​អតីត​ស្មៀនឃុំ​ម្នាក់​ថា​ថ្នាក់លើ​ផ្លាស់ប្តូរ​មន្ត្រី​យ៉ាង​តក់ក្រហល់​គឺមាន​ភាពមិនប្រក្រតី​

313
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​រយៈពេល​១​សប្តាហ៍​កន្លងផុត​ទៅហើយ​ដែល​អតីត​ស្មៀនឃុំ​សែន​មនោ​រម្យ​អ្នកស្រី​ញ្រុំ​សុ​ភី​បាន​រង​នូវ​ភាពអយុត្តិធម៌​នៃ​ការប្តូរ​ផ្លាស់​អ្នកស្រី​ចេញពី​ស្មៀន​ឱ្យទៅ​បំពេញការងារ​នៅ​សាលាស្រុក​យ៉ាង​តក់ក្រហល់​។​អ្នកស្រី​បាន​ហៅ​ការ​ប្តូរផ្លាស់​នេះ​ថា​ជាការ​ធ្វើ​ស៊ីម​កលើ​អ្នកស្រី​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​អ្នកស្រី​ញ្រុំ​សុ​ភី​អតីត​ស្មៀនឃុំ​សែន​មនោ​រម្យ​ស្រុក​អូ​រាំង​ត្រូវបាន​អភិបាលស្រុក​ស្នើឱ្យ​ប្តូរ​ផ្លាស់ចេញ​យ៉ាង​តក់ក្រហល់​និង​តម្រូវ​ឱ្យទៅ​បំពេញ​កា​ងារ​នៅ​សាលាស្រុក​ដោយ​ប​ញ្ជួ​ន​លោក​ហុំ​កាំ​ជា​មន្ត្រី​សាលាស្រុក​ឱ្យទៅ​ធ្វើជា​ស្មៀន​វិញ​ម្តង​។​

​អ្នកស្រី​ញ្រុំ​សុ​ភី​អតីត​ស្មៀនឃុំ​សែន​មនោ​រម្យ​នៅ​ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​នេះ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​បានឱ្យដឹងថា​ការប្តូរ​ផ្លាស់​អ្នកស្រី​ធ្វើឡើង​មិន​សម​ហេតុផល​ដោយ​អ្នកស្រី​ពុំបាន​ដឹង​អំពី​មូលហេតុ​ឬ​កំហុសឆ្គង​ពេល​បំពេញ​កា​ងារ​របស់​អ្នកស្រី​។​អ្នកស្រី​សុ​ភី​ថា​តាម​ការប៉ាន់ស្មាន​អាចមកពី​អ្នកស្រី​ទិញ​ដីធ្លី​មួយកន្លែង​ពី​សមាជិក​ក្រុមប្រឹក្សាឃុំ​។​កាល​ទិញ​នោះ​គឺ​ពុំទាន់​មានការ​ព​ង្រី​ដី​ព្រលានយន្តហោះ​នៅឡើយ​,​ពេលនោះ​ក៏មាន​ការព្រមាន​អ្នកស្រី​ផងដែរ​ឱ្យ​ឈប់​ទិញ​ដី​ចំណុច​នោះ​ហើយ​តាំងពី​ពេល​នោះមក​អ្នកស្រី​ក៏​ឈប់​ទិញ​ដី​ដែរ​។​

​អ្នកស្រី​អតីត​ស្មៀន​មាន​អារម្មណ៍​ថា​ការប្តូរ​ផ្លាស់​អ្នកស្រី​គឺជា​ការធ្វើ​ស៊ី​អ្នកស្រី​តែម្តង​។​ព្រោះ​ការប្តូរ​អ្នកស្រី​ចេញពី​ស្មៀន​និង​អះអាងថា​កង្វះ​មន្ត្រី​សាលាស្រុក​ហេតុអ្វី​បានជា​យក​មន្ត្រី​សាលាស្រុក​ទៅ​ជំនួស​ដំណែង​អ្នកស្រី​ទៅវិញ​? ដោយ​មិន​ស្នើសុំ​ទៅ​ថ្នាក់លើ​រក​មន្ត្រី​ផ្សេង​មក​បំពេញបន្ថែម​,​មានន័យថា ថ្នាក់ស្រុក​មិន​ពេញចិត្ត​អ្នកស្រី​។​អតីត​ស្មៀន​ដែល​រង​ភាពអយុត្តិធម៌​បន្តថា​អ្នកស្រី​បាន​ធ្វើជា​ស្មៀន​រយៈពេល​៦​ឆ្នាំ​កន្លង​ទៅហើយ​និង​បាន​ប្រឡង​ជាប់​បម្រើកា​ងារ​នៅ​សាលាស្រុក​រយៈពេល​១​ឆ្នាំមុន​ទៅជា​ស្មៀន​។​

