​អន្លង់វែង​៖ សហគមន៍​នៃ​ការយោគយល់ និង​ការផ្សះផ្សា​

1921

ដោយ​: លី សុខ​ឃាង​
​ភ្នំពេញៈ​ ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ សិស្ស​និស្សិត​ចំនួន​២៤​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​វិទ្យាល័យ​អន្លង់វែង​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ ដែលមាន​គោលដៅ​ក្នុងការ​ផ្តល់​ការយល់ដឹង​មូលដ្ឋាន​អំពី ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩) ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​(១៩៧៩-១៩៩៨) ក៏ដូចជា​ទ្រឹស្តី​គោល​អំពី​សន្តិភាព និង​ការផ្សះផ្សា​ដល់​អ្នកចូលរួម​ទាំងអស់​។ ជាងនេះទៅទៀត សិស្ស​និស្សិត​មានឱកាស​ក្នុង​រៀ​ត​សូត្រ​អំពី​បទ​សោធន៍​របស់​ប្រជាជន​ក្នុង​តំបន់​អន្លង់វែង​ដោយផ្ទាល់​។ ការសន្ទនា​អន្តរ​ជំនាន់​នេះ គឺជា​គន្លឹះ​ដើម្បី​ស្វែងយល់​អំពី​អតីតកាល ពិភាក្សា​អំពី​ភាពខុសគ្នា និង​ជំរុញ​ឲ្យ​មាន ការយោគយល់ សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​សហគមន៍​។

​របាយការណ៍​នេះ​មាន​គោលបំណង​ក្នុងការ​បង្ហាញ​អំពី​៖ ១) ការពិភាក្សា​ជាមួយនឹង​សិស្ស​និស្សិត​មុនពេល​ចុះ​ទស្សនកិច្ច​សិក្សា​។ ២) ការធ្វើ​បទ​បង្ហាញ និង​ការពិភាក្សា​ជា​ក្រុម​អំពី​សន្តិភាព​។ ៣) ការចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ភូមិ​ចំនួន​ពីរ​ក្នុងស្រុក​អន្លង់វែង​។ ផ្នែក​ចុងក្រោយ​នៃ​របាយការណ៍ នឹង​រៀបរាប់​អំពី​ការចែករំលែក​របស់​សិ​ស្ស​និស្សិត​ចំពោះ​ការរៀបចំ «​សួន​បន្លែ​ដើម្បី​ការផ្សះផ្សា​» នៅក្នុង​ទីធ្លា​របស់​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​។

មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​. ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​៖ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​

