​អតីត​ប្ដី​ដើរ​ចូលទៅ​ចាក់​ចិន​ម្នាក់​ជា​ប្ដី​ក្រោយ​ឱ្យស្លាប់​រួច​ចាក់​ប្រពន្ធ​និង​ម្ដាយក្មេក​រងរបួស​ធ្ងន់

493
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​មាន​ហេតុការណ៍​កើតឡើង​បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ​និង​ប្ដី​ដែលជា​ជនជាតិ​ចិន​និង​កូន​២​នាក់​រួម​ស្ត្រី​ម្នាក់ទៀត​សរុប​៥​នាក់​បាន​ចូលមក​ញ៉ាំ​ស៊ុប​។​មួយសន្ទុះ​ក្រោយមក​ក៏មាន​បុរស​ម្នាក់​ដែល​អះអាងថា​ជា​ប្ដី​ដើម​បាន​ជិះ​ម៉ូតូ​មកដល់​ក៏​រត់​ចុះទៅ​ចាក់​ទាំង​ក្រុមគ្រួសារ​បណ្តាលឱ្យ​ជនជាតិ​ចិន​នោះ​ស្លាប់​និង​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ហើយ​ក៏បាន​រត់គេចខ្លួន​បាត់​។

​ហេតុការណ៍​ដ៏​រន្ធត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅត្រង់ចំណុច​ផ្ទះ​លេខ​៧៩៣ (​ហាង Family BBQ Buffet) ផ្លូវ​១០១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០៧:២០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​។

​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​បានឱ្យដឹង​មុននេះ​ថា​បុរស​ជនជាតិ​ចិន​ដែលជា​ប្ដី​ក្រោយ​នោះបាន​ស្លាប់​ហើយ​ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី​។​លោក​ហៀ​ង​ណា​រ៉េត​អធិការរង​នគរបាល​ខណ្ឌចំការមន បានឱ្យដឹងថា បុរស​ដៃដល់​ចាក់ទៅលើ​មនុស្ស​៣​នាក់ បណ្ដាលឱ្យ​ស្លាប់​និង​របួស​នោះ គឺជា​អតីត​ប្ដី​របស់​នារី​រងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។ តែ​ត្រូវបាន​គេ​ស្គាល់​ថា​ជាម​ន្ត្រី​យោធា និង​មិនទាន់​ដឹងថា​ជា​ករណី​អ្វី​នោះដែរ ព្រោះ​កម្លាំង​លោក​កំពុង​ស្រាវ​ជ្រា​មួយ​ជំហាន​សិន​។

​តាម​ការរៀបរាប់​ពី​សន្តិសុខ​យាម​ម៉ូតូ​មុខ​ហាង បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​រង​គ្រោះជា​ប្រពន្ធ​និង​ក្រុមគ្រួសារ​មានកូន​២​នាក់​និង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ដាយ​បាន​ជិះ​រថយន្ត​Highlander​មួយគ្រឿង​មក​ហាង​កើតហេតុ​។​ក្រោយមក​មាន​ជនជាតិ​ចិន​ដែលជា​ប្ដី​ក្រោយ​ជិះ​កង់​មួយគ្រឿង​មក​តាម​ក្រោយ​ទើប​នាំគ្នា​ហៅ​ស៊ុប​ញាំ​ជុំគ្នា​។​

​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនដៃដល់​ជិះ​ម៉ូតូ​ស​មួយគ្រឿង​ម៉ាក​PCX​មិន​ចាំ​ស្លាក​លេខ​កាត់មុខ​ហាង​មួយ​ជុំ​រួច​ទើប​ជិះ​យក​ម៉ូតូ​ទៅ​ទុក​នៅ​ខាងក្រោយ​រថយន្ត​ដែល​គេ​ចត​ចោល​នៅក្បែរ​ហាង​។​រួច​។​ក៏​ដើរ​ចូលទៅ​ស្របពេលនោះ​ដែល​ក្រុម​នារី​រត់​តុ​ក៏បាន សាកសួរ​រក​ថា អញ្ជើញពិសារ​អ្វី​ដែរ តែ​បុរស​ដៃដល់ មិន​ឆ្លើយតប​នោះទេ បែរជា​ប្រញាប់​ដើរ​សំដៅ​ទៅរក​បុរស​ជន​ជាតិចិន​រងគ្រោះ ដែល​កំពុង​អង្គុយ​ហូប​ស៊ុប​ជាមួយ​ប្រពន្ធ​និង​កូន​រួមទាំង​ម្ដាយក្មេក​។​រួច​ដក​កាំបិត​ដែល​ទុក​នៅក្នុង​កាបូបស្ពាយ​នោះ ចាក់​ជនជាតិ​ចិន​នោះ ជាច្រើន​កាំបិត បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ហូរឈាម​ពេញ​ហាង​។

​ចំណែកឯ​នារី​ជា​ប្រពន្ធ​និង​ស្ត្រី​ជា​ម្ដាយ​ក៏ត្រូវ​បាន​បុរស​ជា​ប្ដី​នោះ​ចាក់​ជាច្រើន​កាំបិត​បណ្ដាលឱ្យ​របួសធ្ងន់​ទាំង​២​នាក់​។ ក្រោយពី​ចាក់ទៅលើ​មនុស្ស​៣​នាក់​ខាងលើ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ហើយ ជនដៃដល់​បាន​កំពុង​ដើរ​ចេញពី​ហាង​ទៅយក​ម៉ូតូ​វិញ​។ ស្របពេល​ជាមួយគ្នា​នោះ​មាន​ភ្ញៀវ​និង​បុគ្គលិក​ក្នុង​ហាង បាន​រត់ចេញ​មកជួយ​ចាប់​ដែរ តែដោយសារ​តែ​ឃើញ​កាំភ្លើង​នៅជាប់​ចង្កេះ​របស់​ជនដៃដល់​នោះ​ទើប​មិនមាន​អ្នកណា​ហ៊ាន​ចូលទៅ​ឃាត់​និង​ចាប់​ឡើយ ទើបបាន​បណ្ដោយឱ្យ​ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។

​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​និង​ស្ត្រី​ជា​ម្ដាយ​ដែល​រងរបួស​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​គ្លីនិក​ឯកជន​ទំនើប​។ ចំណែកឯ​បុរស​ជនជាតិ​ចិន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី​ក៏​ស្លាប់ ៕S/​

#