​អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ចូល​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច

199
ចែករម្លែក

ដោយ​៖​បាយ័ន
​សៀមរាប​:
អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ចូលខ្លួន​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្រុក​សូទ្រនិគម ពាក់ព័ន្ធ​នឹង​ការចែក​ចាយ ការអំពាវនាវ​របស់​ទណ្ឌិត សម រ​ង្ស៉ី នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) ។ ការចូល​ខ្លួន​សារភាព​របស់ អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែលជា​ទីកន្លែង​រស់នៅ​របស់ខ្លួន​។​

​លោក ឃុន វណ្ណា អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ចូល​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការចែក​ចាយ ការអំពាវនាវ​របស់ លោក សម រ​ង្ស៉ី នៅលើ​បណ្តាញ​សង្គម Facebook ដែលជា​ផែនការ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ឃុន វណ្ណា បាន​និយាយថា បន្ទាប់ពី​បានភ្ញាក់រលឹក ដកខ្លួន​ហើយ​នោះ អតីត​សកម្មជន អតីត​គណបក្សប្រឆាំង​ដ៏​សកម្ម​រូបនេះ បានប្រកាស​លុបចោល នូវ​ការ​ចែកចាយ​បន្ត នូវ​សកម្មភាព ឬ​ការអំពាវនាវ​របស់ ទណ្ឌិត សម រ​ង្ស៉ី ហើយ​អំពាវនាវ​ឱ្យ អតីត​សកម្មជន​ទាំងអស់ កុំ​ចែកចាយ ឬ​ចូលរួម​ជាមួយ​ផែនការ រដ្ឋប្រហារ​ខុសច្បាប់ របស់​ទណ្ឌិត សម រ​ង្ស៉ី​។

លោក ឃុន វណ្ណា អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សូទ្រនិគម

​លោក​បាន​បញ្ជាក់ថា នៅ​គ្រា​ដំបូង លោក​បាន​ចែកចាយ អំពី​មាតុភូមិនិវត្តន៍​របស់​ទណ្ឌិត សម រ​ង្ស៉ី ដោយសារតែ​ពេលនោះ មិនបាន​ដឹងថា វា​ជា​រឿង​ខុសច្បាប់ ប៉ុន្តែ​ក្រោយមក បន្ទាប់ពី​ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​ចិញ្ចឹម​កងទ័ព និង​អំពាវនាវ​ដល់​កងទ័ព ចូលរួម​ប្រឆាំង​រដ្ឋាភិបាល ទើប​លោក​យល់ថា នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​សម្រេចចិត្ត ចូលមក​សារភាព ចំពោះមុខ​សមត្ថកិច្ច ដើម្បី​បាន​រួច​ផុតពី​ទោស​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ និង​មិត្តភក្តិ ក្នុង​បណ្តាញ​សង្គម Facebook កុំ​យល់ច្រឡំ រួមគំនិត​ក្បត់ជាតិ​ឱ្យសោះ ខ្ញុំ​សូម​សំណូមពរ ដល់​មិត្តភក្តិ នៅលើ​បណ្តាញ​សង្គម Facebook សូម​លុប​សារ​ចេញពី​គណនី (Account) របស់ខ្លួន​ឱ្យអស់ ហើយ​ខ្ញុំ​សូម​ថ្កោលទោស សកម្មភាព​ទណ្ឌិត សម រ​ង្ស៉ី ដូចជា​ការ​កៀរគរ​ពលរដ្ឋ កៀរគរ​ទ័ព​ជា​សកម្មភាព​រួមគំនិត​ក្បត់ជាតិ ខ្ញុំ​សូម​សន្យាថា ខ្ញុំ​លែង​គាំទ្រ និង​ចែកចាយ​ព័ត៌មាន តាម​បណ្តាញ Facebook ទៀតហើយ ព្រោះ​វា​ជា​សកម្មភាព​រួមគំនិត​ក្បត់ជាតិ​»​។​

​សូមបញ្ជាក់ថា ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​វិល​ចូល ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ក្នុង​គោលបំណង​ធ្វើ​រដ្ឋប្រហារ ខុសច្បាប់ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រោយ​ប្រកាស​វិល​ចូល​ប្រទេស លោក​បាន​អំពាវនាវ ឱ្យ​កងទ័ព​ផ្តាច់ខ្លួន ពី​រាជរដ្ឋាភិបាល ទៅ​ចុះចូល​ជាមួយ​ខ្លួន ដោយ​ប្រកាសថា នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត ដល់​ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំ​ក្រុម​ឧទ្ទាម​ថែមទាំង អំពាវនាវ​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ ដោយ​បង្គាប់​ឱ្យ ព្រះមហាក្សត្រ​ដាក់រាជ្យ ដើម្បី​រំលាយ​របបរាជានិយម ថែម​ទៀតផង​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ តុលាការ​ដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ឈ្មោះ ជិន សុ​ង៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អតីត​ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ពីបទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួល​រលំ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ហើយ​ជននេះ មិនទាន់បាន​ចាប់ខ្លួន នៅឡើយ​ទេ​៕v