«​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» កំពុង​ទាក់ទាញ​ ​ចំណាប់អារម្មណ៍​អ្នក​ស្តាប់​

612
ចែករម្លែក
«​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» កំពុង​ទាក់ទាញ​
​ចំណាប់អារម្មណ៍​អ្នក​ស្តាប់​

ដោយ​: ក្រុម​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/ ​ភ្នំពេញៈ​«​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» គឺជា​បទ​ចម្រៀង​ពីរ​បទ​ដែល​ទើបនឹង​បាន​ថត​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ កន្លងមក បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ប្រាំ​ខែ​ក្នុងការ​រៀបចំតាក់តែង​និពន្ធ​។​
បទ​ចម្រៀង​ទាំងពីរ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្តាញសារព័ត៌មាន ហ្វេ​ស​ប៊ុ​ក យូ​ធូប និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ស្តាប់​យ៉ាងខ្លាំង ជាពិសេស​ប្រជាជន​រស់នៅក្នុង​តំបន់​អន្លង់វែង ដែលជា​អតីត​តំបន់​តស៊ូ​ដ៏​រឹង​មាំ​របស់​ចលនា​ខ្មែរក្រហម​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​៩០​។ ចាប់តាំងពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​អ្នក​ចូល​ស្តាប់​បទ​ចម្រៀង «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» កើន​ដល់​៩៣​ម៉ឺន​នាក់​រួចមកហើយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​តែមួយ​ប៉ុណ្ណោះ ខណៈពេលដែល​បទ​ចម្រៀង​ទាំងពីរ​នេះ​មិនទាន់​ថត​ជា​វីដេអូរ​នៅឡើយ​។ «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» គឺជា​បទ​ចម្រៀង​ដំបូង​ដែល​បាន​បង្កប់​នូវ​ពាក្យពេចន៍ ខ្លឹមសារ និង​អត្ថន័យ​ប្រៀបធៀប​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​បរិបទ​ប្រវត្តិសាស្ត្រ និង​ការផ្សះផ្សា​ជាតិ​។


​នៅពេល​និយាយ​ពី​អន្លង់វែង ប្រជាជន​កម្ពុជា​តែងតែ​គិតថា គឺជា​អតីត​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរក្រហម និង​ជា​តំបន់​ដែល​ធ្លាប់​កើតមាន​សង្គ្រាម ការកាប់សម្លាប់ អំពើ​ឃោរឃៅ គ្រាប់មីន និង​ឆ្ងាយ​ដាច់ស្រយាល​។ រយៈពេល​ជាច្រើន​ទសវត្សរ៍ ប្រជាជន​នៅក្នុង​សហគមន៍​អន្លង់វែង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​លំបាក និង​ត្រូវ​ប្រឈម​ជាមួយ​កេរដំណែល​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​ទាំងនោះ​។ ទោះបីយ៉ាងណា​ក៏ដោយ អន្លង់វែង​បាន​ឈានឆ្ពោះ​ទៅមុខ​យ៉ាង​រឹង​មុំ​ា​ជាមួយ​ប្រវត្តិសាស្ត្រ ធនធានធម្មជាតិ ព្រៃឈើ និង​ជួរ​ភ្នំ​ដងរែក​ដែល​ហាក់​ឈរ​រង់ចាំ​ឃ្លាំមើល ការពារ និង​ថែរក្សា​តំបន់​នេះ​។ អន្លង់វែង​គឺជា​ទីតាំង​សំខាន់​មួយ​ក្នុងចំណោម​ទីតាំង​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​រួមមាន ម៉ាឡៃ ប៉ៃលិន និង សំឡូត​។ អន្លង់វែង បានទទួល​សន្តិភាព​ចុងក្រោយ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ បន្ទាប់ពី​ការបែកបាក់ និង​សង្គ្រាម​រុំ​ា​រ៉ៃ​ដែល​បានអូសបន្លាយ​អស់​ជាច្រើន​ទសវត្សរ៍​។​


