​អត្ថន័យ​នៃ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ចំពោះ​ខ្ញុំ​

857
ចែករម្លែក
  • 1
    Share

​ដោយៈ​ព្រំ គិត​ម៉ាន់ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​
​ភ្នំពេញៈ​នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​អំឡុង​ខែមេសា​ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា​ភាគច្រើន មាន​ក្តី​សង្ឃឹមថានឹង​ទទួលបាន​នូវ​សុខសន្តិភាព​យ៉ាងពិត​ប្រាកដ ។ ប៉ុន្តែ​ជា​អកុសល ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូលក្នុង​កណ្ដាប់ដៃ​ក្រុម​កុម្មុយនីស្ត​ដ៏​ឃោរឃៅ​មួយ​ដែល​មនុស្សជាតិ​ស្គាល់​ថា របប​ខ្មែរក្រហម បាន​ដឹកនាំ​ប្រទេស​រវាង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩​។

​ខ្មែរក្រហម​បាន​ប្រើប្រាស់​អំពើហិង្សា​គ្រប់​ប្រភេទ​សម្រាប់​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​ដល់​គោលដៅ​ដែល​ខ្លួន​ចង់បាន​។​ប្រជាជន​បានទទួល​រង​ការធ្វើ​បាប ការកាប់សម្លាប់ ព្រាត់ប្រាស់ និង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជា​រៀងរហូត​ដោយសារតែ​ភាព​អាត្មានិយម​របស់​អ្នកដឹកនាំ​នៃ​របប​នេះ​។

​ទោះបីជា​របប​ខ្មែរក្រហម បានទទួល​បរាជ័យ​នៅក្នុង​ខែមករា ឆ្នាំ​១៩៧៩ ក៏ដោយ ក៏​របប​នេះ បាន​បន្សល់ទុក​នូវ​ស្នាមរបួស និង​អនុស្សាវរីយ៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​រហូតដល់​សព្វថ្ងៃ ថែមទាំង​បានធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​ភាគច្រើន​ជួបប្រទះ​បញ្ហា​ដូចជា វិបត្តិ​ផ្លូវចិត្ត គំនុំ​គុំ​គួ​ន ភាព​ស្អប់ខ្ពើម ព្រមទាំង​បាន​ជះឥទ្ធិពល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដែរ​។ ដោយសារតែ​ផលប៉ះពាល់​ទាំងអស់នេះ ទើប​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ពិតជា​ត្រូវការ​ការផ្សះផ្សា​ជា​ចាំបាច់​ដើម្បី​រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​នៃ​បញ្ហា​អតីតកាល​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​និង​អង្គការសហប្រជាជាតិ បាន​បង្កើត​តុលាការ​ខ្មែរក្រហម​ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​សម្រាប់​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្រជាជន​កម្ពុជា រួមទាំង​ស្ថាប័នរដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល​នានា ក៏បាន​សហការ​ជំរុញ​ដល់​ដំណើរការ​ផ្សះផ្សា​ដែលជា​តម្រូវការ​ទាំង​អ្នក​រស់រានមានជីវិត​បន្ទាប់ពី​របប​ខ្មែរក្រហម (​ជនរងគ្រោះ​) និង​ទាំង​ជនដៃដល់​។

