​អត្ត​ព​លិ​ក​ប្រមាណ ៣០០ នាក់ ជិត​ដល់​ថ្ងៃ​ចេញទៅ​ស៊ី​ហ្គេម លើក​ទី​៣០

198
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រតិភូ​កីឡា​កម្ពុជា ចំនួន​ជាង ៣០០ នាក់ នឹងត្រូវ​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​ចាប់ផ្តើម ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា ដែលមាន​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៣១ ប្រភេទ​កីឡា សរុប​មាន​ចំនួន ៤៤៧ នាក់ ក្នុងនោះ​អត្ត​ព​លិ​ក មាន​ចំនួន ២៨៩ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លីន​។​

​កីឡា​ទាំង ៣១ ប្រភេទ នោះ​មាន កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់ U22, បាល់បោះ​, អត្តពលកម្ម​, ហែល​ទឹក​, កាយសម្ព័ន្ធ​, វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, ទោចក្រយាន​, គុន​ដាវ​, វាយ​កូន គោល​, ទូកក្ដោង​, កា​រ៉ា​តេ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, កីឡា​រាំ​, សូ​ហ្វ​តិ​ន្នី​ស​, ទូក​ប្រពៃណី​-​ទូក​កា​នូ​, ឃី​ក​-​ប៊ុ​ក​ស៊ី​ង​(Kick-Boxing),​អ៊ី​ស្ព​ត (E-Sports) ,​កីឡា​ហុក​គី​, តេ​ក្វាន់​ដូ WT, ប៉េតង់​, ជឺ​ជិត​ស៊ូ​, ប្រដាល់​គុន​ខ្មែរ​, សីដក់​, ប្រដាល់សកល​, វាយ​កូន​បាល់​, ល្បុក្កតោ និង កីឡា​ចំបាប់​។​

លោក វ៉ា​ត់ ចំរើន​

​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​ចំណោម ៣១ ប្រភេទ​កីឡា​នោះ កម្ពុ​ជាមាន​ជំនឿ​ចិត្ត លើ​ជាង ១០ ប្រភេទ​កីឡា ដែលមាន​សក្ដានុពល ក្នុងការ​ដណ្ដើមយក មេដាយ ដូចជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo), ប៉េតង់​, ជឺ​ជិត​ស៊ូ​, ប្រដាល់​គុន​ខ្មែរ​, សីដក់​, ប្រដាល់សកល​, វាយ​កូន​បាល់​, ល្បុក្កតោ ,​កា​រ៉ា​តេ និង​សូ​ហ្វ​តឺ​នី​ស្ត ជាដើម​។​

​សូមបញ្ជាក់ថា កាល​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ប្រទេស ចំនួន​១១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ដណ្ដើមបាន មេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ១២ គ្រឿង ៕v