«​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​លោក ស៊ុំ សារឿន គឺជា​អតីត​អ្នកចម្រៀង​ជើងចាស់​ម្នាក់ និង​ជា​អតីត​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ «​អន្លង់វែង​ស្នេហា​» ច្រៀង​ដោយ​លោក ឌី ថា​រ៉េ​ន ម្ចាស់​ពានរង្វាន់​ចម្រៀង​មហោស្រព​សិល្បៈ ឆ្នាំ​២០១១​។ រីឯ​បទ «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» ច្រៀង​ដោយ​អ្នកនាង ស៊ុន ស្រី​ពេជ្រ អតីត​អ្នកចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​។
​លោក ស៊ុំ សារឿន លោក ឌី ថា​រ៉េ​ន និង​អ្នកនាង ស៊ុន ស្រី​ពេជ្រ ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍ ស៊ី​.​ធី​.​អិន អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​សោ​ភណ្ឌ​តន្ត្រី​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ និង​បានធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​។ បន្ទាប់ពី​ឡើង​ច្រៀង​បទ «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» រួចមក លោក ឌី ថា​រ៉េ​ន និង​អ្នកនាង ស៊ុន ស្រី​ពេជ្រ ក៏ត្រូវ​បាន​ពិធីករ​ប្រចាំ​កម្មវិធី​អ្នកនាង យុគ ចិន្តា និង​លោក អ៊ឹង រដ្ឋា សំណូមពរ​ឲ្យ​ច្រៀង​បទ​ទាំងពីរ​ដោយ​មិនមាន​ភ្លេង​អម ជូន​ដល់​ទស្សនិកជន​បាន​ស្តាប់​ដោយផ្ទាល់​ម្តងទៀត​។ បន្ទាប់មក​លោក លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​ជូន​រង្វាន់​លើក​ទឹក​ដល់​អ្នកចម្រៀង​ទាំងពីរ រួមទាំង​ក្រុម​តន្ត្រី​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​.​ធី​.​អិន​។​


​លោក ស៊ុំ សារឿន បាន​ប្រសាសន៍ថា ដោយសារ​អ្នកចម្រៀង​ទាំងពីរ​បាន​ច្រៀង​បទ «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» ចេញពី​បេះដូង​របស់ខ្លួន​ផ្ទាល់​ទើប ធ្វើ​ឲ្យ​បទ​ចម្រៀង​កាន់តែ​ពិ​រោះ​ខ្លាំង​ឡើង​ថែមទៀត​។ លោក ស៊ុំ សារឿន បាន​បន្តថា មូលហេតុ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​តំបន់​អន្លង់វែង ដោយសារ​អន្លង់វែង គឺជា​សម្បុក​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។ នៅពេលដែល​ខ្ញុំ​បាន​ទៅដល់​កាលពី​ប៉ុន្មាន​ខែ​មុននេះ អន្លង់វែង គឺជា​ទីកន្លែង​ដ៏​ស្រស់ស្អាត ប្រៀបដូចជា​ឋាន​ទេព​និមិត្ត ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​អតីតកាល ពេលដែល​តំបន់​នេះ​មិនទាន់​ធ្វើ​សមាហរណកម្ម អន្លង់វែង​គឺជា​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត​។ ចំពោះ​បទ «​អន្លង់វែង​ស្នេហា​» ដែល​ច្រៀង​ដោយ​លោក ឌី ថា​រ៉េ​ន និយាយ​អំពី​យុវជន​ដែលជា​អតីត​យោធា​ខ្មែរក្រហម នៅពេល​មកដល់​អន្លង់​វែង ក៏បាន​ចាប់ចិត្ត​ចំពោះ​សម្រស់​ដ៏​ស្រស់ស្អាត​នៃ​ទឹកដី​អន្លង់វែង ហើយក៏​បាន​លង់​ស្រឡាញ់​នារី​ម្នាក់​នោះ​។ សេចក្តីស្រឡាញ់​របស់​យោធា​ខ្មែរក្រហម​ចំពោះ​នារី​ម្នាក់​នោះ តំណាង​ឲ្យ​ការធ្វើសមាហរណកម្មរ​បស់​ខ្មែរក្រហម​ជាមួយ​រាជរដ្ឋាភិបាល​។ យុទ្ធជន​ម្នាក់នេះ​សុខចិត្ត​ទម្លាក់អាវុធ​ចោល ដើម្បី​សារភាព​ស្នេហ៍​នៅ​អន្លង់វែង​។ ចំណែកឯ​បទ​ទី​ពីរ «​គ្មាន​ឥ​ន្ធ​នូ​ស្នេហ៍​» ដែល​ច្រៀង​ដោយ​អ្នកនាង ស៊ុន ស្រី​ពេជ្រ តួអង្គ​នារី​ជា​ខ្មែរក្រហម​មាន​ភាពម៉ឺងម៉ាត់ អង់អាច ក្លាហាន​។ ប៉ុន្តែ​នៅពេលដែល​នាង​មកដល់​អន្លង់វែង ក៏បាន​លង់​ស្នេហ៍​បុរស​ទីក្រុង​ភ្នំពេញ ដោយបាន​លះបង់​ទាំង​ចិត្ត ទាំង​កាយ​។ ត្រង់នេះ ចង់​សំដៅ​ទៅលើ ចលនា​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង​សុខចិត្ត​ដាក់អាវុធ​មក​រួបរួម​ជាមួយ​រដ្ឋា​ភិ​បាល​។
​ជា​ចុងក្រោយ ខ្ញុំ​សូម​អរគុណ​ចំពោះ ថា​រ៉េ​ន និង ស្រី​ពេជ្រ ដែល​បាន​យ​កមនោស​ញ្ជេ​ត​នា​មក​ច្រៀង​ក្នុង​ស្នាដៃ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ​។ ជាពិសេស ខ្ញុំ​សូម​អរគុណ​ចំពោះ​លោកនាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​លោក​បាន​ជួយ​កែ​បទ​ចម្រៀង​ទាំងពីរ​បទ ប្រកបទៅដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​។​


