​អធិការរង​ក្រុង​សៀមរាប​ម្នាក់​ស្រវឹងស្រា​ទាញ​កាំបិត​គប់​ក្បាល​កូនចៅ​

997
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​កិច្ចការ​ម្នាក់​ស្រវឹងស្រា​បាន​ទាញ​កាំបិត​បុ័ងតោ​គប់​ទៅលើ​កូនចៅ​របស់ខ្លួន​ដែល​យាម​ប្រចាំការ​នៅ​ទីនោះ​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​អធិការនគរបាល​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ។​

​ប្រភពពី​មន្ត្រីនគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ករណី​លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប ឈ្មោះ លោក​សារិទ្ធ បញ្ញា ទទួលបន្ទុក​កិច្ចការ បាន​ស្រវឹង​ជោគជាំ ប្រើ​អំពើហិង្សា​លើ​កូនចៅ បណ្តាលឱ្យ​បែកក្បាល ដេរ​៣ ថ្នេរ​។​

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​មានឈ្មោះ លីវ សុ​ឈុន​លេង ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​។​នៅពេល​កើតហេតុ​គឺជា​វេន​របស់​ជនរងគ្រោះ​យាម​ប្រចាំការ កំពុង​អង្គុយ​ប្រចាំការ​នៅ​អធិការ​ក្រុង​សៀមរាប តាម​វេន​របស់ខ្លួន ស្រាប់តែ​លោក​អធិការរង​ខាងលើ បាន​ស្រវឹង​ជោគជាំ​មិនដឹង​មកពីណា​ទេ បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​មកលើ​ជនរងគ្រោះ​។​

​ពេលនោះ​ក៏បាន​ប្រកែក​គ្នា​បន្តិចបន្តួច​លោក​អធិការរង​ខឹង​ក៏​ទាញ​កាំបិត​ដែល​នៅ​ជិត​ខ្លួន​គប់​មកលើ​ជនរងគ្រោះ​បណ្តាលអោយ​បែកក្បាល​រយះ​ហូរ​ចេញឈាម​ភ្លាមៗ​ពេលនោះ​ជនរងគ្រោះ​មិនបាន​តបត​វិញ​ទេ​ហើយ​ដើរចេញ​ទៅរក​ពេទ្យ​ដើម្បី​ព្យាបាល​របួស​តែម្តង​។​ពេលនេះ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាពៈ អធិការរង​ក្រុង​សៀមរាប​ម្នាក់​ស្រវឹងស្រា​ទាញ​កាំបិត​គប់​ក្បាល​កូនចៅ​៕​