អ្នកស្រី​សុ​ភី​បន្តថា​ថ្នាក់លើ​បាន​លើក​ហេតុផល​ប្តូរផ្លាស់​នេះ​ថា​អ្នកស្រី​អស​កក​ម្មកា​ងារ​,​ពលរដ្ឋ​មួយចំនួន​មិន​ពេញចិត្ត​លើ​ការបំពេញ​សេវាសាធារណៈ​របស់​អ្នកស្រី​ជាដើម​។​រាល់​កំហុសឆ្គង​ខ្លះ​អ្នកស្រី​បាន​ទទួលស្គាល់ថា​ថ្នាក់លើ​របស់​អ្នកស្រី​ពុំដែល​អប់រំ​ទូន្មាន​ឬ​ធ្វើ​កិច្ចសន្យា​កែប្រែ​ចំពោះ​អ្នកស្រី​ឡើយ​ធ្វើ​ការប្តូរ​អ្នកស្រី​ចេញ​តែម្តង​។​អ្នកស្រី​ថា​ការប្តូរ​ផ្លាស់​នេះ​អាចមកពី​អ្នកស្រី​ដឹង​ផ្ទៃក្នុង​មិនល្អ​ច្រើន​ក្នុង​ជួរ​រដ្ឋបាល​ឃុំ​ស្រុក​ហើយ​ខ្លាច​បែក​ទើប​ប្តូរ​ចេញ​យ៉ាង​តក់ក្រហល់​បែបនេះ​។​អ្នកស្រី​ញ្រុំ​សុ​ភី​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​ឡើងវិញ​និង​ស្វែងរក​ភាពមិនប្រក្រតី​ដែល​កំពុង​កើតមាន​ក្នុងស្រុក​អូ​រាំង​នេះ ថែម​ទៀតផង​។​

​អ្នកស្រី​ខ្វាន់​ត្រែ​ល​មេឃុំ​សែន​មនោ​រម្យ​ក៏បាន​បញ្ជាក់​ខ្លះៗ​ដែរ​អំពី​មូលហេតុ​នេះ​ការ​ប្តូរផ្លាស់​ស្មៀន​រូបនេះ​ដោយ​អ្នកស្រី​ថា​នេះ​ជាការ​រៀបចំ​របស់​អភិបាលស្រុក​ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ពេញចិត្ត​លើ​ការបំពេញ​កា​ងារ​របស់​អ្នកស្រី​ញ្រុំ​សុ​ភី​។​ក្នុងនោះ​ការប្តូរ​នេះ​ក៏​ដោយសារតែ​កង្វះ​មន្ត្រី​ក្នុង​សាលាស្រុក​អូ​រាំង​ដែល​តម្រូវឱ្យ​ញ្រុំ​សុ​ភី​ទៅ​បំពេញ​កា​ងារ​នៅ​ទី​នោះដែរ​។​ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត​អ្នកស្រី​ខ្វាន់​ត្រែ​ល​ពុំបាន​បញ្ជាក់​ទៀតឡើយ​ដោយ​អ្នកស្រី​ថា​អ្វីៗ​ជាការ​សម្រេច​របស់លោក​អភិបាលស្រុក​លោក​សៀក មុន្នី​។​

​អភិបាលស្រុក​អូ​រាំង​លោក​សៀក​មុន្នី​កាលពី​ថ្ងៃទី​២០​វិច្ឆិកា ក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច លោក​បញ្ជាក់ថា ការប្តូរ​ផ្លាស់​នេះ​មិនមែន​ចេះតែ​ប្តូរ​នោះទេ​គឺ​ដោយសារ​មាន​ការមិន​ពេញចិត្ត​ពី​ពលរដ្ឋ​លើ​ការបំពេញ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ហើយ​លោក​ក៏បាន​អប់រំ​ម្តង​ជា​ពីរដង​ដែរ​តែ​អតីត​ស្មៀន​នោះ​គឺ​មិន​ធ្វើតាម​ចេះតែ​ដដែលៗ​មិន​កែប្រែ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​ក្រោយ​ទទួលបាន​ដំណែង​ជា​ស្មៀនឃុំ​មិនទាន់បាន​១០​ថ្ងៃ​ផង​លោក​ហុំ​កាំ​ត្រូវ​បែកធ្លាយ​ឯកសារ​ស្នើសុំ​កាន់កាប់​ដី​ជាច្រើន​កន្លែង​ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​។​ដែល​ឯកសារ​ស្នើសុំ​ទាំងនោះ​ពុំបាន​បំពេញបែបបទ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​ថែមទាំង​មាន​ត្រា​និង​ឈ្មោះ​លោក​មេភូមិ​ពូ​រ៉ាង​ឈ្មោះ​អ៊ុង​សេរី​វុទ្ធី​បោះត្រា​ចាំ​រួចរាល់​ជាស្រេច​ថែមទៀត​ផង​។​យ៉ាងណា​នោះគេ​នៅ​ពុំទាន់​ដឹង​អំពី​ប្រភេទ​ដី​ដែល​ស្នើសុំ​ថា​ជា​ដី​ស្របច្បាប់​,​មិន​ស្របច្បាប់​ឬ​យ៉ាងណា​នោះឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​មិនទាន់បាន​ការបញ្ជាក់​ពី​លោក​ហុំ​កាំ​ជា​ស្មៀនឃុំ​សែន​មនោ​រម្យ​ទើប​ឡើង​ថ្មី​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ការស្នើសុំ​កាន់កាប់​ដី​ជាច្រើន​កន្លែង​ក្នុងភូមិ​ពូ​រ៉ាង​នេះ​នៅឡើយ​ទេ​។​សារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​ពីសា​ម៉ី​រឿង​និង​ផ្សាយ​ជូន​នាពេល​ក្រោយ​៕S/