​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ៖ ការបរាជ័យ គឺជា​មេរៀន​របស់​យើង​

184
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានប្រកាស​ទទួលស្គាល់​ថា ការបរាជ័យ យើង​ត្រូវតែ​ហ៊ាន ទទួលស្គាល់ ហើយ​ត្រូវ​ចាត់ទុកថា នេះ​ជា​មេរៀន​របស់​យើង​។​

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង

​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លេង​មិនបាន​ជោគជ័យ នៅក្នុង​ព្រឹត្តិការណ៍ ចំនួន ២ កាលពី​ចុងខែ​សីហា កន្លងមក​នោះ គឺ​ព្រឹត្តិការណ៍​ប្រកួត កីឡា​សូ​ហ្វ​តិ​ន្នី​ស ជើងឯក​យុវជន​អាស៊ី (Asian Junior Soft Tennis Championship) និង​ព្រឹត្តិការណ៍​ប្រកួត​សូ​ហ្វ​តិ​ន្នី​ស ជើងឯក​សាកលវិទ្យាល័យ​អាស៊ី (Asian University Solt Tennis Championship) ដែល​ព្រឹត្តិការណ៍​ទាំង ២ នេះ ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ។​

​លោក​បាន​និយាយថា ចាញ់ គឺ​ចាញ់ ឈ្នះ គឺ​ឈ្នះ​។ តែ​លោក​ចាត់ទុកថា នេះ​ជា​មេរៀន សម្រាប់​យើង បំពេញ​នូវ​អ្វី ដែលមាន​ការខ្វះខាត ។ សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា គឺជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល ដោយ​ធ្លាប់​ប្រជែង បាន​មេដាយ​កម្រិត​ពិភពលោក កម្រិត​អាស៊ី និង​ក្នុង​តំបន់ ។​

​ក្រុមកីឡា​សូ​ហ្វ​តិ​ន្នី​ស​

​កីឡាករ​កម្ពុជា លេង​ល្អ តែ​នៅ​ខ្វះ​បទពិសោធន៍ ក្នុង​ការលេង​ជា​លក្ខណៈ​អន្តរជាតិ ។ អ្នកខ្លះ​នៅ​ថ្មី ពុំ​ធ្លាប់​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស អីចឹង​ហើយ ទើប​ការ​ចេញទៅ​ប្រកួត ជា​លើកដំបូង​របស់គេ ធ្វើ​ឲ្យ​គេ​ភ័យ រហូត​លេង ដោយ​ខ្វះ​ការទទួលខុសត្រូវ ។​

​លោក​បាន​បញ្ជាក់ថា យើង​មិនអាច​ឱបក្រសោប តែ​កីឡាករ កីឡាការិនី​ចាស់ៗ ដោយ​មិន​គិតពី​ក្មេងៗ ដែលជា​ថ្នាល​បន្តវេន​នោះឡើយ ។ អ្វីៗ​ត្រូវតែមាន ការចាប់ផ្ដើម ទោះបី​ការចាប់ផ្ដើម​នោះ មាន​លទ្ធផល យ៉ាងណាក៏ដោយ បើ​មិន​ឆ្លងកាត់​កាំ​ទី​១​ទេ យើង​ក៏​មិនអាច​ឆ្លងទៅ​កាំ​ទី​២ ទី​៣ ទី​៤ បានដែរ​។​

​ក្រុមកីឡា​សូ​ហ្វ​តិ​ន្នី​ស​

​លោក​បាន​ពន្យល់ថា ជា​អ្នកដឹកនាំ​កីឡា ត្រូវតែ​ហ៊ាន​ទទួលស្គាល់ ពាក្យ​ចាញ់ តែ​មិនមែន​ចាញ់ គ្រប់ពេល គ្រប់​វេលា​នោះទេ​។ គ្រប់ការ​ប្រកួត គឺមាន​ចាញ់ មាន​ឈ្នះ តែបើ​គ្រប់ពេល គ្រប់​ឱកាស គ្រប់ការ​ប្រកួត យើង​ចាញ់​តែ​រហូត​នោះ នោះ​គឺ​មក​យើង​ត្រូវ​ឆ្លុះកញ្ចក់ មើលខ្លួន​យើង​មុនគេ ។ សម្រាប់​កីឡា​សូ​ហ្វ​តិ​ន្នី​ស រាល់​ការ​ចេញទៅ​ប្រកួត គឺ​ដណ្ដើមបាន​មេដាយ ច្រើនជាង​អត់ ។​

​ប្រមុខ​រង​កីឡា​សូ​ហ្វ​តិ​ន្នី​សរូប​នេះ បាន​បញ្ជាក់ថា គោលដៅ​ធំ​របស់លោក គឺ​កីឡា​ស៊ី​ហ្គេម នា​ចុង​ឆ្នាំនេះ ដែល​លោក ត្រូវតែមាន​មហិច្ឆតា រក​មេដាយ​នោះ ។ លោក​មាន​ជំនឿ​ចិត្ត ចំពោះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ។​

​លោក​បាន​អះអាងថា ទោះបី​នេះ​ជា​លើក​ទី​១ ដែល​សូ​ហ្វ​តិ​ន្នី​ស បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ក៏ពិតមែន តែ​សូ​ហ្វ​តិ​ន្នី​ស នឹង​ចេញទៅ​ទាំង​ក្ដីសង្ឃឹម ៕v