​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​មានប្រសាសន៍ថា បទ «​អន្លង់វែង​ស្នេហា​» តំណាង​ដោយ​សាច់រឿង​រប​ស់បុរ​សម្នាក់​ដែលជា​អតីត​យោធា​ខ្មែរក្រហម ហើយ​បាន​លង់​ស្នេហ៍​លើ​ស្ត្រី​ម្នាក់​។ ស្ត្រី​រូបនោះ​គឺ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ បុរស​ដែលជា​អតីត​យោធា​ខ្មែរក្រហម បាន​សុខចិត្ត​ទម្លាក់អាវុធ​ចុះ ដើម្បី​មក​រួមរស់​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ និង​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ចំពោះ​សេចក្តីស្នេហា​របស់ខ្លួន​។ នារី​ដ៏​ស្រស់​សោភា​បាន​សន្យាថា​មាន​សេចក្តីស្នេហា ប៉ុន្តែ​មិនបាន​ប្តេជ្ញា​ចិត្តនឹង​លះបង់​ចំពោះ​សេចក្តីស្នេហា​នោះឡើយ​។ ដូច្នេះហើយ​នាង​ត្រូវបាន​ប្រៀបប្រដូច​ទៅនឹង​ពពក​នៅក្នុង​វប្បធម៌​ខ្មែរ​។ ពពក​មាន​ភាព ស្រស់ស្អាត និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប៉ុន្តែ​ពពក​នោះ​ក៏​អាច​ប្រែ​ទៅជា​ព្យុះភ្លៀង​មួយ​រំពេច​។ នៅពេលដែល​ទឹកភ្លៀង​ធ្លាក់​ដល់​ដី វា​នឹង​ប្រែ​ទៅជា​ភក់ជ្រាំ​។ សាច់​រឿងនេះ​តំណាង​ឲ្យ​តំបន់​អន្លង់វែង ដែលជា​ទីតាំង​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម ហើយ​ដែល​បាន​ទម្លាក់អាវុធ​ចុះ និង​ប្តេជ្ញាចិត្ត​រួមរស់​នៅក្នុង​សង្គមជាតិ ដោយ​ជំនួស​ឲ្យ​ការសន្យា​មួយ​។ បទ​ចម្រៀង​នេះ បាន​បង្ហាញថា​ការសន្យា មិនត្រូវ​បាន​បំពេញ​នោះទេ​។