​សកម្មភាព​មុនពេល​ចុះ​ទស្សនកិច្ច​សិក្សា​

​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ចូលរួម​ក្នុងការ​ប្រជុំ​មុន ពេល​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​សកម្មភាព និង​កិច្ច​ការដែល​ត្រូវធ្វើ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​។ ក្រុមនិស្សិត​មាន​សមាជិក ចំនួន​២០​នាក់​ដែល​បានជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​។ ការប្រជុំ​ចាប់ផ្តើម​ដោយ​ការរៀបរាប់​សង្ខេប​អំពី​កាលវិភាគ​របស់​ដំណើរ​ទស្សនកិច្ច​។ បន្ទាប់មក​ការ​ប្រជុំបាន​សង្កត់ធ្ងន់​ទៅលើ​ការកំណត់​ឲ្យ​អ្នកចូលរួម​នីមួយៗ​ជ្រើសរើស​ប្រធានបទ​មួយ​ដើម្បី​ស្រាវជ្រាវ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​រយៈពេល​៤​ថ្ងៃ​។ និស្សិត​ម្នាក់ៗ បានបង្ហាញ​អំពី​ប្រធានបទ​របស់ខ្លួន​រៀងៗ​ខ្លួន​។ និស្សិត​៣​នាក់​ចាប់អារម្មណ៍​ស្វែងយល់​អំពី​ជីវភាព និង​ប្រភព​ចំណូល​របស់​ប្រជាជន​ក្នុងស្រុក​អន្លង់វែង​។ ក្នុងពេលនោះ​ដែលមាន​និស្សិត​៣​នាក់ មាន​ចម្ងល់​អំពី​ពេលដែល​អន្លង់វែង​កកើត​ឡើង អំពី​ទុក្ខលំបាក​របស់​ប្រជាជន​អន្លង់វែង​នៅក្នុង​របប​ខ្មែរក្រហម និង​មូល​ហេតុដែល​ចលនា​ខ្មែរក្រហម​ជ្រើសរើស​អន្លង់វែង​ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់ខ្លួន​។ និស្សិត​៩​នាក់​ទៀត ចង់ដឹង​អំពី​អត្តចរិត និង​យុទ្ធសាស្ត្រ​សង្គ្រាម​របស់ តា​ម៉ុក​។ មាន​និស្សិត​២​នាក់​ចង់​សិក្សា​អំពី​កម្រិត​នៃ​ការគាំទ្រ​របស់ តា​ម៉ុក​ចំពោះ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​អន្លង់វែង និង​វិធីសាស្ត្រ​ដែល តា​ម៉ុក ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​សហគមន៍​អន្លង់វែង ដែលជា​សហគមន៍​តូច​មួយ​នៅជាប់​ព្រំដែន ព្រមទាំង​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​កងទ័ព​ដែល​អនុញ្ញាតិ​ឲ្យ​ខ្មែរក្រហម​កាន់កាប់​ស្រុក​អន្លង់វែង​រហូតដល់​ឆ្នាំ​១៩៨៩​។ មាន​និស្សិត​២​នាក់​ទៀត ចង់​ស្វែងយល់​បន្ថែម​អំពី​ជម្លោះ​រវាង តា​ម៉ុក និង ប៉ុល ពត ព្រមទាំង​ព្រឹត្តិការណ៍​ដែល​បណ្តាល​ឲ្យ​មាន​សមាហរណកម្ម​ចុង​ក្រោយ​នៅ​អន្លង់វែង ក្នុង​ឆ្នាំ​១៩៩៨​។ និស្សិត​ម្នាក់​ចង់​សិក្សា​អំពី​យុទ្ធសាស្ត្រ ដែល តា​ម៉ុក ប្រើប្រាស់​ដើម្បី​ទទួល​ការគាំទ្រ​ពី​ប្រជាជន​ក្នុង​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ តាមរយៈ​ប្រធានបទ​ខាងលើ និស្សិត​ចូលរួម​ទាំងអស់​ត្រូវបាន​ណែនាំ​ឲ្យ​បង្កើត​សំណួរ​៥​ដែល​ខ្លួន​ចង់​ស្វែងយល់​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​។ បន្ទាប់មក អ្នកចូលរួម​ទាំងអស់​បាន​ចែករំលែក​សំណួរ​របស់ខ្លួន​ជាមួយនឹង​អ្នកចូលរួម​ដទៃទៀត​។​

​និស្សិត​ម្នាក់​ឈ្មោះ ទួន រក្សា មានគំនិត​ប្រហាក់ប្រហែល​នឹង​អ្នកចូលរួម​ដទៃ ហើយ​បានសរសេរថា «​ខ្ញុំ​ចង់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​សហគម​ន៍​អន្លង់វែង និង​ចង់​សម្ភាសន៍​អ្នកភូមិ​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​»​។ អ្នកចូលរួម​ទាំងអស់​បង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការពិភាក្សា​ជាមួយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​។ ជាងនេះទៅទៀត សិស្ស​និស្សិត​ទាំងឡាយ​ក៏មាន​បំណង​ស្វែងយល់​បន្ថែម​អំពី​កេរដំណែល​ផ្នែក​ស្ថាបត្យកម្ម​របស់​អន្លង់វែង ដែលជា​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង​, មនោគមវិជ្ជា​របស់​ខ្មែរក្រហម​, ចរិតលក្ខណៈ​របស់​មេ​ដឹកនាំ​ខ្មែរក្រហម ដូចជា តា​ម៉ុក​, និង​ឥទ្ធិពល​របស់​របប​ខ្មែរក្រហម​មកលើ​សង្គម​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏មាន​គោលបំណង​ក្នុងការ​បង្រៀន​ឲ្យ​អ្នកចូលរួម​ធ្វើការ​ជា​ក្រុម និង​សិក្សា​អំពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​។ រ៉េត ម៉េង​ហៃ និង សេន គីម​ឡាង រំពឹង​នឹង​ទទួលបាន​ព័ត៌មាន​ពិត​តាមរយៈ​ការធ្វើ​បទសម្ភាសន៍ និង​មានបំណង​ប្រើប្រាស់​ព័ត៌មាន​ដែល​ទទួលបាន​ដើម្បី​ចងក្រង​ជា​អត្ថបទ​ស្រាវជ្រាវ​។​

