​អតីត​ក្មេង​គំនរ​សំរាម​ក្លាយជា​បញ្ញវន្ត​

4665
ចែករម្លែក
  • 67.3K
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​អតីត​ក្មេង​រស់​នៅលើ​គំនរ​សំរាម​និង​រើស​សំរាម​ប្រមាណ​៣០​នាក់​នៅ​តំបន់​ស្ទឹងមានជ័យ បាន​ក្លាយជា​បញ្ញវន្ត ក្រោយ​បញ្ចប់​ការសិក្សា​ឧ​ត្ត​មសិ​ក្សា​នៅ​សាកលវិទ្យាល័យ​។​​ពួកគាត់​ត្រូវបាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CambodianChildren’sFund)​សង្គ្រោះ​ដំបូង​គេ​ពី​កន្លែង​ចាក់សំរាម​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០០៤​និង​២០០៥​។​

​និស្សិត​ទាំងអស់នេះ​បាន​ឆ្លងកាត់​កម្មវិធី​អប់រំ​ដែលមាន​សញ្ញាបត្រ​របស់​អង្គការ​CCF​ដែល​កម្មវិធី​នេះ​បាន​គាំទ្រ​ដល់​ការសិក្សា​របស់​ពួកគេ​ក្នុងអំឡុងពេល​នៅ​សាកលវិទ្យាល័យ​រហូតដល់​បញ្ចប់​ការសិក្សារ​។ នេះ​គឺជា​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​មួយ​សម្រាប់​និស្សិត​ទាំងនេះ​ដែល​មកពី​កន្លែង​ដ៏​ក្រីក្រ​ជាងគេ​នៅ​កម្ពុជា ពួកគេ​ភាគច្រើន​មិនបាន​ចូល​សាលារៀន​ឡើយ​មុនពេល​ចូល​អង្គការ CCF ។​

​ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​បញ្ចប់​ការសិក្សា អង្គការ​មូលនិធិ​កុមារ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨​បានរៀបចំ​ពិធី​ផ្តល់​កិត្តិយស​និង​ផ្តល់​លិខិត​សរសើរ​ដល់​កុមារ​ចំនួន​៣០​នាក់​ដែល​ពួកគេ​បាន​តស៊ូ​រហូត​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​និង​ទទួលបាន​សញ្ញាបត្រ​លើ​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លូន​។​

ក្នុងចំណោម​និស្សិត​ទាំងនេះ​មាន​និស្សិត​មួយចំនួន​ជា​កុមារ​ដែល​ត្រូវបាន​រកឃើញ​ដំបូង​គេ​ពេល​កំពុងធ្វើការ​និង​រស់នៅ​នៅ​កន្លែង​ចាក់សំរាម​កាលពី​ឆ្នាំ ២០០៤ និង ២០០៥​។​ក្នុងចំណោម​ពួកគេ មាន​កញ្ញា រួស ស្រី​និ​ច អាយុ ២៤ ឆ្នាំ ដែល​នៅ​កន្លែង​ចាក់សំរាម​កាលពី​អាយុ ៨ ឆ្នាំ នៅពេល​ត្រូវបាន​លោក Scott Neeson ដែលជា​ស្ថាបនិក​របស់​អង្គការ CCF រកឃើញ​។ នាង​គឺជា​កុមារ​ដំបូង​គេ​ដែល​ត្រូវបាន​អង្គការ CCF​ទទួលយក​។​ស្រី​និ​ច​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។​

​ចំណែក​បងប្អូន​ស្រី ឱក ណៃ​ហួយ និង ណៃ​ហៀ​ង បានរស់នៅ​អង្គការ CCF អស់​រយៈពេល ១៣ ឆ្នាំ​ក្រោយពី​ត្រូវបាន​សង្គ្រោះ​ពី​កន្លែង​ចាក់សំរាម ដែល​ពួកគេ​ធ្វើការ​ទាំងថ្ងៃទាំងយប់​។ ឥឡូវនេះ ពួកគេ​បានបញ្ចប់​ការសិក្សា​ដោយ​ទទួលបាន​សញ្ញាបត្រ​។​

​កញ្ញា​រួស​ស្រី​និ​ច​បាន​និយាយថា​«​ជីវភាព​នៅ​កន្លែង​ចាក់សំរាម​ពិតជា​ពិបាក​ណាស់​ខ្ញុំ​គ្មាន​ឱកាស​ទៅ​រៀន​ឡើយ​។​និយាយ​តាម​ត្រង់​ការរស់នៅ​ទីនេះ​ដូច​រស់នៅក្នុង​នរក​។ ខ្ញុំ​បានចាប់ផ្តើម​ជីវិត​របស់ខ្លួន​ដ៏​លំបាក ព្រោះ​ខ្ញុំ​កើត​ក្នុង​គ្រួសារ​ដែលមាន​បញ្ហា​»​។​នាង​បាន​បន្តទៀតថា​នាង​បាន​ពុះពារ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ជីវិត ហើយ​អង្គការ CCF បានផ្តល់​ការគាំទ្រ​ដល់​នាង​រហូតមក​។