​ចំណែក «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» គឺមាន​គោល​គំនិត​តែមួយ ប៉ុន្តែ​ប្តូរ​តួអង្គ​វិញ​ម្តង​។ តួអង្គ​ដែលជា​ស្ត្រី​គឺ​តំណាង​ឲ្យ​ខ្មែរក្រហម ចំណែកឯ​ប្រទេស​កម្ពុជា​គឺជា​តួអង្គ​បុរស​វិញ​ម្តង​។ ស្ត្រី​ម្នាក់​ដែល​តំណាង​ឲ្យ​ខ្មែរក្រហម មាន​អារម្មណ៍​ថា ព្រហ្ម​លិខិត​បានកំណត់​ឲ្យ​ខ្លួន​ជួប​បុរស​ម្នាក់​ដែលជា​អ្នកទីក្រុង ហើយ​នាង​គឺជា​អ្នករស់នៅ​ក្នុងព្រៃ​នៅ​ស្រុក​អន្លង់វែង​។ អ្នក​ទាំង​ពីរបាន​ជួបគ្នា ដោយសារ​ទេវតា​បាន​ចារ​ទុក​មក​។ បទ​ចម្រៀង​ទី​ពីរ​នេះ បាន​ផ្លាស់ប្តូរ​វេន​ជា​និមិត្តរូប​។ បុរស​គឺជា​ឥន្ទធនូ ដែល​នារី​រូប​នោះបាន​ស្ងើចសរសើរ​និង​គយគន់​មិនចេះ​នឿយណាយ​។ ប៉ុន្តែ​ឥន្ទធនូ​ក៏បាន​រលាយបាត់​រូប​ទៅវិញ បន្ទាប់ពី​រដូវវស្សា​បាន​បញ្ចប់ ដោយ​ទុក​ឲ្យ​នារី​រូបនោះ​រស់នៅ​កំព្រា​ឯកោ​តែម្នាក់ឯង​។ បទ​ចម្រៀង​នេះ​គឺជា​ន័យធៀប​ទៅនឹង​ការតស៊ូ​របស់​ស្រុក​អន្លង់វែង ដើម្បី​ផ្សះផ្សា​ជាមួយ​ប្រទេសជាតិ​។ តំបន់​អន្លង់វែង​មាន​ភក្តីភាព​ចង់​រួម​រស់នៅ​ជាមួយ​ប្រទេសជាតិ ដូចគ្នា​ទៅនឹង​នារី​ដែល​ប្រាថ្នា​ចង់​រស់នៅ​ជាមួយ​បុរស​ដែលជា​ឥន្ទធនូ​នោះដែរ​។ ប៉ុន្តែ​ឥន្ទធនូ​បាន​រសាត់​ទៅតាម​ទឹកភ្លៀង ហើយ​នារី​នោះ​ត្រូវបាន​បង្ខំចិត្ត​បោះបង់ចោល​និង​តស៊ូ​ជម្នះ​រស់នៅ​ដោយ​ខ្លួនឯង​វិញ​។


​រហូតមកដល់​ពេលនេះ អ្នក​ដែល​ធ្លាប់បាន​ស្តាប់​បទ​ចម្រៀង «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» បានលើកឡើង​នូវ​ការយល់ឃើញ​របស់ខ្លួន​ដូចខាងក្រោម ៖
មួយ​. អុល មេត្តា ភេទ​ស្រី អាយុ​២៣​ឆ្នាំ គឺជា​អតីត​និស្សិត​នៃ​សាកល​វិទ្យា​ល័​ភូមិន្ទ​ភ្នំពេញ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា «​ខ្ញុំ​បាន​ស្ដាប់​បទ​ចម្រៀង ដែល​បាន​ផ្សព្វផ្សាយ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ខ្ញុំ​គិតថា បទ​ចម្រៀង​នេះ​ពិតជា​ពិ​រោះ​។ បទ​ចម្រៀង​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​មក​ចាប់អារម្មណ៍​តំបន់​អន្លង់វែង និង​ចង់ទៅ​ទស្សនា​តំបន់​អន្លង់វែង​។ មេត្តា បាន​បន្ថែមទៀតថា «​ខ្ញុំ​មិនដឹងថា​តំបន់​អន្លង់វែង​គឺជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព​ឡើយ បន្ទាប់ពី​ការធ្វើ​សម​ហ​រណកម្ម​»​។


