​អត្រា​ភាពក្រីក្រ​នៃ​ពលរដ្ឋ​ខេត្តកំពង់ចាម​ថយ​ចុះមក​នៅត្រឹម​១៤,១០​ភាគរយ​

153
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានបង្ហាញ​នូវ​សូចនាករ​ចំនួន​ពីរ​ពី​ការរីកចម្រើន​របស់​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​។​គឺ​ការសិក្សា​ស្រាវជ្រាវ​អំពី​ទិន្នន័យ​អត្រា​ភាពក្រីក្រ​និង​កំណើនសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ពី​ឆ្នាំ​២០១៥​ដល់​ដើមឆ្នាំ​២០១៩​បាន​ថយចុះ​ពី​១៨,២៦​ភាគរយ​មក​នៅត្រឹម ១៤,១០​ភាគរយ​។​

​នេះ​ជាការ​ថ្លែង​ឱ្យដឹង​ជា​សាធារណ​:​នៅក្នុង​វេទិការ​ពិគ្រោះ​យោបល់​ស្តីពី​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​ខេត្ត​និង​ផ្សព្វផ្សាយ​សិក្ខាសាលា​សមាហរណកម្ម​ផែន​ការឃុំ​សង្កាត់​នៅ​ថ្នាក់ស្រុក​ក្រុង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​នៅ​មន្ទីរ​ផែ​ការ​ខេត្ត​នេះ​នា​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៩​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ខិតខំ​អភិវឌ្ឍន៍​ដែនដី​របស់ខ្លួន គឺ​ទាំង​ផ្នែក​រូបវន្ត និង​អរូប​វន្ត ជាពិសេស​ការកែលម្អ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​និង​ការលើកកម្ពស់​គុណភាព នៃ​ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​ស្របតាម​គោលនយោបាយ​និង​កម្មវិធី​កម្មវិធី​អភិវឌ្ឍន៍​ជាតិ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើងថា​ជាក់ស្តែង​យើង​មាន​សូចនាករ​ចំនួន​ពីរ​បានបង្ហាញ​ពី​ការរីកចម្រើន​របស់​ខេត្ត​មួយ​នេះ​តាមរយ​:​ទិន្នន័យ​អត្រា​ភាព​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​ដែល​ខាង​មន្ត្រី​នៃ​មន្ទីរ​ផែនការ​បាន​សិក្សា​ស្រាវជ្រាវ​ពី​ដើមឆ្នាំ​២០១៥ ដល់​ដើមឆ្នាំ​២០១៩​នេះ គឺ​អត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​ថយចុះ​ពី​១៨,២៦​ភាគរយ​មក​នៅ​១៤,១០​ភាគរយ​។​

​លោក​បានលើកឡើង​បន្តថា​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត​គឺ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​(GDP)​បាន​កើន​ពី​ចំនួន​១.៣៨៣​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៦​កើន​ដល់​១.៤៧៨​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧​។​លោក​បាន​បន្ថែមថា​ផ្អែក​តាម​សូចនាករ​ទាំងពីរ​ខាងលើ​បានបង្ហាញ​យ៉ាងច្បាស់​គឺ​ក្នុង​មួយឆ្នាំ​ខេត្តកំពង់ចាម​បាន​កាត់បន្ថយ​ភាពក្រីក្រ​ច្រើនជាង​១​ភាគរយ​។​

​ដោយ​ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​និង​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ទាំងមូល​៕S/​