បច្ចុប្បន្ន​នាង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​រួចហើយ​ដំណើរ​នៃ​ជីវិត​របស់​នាង​នៅ​អង្គការ CCF បាន​ឈានដល់​ទីបញ្ចប់​។ ប៉ុន្តែ​ជំពូក​ថ្មី​មួយ​នៃ​ជីវិត​របស់​នាង​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ នាង​ថា ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​អង្គការ CCF នាង​មិនអាច​ក្លាយជា​រូបនាង​នៅពេល​នេះឡើយ​។​

ចំណែក កញ្ញា ឱក​ណៃ​ហួយ​និង​ឱក​ណៃ​ហៀ​ង​ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា​ត្រូវបាន​អង្គការ​CCF​បាន​រើស​យកមក​ចឹ​ញ្ចឹ​ម​ទាំងពី​តូច​រហូតមក​ដល់ពេលនេះ​ឱក​ណៃ​ហួយ​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​។​

​ចំណែក​ប្អូនស្រី​ឱក​ណៃ​ហៀ​ង​ទទួលបាន​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​បាន​ថ្លែង​ដែរ​ថា​«​ពួកគាត់​ធ្វើការ​យ៉ាង​នឿយហត់​ដោយ​រើស​សំរាម​ពី​កន្លែង​ចាក់សំរាម​ដែល​ដ៏​មាន​ជាតិពុល​។​

ពួកនាង​តែងតែ​ភ្ញាក់​តាំងពី​ម៉ោង​៤​ទាបភ្លឺ​និង​រើស​សំរាម​រហូត​ដល់ពេលរ​សៀ​ល​ទើប​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ហូប​អាហារ​ថ្ងៃត្រង់​។​បន្ទាប់ពី​ហូប​រួច​បូក​នាង​ត្រូវ​ត្រឡប់​ទៅ​រើស​សំរាម​វិញ​រហូតដល់​ពេលយប់​ហើយ​ពេល​ខ្ញុំ​ទៅ​ដេក​ខ្លួន​របស់​ពួកគេ​ធុំក្លិន​អាក្រក់​ណាស់​។​ជីវិត​ពួកគេ​ត្រូវបាន​កែប្រែ​នៅពេល​ពួកគេ​ចូល​អង្គការ​CCF​កាលពី​ឆ្នាំ​២០០៥​និង​ចាប់ផ្តើម​ចូលរៀន​»​។​

​លោក Scott Neeson ដែលជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​របស់​អង្គការ​CCF​បាន​មានប្រសាសន៍ថា​៖ «​ឃើញ​កុមារ​ដែល​ធ្លាប់​ធ្វើការ​នៅ​កន្លែង​ចាក់សំរាម​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​គឺជា​ពេលវេលា​ដ៏​រំជួលចិត្ត​មួយ​សម្រាប់​ខ្ញុំ​។

​ឥឡូវនេះ​ពួកយើង​បាន​មកដល់​ចុងបញ្ចប់​នៃ​រង្វង់​ជីវិត​របស់​ពួកគេ​ហើយ​។​វា​ពិបាក​នឹង​ពិពណ៌នា​ណាស់​ថា​តើ​ពួកគេ​នឹង​អង្គការ​CCF​បាន​ឈាន​មកដល់​ចំណុច​នេះ​ដោយ​របៀប​ណា​។​ពួកយើង​សុទ្ធ​មាន​មោទនភាព​ចំពោះ​ពួកគេ​ម្នាក់ៗ​ជាខ្លាំង​»​។​

​លោក​បាន​បន្ថែមថា​៖​ខ្ញុំ​បានមក​កម្ពុជា​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤​ហើយ​បាន​ទៅ​កន្លែង​ចាក់សំរាម​នៅ​តំបន់​ស្ទឹងមានជ័យ​ហើយ​បានឃើញ​ស្ថានភាព​ដ៏​គួរឱ្យ​រន្ធត់​កុមារ​ទាំងនេះ​មិនមាន​អាហារ​ញុំ​ា​គ្រប់គ្រាន់ មិនមាន​ឪពុកម្តាយ ហើយ​រស់​នៅលើ​គំនរ​សំរាម​។

គិតដល់​កាលនោះ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើយ៉ាងណា នាំ​កុមារ​ទាំងនោះ ចាក​ចេញពី​កន្លែង​ដ៏​អាក្រក់​នោះ ហើយ​ឱ្យ​ពួកគេ​បាន​ចូល​សាលារៀន​តែប៉ុណ្ណោះ ខ្ញុំ​ពិតជា​មិន​ធ្លាប់​សុ​បិ​ន្ត​ទាល់តែសោះ​ថា​ពួកគេ​នឹង​មកដល់​ទីនេះ​ដោយបាន​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ច្រើន​យ៉ាងនេះ​។​