​ពីរ​. បុណ្យ ពេ​ជ្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ គឺជា​និស្សិត​នៃ​សាលា​ពហុបច្ចេកទេស មកពី​ខេត្តព្រៃវែង បាន​និយាយថា «​ខ្ញុំ​បាន​ស្ដាប់​បទ​ចម្រៀង​អន្លង់វែង​ស្នេហា​។ បទ​ចម្រៀង​នេះ​ពិ​រោះ ហើយ​ពាក្យពេចន៍​នៃ​បទ​ចម្រៀង​អ្នកនិពន្ធ​បាន​ប្រើ​ន័យធៀប​ជាមួយ​ប្រវត្តិសាស្ត្រ​។ បទ​ចម្រៀង​មួយ​បទ​នេះ​បានធ្វើ​ឲ្យ​ប្លែក​អារម្មណ៍​ខ្លាំងណាស់​»​។


បី​. ចាន់ រ៉ា​នុយ អាយុ​២៣​ឆ្នាំ កើត​នៅ​រាជធានី​ភ្នំពេញ​យល់ថា «​បទ​ចម្រៀង​នេះ​ពិតជា​ពិ​រោះ​ខ្លាំងណាស់​។ អ្នកនិពន្ធ​បាន​រៀបរាប់​ពី​ទីតាំង​មួយកន្លែង​ក្នុងប្រទេស​កម្ពុជា​ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​របស់ តា​ម៉ុក ដែលជា​មេដឹកនាំ​ខ្លាំងជាងគេ​ក្រោយពេល​ខ្មែរក្រហម​ដួលរលំ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​បទ​ចម្រៀង​នេះ​ខ្លាំងណាស់ ទាំង​អត្ថន័យ​បទ​ចម្រៀង​, ទំនុកភ្លេង និង​សំឡេង​របស់​អ្នកចម្រៀង​ពិតជា​ស័ក្តិសម​ទៅនឹង​តំបន់​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង​ខ្លាំងណាស់​»​។​


​បួន​. ផុន ថេ​ង សព្វថ្ងៃ​រស់នៅក្នុង​ស្រុក​អន្លង់វែង​បាន​រៀបរាប់ថា «​ខ្ញុំ​ពិតជា​ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង​នេះ​ខ្លាំងណាស់​។ នៅពេល​ខ្ញុំ​ស្ដាប់​បទ​នេះ​ធ្វើ​ឲ្យ​អារម្មណ៍​របស់ខ្ញុំ​មាន​ក្ដីរំភើប​។ បទ​ចម្រៀង​មួយ​នេះ​បាន​រៀបរាប់​ពី​ទីតាំង​ដែល​ខ្ញុំ​ធ្លាប់បាន​ស្គាល់ និង​រស់នៅ​។ ចម្រៀង​នេះ​មិន​ត្រឹមតែ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នៅ​អន្លង់វែង ឲ្យ​ប្រជាជន​ដែល​រស់នៅ​តំបន់​ផ្សេងទៀត​បាន​ស្គាល់​ដែរ​។ ខ្ញុំ​ក៏​ទន្ទឹងរង់ចាំ​មើល​ការថត​ជា​វីដេអូ​របស់​បទ​ចម្រៀង​ទាំងនេះ​» ដែរ​។​


​ប្រាំ​. ឈ្មោះ​ថៃ ផានី ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ សាលា​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា មាន​ស្រុកកំណើត​នៅ​ស្រុក​អន្លង់វែង បាន​លើកឡើងថា «​បទ​ចម្រៀង​ទាំងពីរ​ពិត​ថា​ពិ​រោះ​ខ្លាំងណាស់​។ នៅពេល​ស្ដាប់​បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ដល់​ស្រុកកំណើត​និង​ទិដ្ឋភាព​ទាំងឡាយ​នៅក្នុង​ស្រុក​អន្លង់វែង​។ ខ្ញុំ​ចូលចិត្ត​ឃ្លា​នៅក្នុង​បទ​ចម្រៀង​ដែល​រៀបរាប់​ពី​ពយ តា​ម៉ុក ដែលមាន​អ័ព្ទ​ធ្លាក់​សន្ធឹក ដែលជា​ទេសភាព​ស្អាត​បំផុត​នៅលើ​កំពូលភ្នំ​ដងរែក​»​។
​បទ «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» មិន​គ្រាន់តែ​លើកឡើង​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​ការ​ផ្សះ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បទ​ចម្រៀង​នេះ​ក៏បាន​បង្ហាញ​ពី​ភាពស្រស់​ត្រកាល​របស់​អន្លង់វែង និង​កាន់តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណ​នៅពេល​ខាងមុខ​៕សរន