​កាលពី​ថ្មីៗ​កន្លងទៅនេះ ខ្ញុំ បាន​ចូលរួម​ទស្សនា​ការសម្តែង​ល្ខោននិយាយ ”​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ស្ថិតនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​មិនមែនជា​ការសម្តែង​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វត្ត​មាននៃ​ការសម្តែង​ល្ខោននិយាយ​នេះ​ម្តងទៀត​នៅក្នុង​ឆ្នាំ​២០១៩ បាន​នាំយកមក​នូវ​ទម្រង់​ថ្មី គឺជា​ការបន្ថែម​ឈុត​១​ដ៏​អស្ចារ្យ​សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ ដែល​អាច​ស្វែងយល់​ទាំង​រឿងរ៉ាវ​អតីតកាល​ផ្សាភ្ជាប់​មក​ពេលបច្ចុប្បន្ន​។ តាមរយៈ​សិ​ល្បះ​ល្ខោននិយាយ​នេះ​ទៀតសោត ក៏បាន​លើកយក​ដំណោះស្រាយ​មួយចំនួន ដើម្បី​ទទួលបាន​នូវ​ការផ្សះផ្សា​សម្រាប់​សង្គម​មួយ​ដែល​ធ្លាប់តែ​ទទួលរង​ការបែកបាក់​ពី​អតីតកាល​សម្រាប់​ពេលវេលា​បច្ចុប្បន្ន​។ ចំពោះ​ខ្ញុំ​ផ្ទាល់ នេះ​ជា​លើកដំបូង ដែល​ខ្ញុំ​បាន​ចូលរួម​ទស្សនា​រឿងល្ខោន​និយាយ​សម្តែង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បែបនេះ​។ ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ព្រោះ​សាច់រឿង ល្ខោន​នេះ បានបង្ហាញ​ពី​មនោសញ្ចេតនា និង​ទាញយក​អារម្មណ៍​របស់ខ្ញុំ​ចូលទៅក្នុង​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​ពី​អតីតកាល​ចំពោះ​ប្រទេស​កម្ពុជា​ព្រមទាំង​ប្រជាជន​កម្ពុជា​ដែរ​។​ល្ខោន​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​កាន់តែ​ច្រើនជាង​មុន​អំពី​ភាពខុសគ្នា​នៃ​ទំនាក់ទំនង​របស់​មនុស្ស​នៅក្នុង​ប្រទេស​ដែល​កំពុងតែ​ជួប​បញ្ហា និង​ប្រទេស​ដែល​ស្ថិតក្នុង​ពេលវេលា​នៃ​សន្តិភាព​មួយ​។

​ខ្ញុំ​គិតថា​ការសម្តែង​ល្ខោន​នេះ​បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ចំពោះ​ការបន្ថែម​ការយល់ដឹង​មួយកម្រិត​ទៀត​អំពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​រប​ស់​ខ្លួន និង​បញ្ហា​ដែល​ប្រជាជន​កំពុងតែ​ប្រឈមមុខ​សព្វថ្ងៃនេះ​។

​ក្នុងនាម​ខ្ញុំ គឺជា​យុវវ័យ​ជំនាន់​ក្រោយ កើត​ក្នុងអំឡុង​ពេលដែល​ប្រទេស​ស្ថិតក្នុង​សន្តិភាព គឺ​ប្រវត្តិសាស្ត្រ​ហាក់បីដូចជា​ស្ថិតក្នុង​ក្តី​ស្រមើស្រមៃ​តែប៉ុណ្ណោះ​។ ទោះបីជា វា​ត្រឹមតែ​ការស្រមើស្រមៃ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​យ៉ាងខ្លាំង​នៅ​ពេលឮ​រឿងរ៉ាវ​ទាំងអស់នេះ​។ តើ​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ផ្ទាល់​ទទួលរង​ការឈឺចាប់​អ្វីខ្លះ​។ ខ្ញុំ​យល់ថា ការផ្សះផ្សា​គឺជា​កត្តា​មួយ​យ៉ាងសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មានការ​លះបង់​ជាច្រើន ដូចជា​ការបោះបង់​គំនុំ ការចេះ​អត់ឱន ការលើកលែងទោស និង​ការចេះ​គោរព​គ្នា​ទៅវិញទៅមក​។ ការផ្សះផ្សា​ជាតិ ក៏​ចាំបាច់​តម្រូវ​ឲ្យ​មាននូវ​ការស្វែងរក​យុត្តិធម៌ និង​ការពិត​ដែរ​។ យើង​មិនត្រូវ​បំភ្លេច​ប្រវត្តិសាស្ត្រ​ដ៏​ជូ​ចត់​នេះ​ទេ ប៉ុន្តែ​យើង​ត្រូវខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ឬ​សគល់​នៃ​បញ្ហា និង​ចូលរួម​ទប់ស្កាត់​ជំពូក​ខ្មៅ​ងងឹត​នេះ វិល​មក​សារជាថ្មី​ម្តងទៀត​។​

​ចុងក្រោយ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​មានការ​សម្ដែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នេះ​ឲ្យ​បាន​ច្រើន​កន្លែង ដូចជា​នៅតាម​តំបន់​ដាច់ស្រយាល តំបន់​អតីត​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម និង​តាម​សាលារៀន ដើម្បី​បន្ថែម​ការយល់ដឹង​និង​ការ​ត្រិះរិះ​ពិចារណា​ដល់​អ្នក​ដែល​បាន​ចូលរួម​ទស្សនា​បន្ថែមទៀត​៕ ល​