​លោក​បាន​បន្តថា​ភាគច្រើន​នៃ​សិស្ស​ទាំងនោះ​បច្ចុប្បន្ននេះ​បាន​ចូលរៀន​នៅ​សកល​វិទ្យាល័យ​ហើយ​អ្នក​ទាំងនេះ​គឺជា​កូនក្មេង​ដែល​ចូលមក​រស់នៅ​និង​រៀន​នៅពេលដែល​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​មក​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​ក្នុងនោះ​ក៏មាន​ក្មេងស្រី​ដំបូងបង្អស់​ដែល​ខ្ញុំ​បាន​យក​នាង​ចេញពី​គំនរ​សំរាម​នៅក្នុង​ដំណើរ​លើកទីមួយ​របស់​ខ្ញុំ​មក​កម្ពុជា​ហើយ​នាង​ក៏មាន​វត្តមាន​នៅទីនេះ​ផងដែរ​។​នាង​បានបញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​។

​សមិទ្ធផល​ទាំងនេះ​មាន​អត្ថន័យ​យ៉ាង​ធំធេង​ដល់​សិស្ស និស្សិត​ដែល​បញ្ចប់​ការសិក្សា​ក្នុងថ្ងៃនេះ និង​សិស្ស​ផ្សេងៗ​ទៀត​ក៏ដូចជា​គ្រួសារ​CCF​ទាំងមូល​។​លោក​ស្កុ​ត​បាន​ឱ្យដឹងទៀតថា​៖«​កត្តា​ដែល​ជម្រុញ​ចិ​ត្ដ​លោក ប្រកបដោយ​សោមនស្ស​នោះ គឺ​ការដែល​បាន​ឃើញថា សមិទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​ក្មេងៗ ទេ​ដែល​ទទួលបាន​។​

​ប៉ុន្តែ​គឺ​ក្រុមគ្រួសារ​ពួកគាត់​ទាំងមូល ដោយ​ពួកគេ​នឹង​នាំ​គ្រួសារ ចាក​ចេញពី​ទីកន្លែង​ដ៏​លំបាក​នេះ ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​នៅពេលដែល​ពួកគេ​មាន​កូនចៅ​ពួកគេ​នឹងមាន​ម្ហូបអាហារ​គ្រប់គ្រាន់​កូន​របស់​ពួកគេ​បាន​ចូល​សាលារៀន​ត្រឹម​ត្រូវមាន​កន្លែង​សមរម្យ​រស់នៅ​ហើយ​គ្រប់​អ្នកជំនាន់ក្រោយ​របស់​ពួកគេ ក៏​នឹងមាន​ជីវិត​ល្អប្រសើរ​ខ្លាំង​ជាង​នេះ​ផងដែរ​។ ទាំងអស់នេះ​គឺជា​សុភមង្គល​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ដែល​បានធ្វើ​កិច្ចការ​ដ៏​គួរឱ្យ​មោទនភាព​ខ្លាំងណាស់​» ។​

​អង្គការ​CCF​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៣​ធ្វើការ​ក្នុង​សហគមន៍​ដែល​នៅក្បែរ​អតីត​កន្លែង​ចាក់សំរាម​ក្នុង​រាជា​ធានី​ភ្នំពេញ ជា​កន្លែង​ដែល​កុមារ​ជាច្រើន និង​គ្រួសារ​របស់​ពួកគេ​ធ្លាប់​ធ្វើការ និង​រស់នៅ​។ មាន​កុមារ​ប្រមាណ ២០០០ នាក់​កំពុង​ស្ថិតក្នុង​កម្មវិធី​របស់​អង្គការ​នេះ​។

​ទោះបីជា​កន្លែង​ចាក់សំរាម​ត្រូវបាន​បិទ​កាលពី​ឆ្នាំ ២០០៩ ក៏ពិតមែន ក៏​តម្រូវការ​នៃ​សេវា​របស់​អង្គការ CCF​នៅតែ​ខ្ពស់​ដដែល​។​អង្គការ​CambodianChildren’sFund​បាន​ផ្លាស់ប្តូរ​កុមារ​ក្រីក្រ​បំផុត​ក្នុងប្រទេស​ឱ្យទៅជា​អ្នកដឹកនាំ​ទៅ​អនាគត​តាមរយៈ​ការផ្តល់​ការអប់រំ​ការឧបត្ថម្ភ​ដល់​គ្រួសារ​និង​កម្មវិធី​អភិវឌ្ឍ​សហគមន៍​ទៅដល់​សហគមន៍​ដែល​ក្រីក្រ​បំផុត​នៅក្នុង​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​

​អង្គការ​CCF​ជឿជាក់ថា​ដោយមាន​ការអប់រំ​និង​ការគាំទ្រ​ដែល​ត្រឹមត្រូវ​កុមារ​ម្នាក់​មាន​សក្តានុពល​លើកស្ទួយ​គ្រួសារ​ទាំងមូល​របស់ខ្លួន​ឱ្យ​ចាក​ចេញពី​ភាពក្រីក្រ និង​ហើយ​កុមារ​មួយ​ជំនាន់​ដែលមាន​ការអប់រំ មាន​អានុភាព​អាច​កែប្រែ​សង្គម​ទាំងមូល​បាន​៕S/