ដំណើរ​ទៅកាន់​ដែនដី​នៃ​ការផ្សះផ្សា នៅ​ស្រុក​អន្លង់វែង​

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ និស្សិត​ចំនួន​២០​នាក់​បាន​ឡើង​ឡាន​ដើម្បី​ធ្វើដំណើរ​ទៅ​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​។ ឃី​មី ថា​កេ​ស៊ូ​អេ សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​នៃ​សាកលវិទ្យាល័យ រ៉ាត់​ហ្គ័​រ ញូ​វ​អាក សហរដ្ឋអាមេរិក បាន​ចូលរួម​ធ្វើដំណើរ​ជាមួយ និង​ថត​សកម្មភាព​របស់​សិស្ស​និស្សិត​។ និស្សិត​មួយចំនួន​ងាក​ទៅ​ជជែក​គ្នា ហើយ​និស្សិត​មួយចំនួនទៀត​គេង​លក់​ក្រោយពី​ចេញដំណើរ​បាន​បន្តិច​។ ពេលមកដល់​ស្រុក​អន្លង់វែង ក្រុមនិស្សិត​បាន​ចុះទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន ដូចជា សាលារៀន តា​ម៉ុក មន្ទីរពេទ្យ តា​ម៉ុក និង​ស្ពាន​អូរ​ជីក​។ ជា​អកុសល ដំណើរ​ទស្សនកិច្ច​ត្រូវបាន​បញ្ចប់​មុនពេល​វេលា​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ អ្នកចូលរួម​ទាំងអស់​បាន​ស្វែងរក​កន្លែង​ជ្រក​ភ្លៀង ហើយ​ធ្វើ​ការត្រៀម​សម្រាប់​សកម្មភាព​ថ្ងៃ​បន្ទាប់​។
​អ្នកចូលរួម​ទាំងអស់​ចាប់ផ្តើម​ថ្ងៃ​ថ្មី ដោយ​ធ្វើដំណើរ​ទៅលើ​កំពូលភ្នំ​ដងរែក ហើយ​បត់​ស្តាំ​ទៅកាន់​ពយ​ដ៏​ស្រស់ស្អាត និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ដែលជា​អតីត​ផ្ទះ​ប្រជុំ​របស់ តា​ម៉ុក​។ បន្ទាប់ពី​ចុះ​ពីលើ​ឡាន​អ្នកចូលរួម​ទាំងអស់​បាន​ឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត ហើយ​បាននាំគ្នា​ថតរូប​។ ក្រោយមក អ្នក​ទាំងអស់គ្នា​បាន​ចូលទៅក្នុង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ជា​លើកដំបូង ហើយ​នាំគ្នា​ស្វែងរក​កន្លែង​អង្គុយ​។

​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​៖ ជីវិត​ស្រស់បំព្រង​នៅក្រោម​ទឹកភ្លៀង

​វគ្គ​បន្ទាប់​សិស្ស​និស្សិត​ផ្តោតទៅលើ​លើ​កម្មវត្ថុ​សិក្សា​របស់​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​ដែលមាន ៖ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩) និង​សហគមន៍​អន្លង់វែង​, វិធីសាស្ត្រ​នៃ​ការសម្ភាសន៍ និង​សារសំខាន់​របស់​ទ្រឹស្តី​នៃ «​សន្តិភាព​»​។ ជាជាង​ការ​ស្តាប់​បទ​បង្ហាញ​ក្រុមសិស្ស​និស្សិត​បាន​បែង​ចែកជា​៤​ក្រុម​ដើម្បី​ពិភាក្សា​អំពី​អត្ថន័យ​របស់​សន្តិភាព និង​វិធី​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​។​

