​អត្ត​ព​លិ​ក ចំនួន ៣.៣៩០ នាក់ ចូលរួម​ប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១

1258
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១ (1st National School Games) នឹងធ្វើ​ពិធី​បើក​ការប្រកួត ជា​ផ្លូវការ នៅ​ថ្ងៃទី​១១ និង​បិទ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​កន្លងមក ការប្រកួត​កីឡា​សិស្ស​បែបនេះ គឺ​ធ្វើ​តែ ៤ ប្រភេទ​កីឡា​ប៉ុណ្ណោះ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​ប្រភេទ​កីឡាអត្តពលកម្ម ។ តែ​សម្រាប់​ឆ្នាំ​២០១៩ នេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត គឺ​ការប្រកួត ធ្វើ​ឡើងជា​ពហុ​ប្រភេទ​កីឡា និង​ធ្វើតាម​រូប​ភាពជា​ហ្គេម​តែម្ដង ។ សម្រាប់​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ដំបូង​នេះ ត្រូវបាន​ដាក់​កីឡា ចំនួន ១១ ប្រភេទ ឲ្យ​ប្រកួត ដែល​រួមមាន​ចំនួន ៩៥ វិញ្ញាសា ។​

​លោក ឈុន ចាន់ធូ អគ្គនាយករង​កីឡា បាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១​នេះ ទាំង​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​នាយ​បេសកកម្ម មាន​ចំនួន​សរុប ៣.៤៤៥ នាក់ ក្នុងនោះ ៣.៣៩០ នាក់ ជា​កីឡាករ​-​កីឡាការិនី​។​

​កីឡា​ទាំង ១១ ប្រភេទ​នោះ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​ការ៉ាត់តេ កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​តេ​ក្វាន់​ដូ ITF ។​

និម្មិត​រូប​នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​

​ក្នុងអំឡុងពេល​ប្រកួត​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួល​សណ្ឋាគារ និង ផ្ទះសំណាក់ ចំនួន ៨២៥ បន្ទប់ សម្រាប់​ការ​ស្នាក់នៅ របស់​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី ដែលជា​នាយ​បេសកកម្ម មកពី​ទាំង ២៥ រាជធានី ខេត្ត ហើយ​សម្រាប់​មួយ​ខេត្ត និង​មួយ​រាជធានី បានទទួល​រថយន្ត ចំណុះ​២៥​កៅអី មួយគ្រឿង សម្រាប់​ដឹក​កីឡាករ​- កីឡាការិនី ទៅ​ប្រកួត និង​ត្រឡប់មកវិញ ។​

​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា បាន​មានប្រសាសន៍ថា ក្នុងអំឡុង នៃ​ពេល​ប្រកួត​នេះ ប្រសិនបើ​មានការ​តវ៉ា ហើយ​ដោះស្រាយ ដោយ​មន្ត្រី​បច្ចេកទេស មិនបាន​នោះ ការសម្រេច​របស់ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត គឺជា​ការសម្រេច​ចុងក្រោយ និង​បិទផ្លូវ​តវ៉ា​។​

​លោក​បាន​បន្តថា កីឡាករ​-​កីឡាការិនី ដែល​អាច​ចូលរួម​ប្រកួត​បាន ត្រូវតែមាន​អាយុ​ក្រោម ១៨​ឆ្នាំ បើ​លើសពី​១៨​ឆ្នាំ មានន័យថា ពួកគេ​កំពុងតែ​សិក្សា នៅ​ឧ​ត្ត​មសិ​ក្សា​ហើយ ។​

​ការប្រកួត​នេះ មាន​មេដាយ​សរុប ចំនួន​៦៧៩​គ្រឿង ដែល​ក្នុងនោះ មេដាយមាស ២១៩ គ្រឿង មេដាយប្រាក់ ២១៩ គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ២៤១ គ្រឿង​។ សូមបញ្ជាក់ថា មេដាយសំរិទ្ធ មាន​ចំនួន​លើស​មេដាយមាស និង​ប្រាក់ ដោយសារតែ​ប្រភេទ​កីឡា​ខ្លះ តម្រូវ​ឲ្យ​មាន​មេដាយសំរិទ្ធ​ស្ទួន ៕v