​វៀតណាម​បាន​ចាប់​កងទ័ព​ខ្មែរក្រហម​ទាំងអស់​យកទៅ​ឃុំឃាំង​នៅ​កោះត្រល់ និង​បាន​បាញ់​ពន្លិច​ទូក​ម៉ាស៊ីន​របស់​ខ្មែរក្រហម​អស់​ជាច្រើន​គ្រឿង​។ ក្រោយមក នួន ជា បាន​ជួបចរចារ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ឲ្យ​ដោះលែង​កងទ័ព​ខ្មែរ និង​ប្រគល់​កោះ​ប៉ូ​ឡូ​វ៉ៃ​មក​ឲ្យ​ខ្មែរ​វិញ​។ បន្ទាប់ពី​វៀតណាម​ប្រគល់​កោះ​ប៉ូ​ឡូ​វ៉ៃ​មកវិញ ខ្មែរក្រហម ក៏បាន​បញ្ជូន អ៊ុន និង​កងវរសេនាតូច​លេខ​៤១០ ទៅ​ប្រចាំការ​កោះ​ប៉ូ​ឡូ​វ៉ៃ​។

​ប្រជាជន​វៀតណាម និង​ថៃ​តែងតែ​មក​នេសាទ​ត្រី​នៅក្បែរៗ​កោះ​ប៉ូ​ឡូ​វ៉ៃ ហើយ​ត្រូវ​កងទ័ព​ខ្មែរក្រហម​ចាប់​ឃាត់ទុក និង​បញ្ជូន​អ្នកនេសាទ​ទាំងនោះ​ទៅ​កំពង់សោម​។ លើសពីនេះ ក៏មាន​ជន​បទេស​ក្រៅពី​ថៃ​និង​វៀតណាម បាន​បើកក្ដោង​ឆ្លងកាត់ និង​ត្រូវ​កងទ័ព​ខ្មែរក្រហម​ចាប់​បញ្ជូនមក​កំពង់សោម​ផងដែរ​។

អ៊ុន ធ្លាប់​ត្រូវបានចាត់តាំង​ឲ្យ​មក​រៀនសូត្រ និង​ប្រជុំ​នៅ​កំពង់សោម​ម្ដងម្កាល​ដែរ គឺ​ប្រជុំ​ម្តងៗ​មាន​រយៈពេល​មួយខែ​កន្លះ អ្នកដឹកនាំ​ប្រជុំ​មាន មាស មុត​, សេង​, សុន សេន ហើយ​ការប្រជុំ​នោះ​គឺ​ទាក់ទង​ទៅនឹង​ការការពារ​ជាតិ និង​ការការពារ​ដែនដី​។ នៅ​កោះ​ប៉ូ​ឡូ​វ៉ៃ អ៊ុន និង​កងទ័ព​ផ្សេងទៀត​បាន​ដាំ​បន្លែបង្ការ និង​ធ្វើ​ផែ​ដើម្បី​ចតទូក កាណូត​ជាដើម​។ កងទ័ព​ខ្មែរក្រហម ហូបចុក​មួយថ្ងៃ​៣​ពេល គឺ​ពេលព្រឹក​ហូប​បបរ ពេល​ថ្ងៃ​ហូបបាយ និង​ពេល​លា្ង​ច​ហូបបាយ​។​

​នៅ​ឆ្នាំ​១៩៧៩ វៀតណាម​បាន​វាយ​ចូលដល់​កំពង់សោម អ៊ុន និង​កងទ័ព​ផ្សេងទៀត បាន​រត់​ចេញពី​កោះ​ប៉ូ​ឡូ​វ៉ៃ ដោយ​ឆ្លងកាត់​តាម​ចម្លង​គោ នៅ​ខាងជើង​ស្ទឹងហាវ ឆ្ពោះទៅ​អណ្ដូងទឹក និង​ឡើង​ភ្នំ​អូរ ដំបង​។ បន្ទាប់មក អ៊ុន រួមជាមួយ​កងទ័ព ប្រជាជន​ប្រុស​ស្រី​ចំនួន​៣៣​នាក់​បាន​រត់​ត្រឡប់មក​កំពង់ស្ពឺ និង​បាន​ចូល​សារភាព​ជាមួយ​វៀតណាម​។ អ៊ុន ត្រូវ​ស្ថិតនៅ​មន្ទីរអប់រំ​រយៈ​មួយខែ​កន្លះ វៀតណាម​បញ្ជូនមក​កំពង់ត្រាំ ពាម​ខ្វាវ​។ បន្ទាប់មក អ៊ុន និង​មនុស្ស​ជាង​៣០​នាក់​ផ្សេងទៀត​បាន​បែក​គ្នា​ត្រឡប់មក​ស្រុកកំណើត​រៀងៗ​ខ្លួន​៕L ដោយៈ សោម លាភ និស្សិត​ស្ម័គ្រចិត្ត​លើ​គម្រោង​ជំរុញ​ឲ្យ​មានការ​ទទួលខុសត្រូវ​