២០​នាទី​ក្រោយមក ក្រុម​នីមួយៗ​បានធ្វើ​បទ​បង្ហាញ​អំពី​អត្ថន័យ​របស់ «​សន្តិភាព​» របស់ខ្លួន ដែលមាន​ភាពស្រដៀងគ្នា​។ អ្វីដែល​ក្រុម​ទាំង​៤​បកស្រាយ​ខុសគ្នា​នោះ​គឺ របៀប​ដែល «​សន្តិភាព​»​ជះឥទ្ធិពល​មកលើ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ក្រុមទី​១ បាន​បកស្រាយ​ថា​សន្តិ​ភាពជា​ការរស់នៅ​សុខសាន្ត​ដោយ​គ្មាន​ការរើសអើង អំពើហិង្សា និង​សង្គ្រាម​។ ដើម្បី​សម្រេចបាន​សន្តិភាព​នេះ ត្រូវតែមាន​ការគោរព​ចំពោះ​សិទ្ធិសេរីភាព​ក្នុងការ​រស់រាន បញ្ចេញមតិ និង​ប្រមូលផ្តុំ​ដូចដែល​បានចែង​នៅក្នុង​គោល​ការ​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ក្រុមទី​១​បានលើកឡើង​ទៀតថា ភាព​ស្មើភាព​នៃ​សិទ្ធិ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ត្រូវតែមាន​ការកត់ត្រា​សិក្សា និង​ចែករំលែក​អំពី​អំពើ​រំលោភ​សិទ្ធិមនុស្ស​ពី​អតីតកាល​ដើម្បី​បង្កើន​ការយល់ដឹង និង​ការពារ​កុំ​ឲ្យ​មាន​ករណី​ដូចគ្នា​កើតឡើង​ម្តងទៀត​។ ស្រដៀង​គ្នា​ដែរ ក្រុមទី​២​បាន​លើកឡើងថា សន្តិភាព​គឺជា​សភា​ពនៃ​ការ «​គ្មាន​សង្គ្រាម គ្មាន​ភាពចលាចល គ្មាន​ការឈ្លានពាន និង​គ្មាន​ការរើសអើង​»​។ ដើម្បី​បកស្រាយ​ឲ្យ​កាន់តែច្បាស់ ក្រុមទី​២​បាន​សង្កត់ធ្ងន់​ទៅលើ​សមាសធាតុ​៣​ធំៗ ៖ ស្ថិរភាព​ផ្នែក​នយោបាយ​, វប្បធម៌​, និង​សាសនា​។ ក្រុម​នេះ​បាន​បន្តទៀតថា សន្តិភាព​អាច​នឹង​បាត់បង់​ប្រសិន​មនុស្ស​មាន «​ភាព​លោភលន់​»​។ ចម្លើយ​របស់​ក្រុមទី​៣​មាន​ភាពខុសប្លែក​ពី​ក្រុម​មុនៗ​ទាំង​២ ដោយ​បកស្រាយ​ថា សន្តិភាព​អាច​សម្រេចបាន​នៅតាម​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវ​សេដ្ឋកិច្ច​។ ក្រុមទី​៣​យល់ថា ដើម្បី​សម្រេចបាន​សន្តិភាព​ក្នុង​ចិត្ត​របស់​មនុស្ស​មិនត្រូវ​មានបំណង​អាក្រក់​ក្នុង​ចិត្ត ហើយ​មនុស្ស​គ្រប់រូប​មិនត្រូវ​ប្រើ​អំពើហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​។ ជាងនេះទៀត ក្រុមទី​៣​បាន​សង្កត់​បន្ថែមថា​ជីវភាព​រស់នៅ​តែងតែ​ជះឥទ្ធិពល​ទៅលើ​សន្តិភាព​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​៖ ជីវិត​ស្រស់បំព្រង​នៅក្រោម​ទឹកភ្លៀង

ចម្លើយ​របស់​ក្រុមទី​៤ មាន​ភាព​ស៊ីជម្រៅ​ជាងគេ ដោយ​ក្រុម​នេះ​លើកឡើង​៦​ចំណុច​ដើម្បី​ថែរក្សា​សន្តិភាព​៖ ១) ការចរចា​រវាង​ភាគី​មាន​ជម្លោះ ២) ការជំរុញ​ឲ្យ​មាន​ភាព​យោគយល់​ជាជាង​ប្រើ​អំពើហិង្សា ៣) «​ឯករាជ្យភាព​ជាតិ​» គឺជា​គន្លឹះ​ដើម្បី​វាស់​ស្ទង់​ថា ប្រទេស​មាន​សន្តិភាព​ឬ​អត់ ៤) សារសំខាន់​នៃ​ការ «​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ​» ៥) «​ការចាប់ផ្តើម​ទទួលស្គាល់​ការពិត​» គឺជា​វិធី​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ ៦) ការអប់រំ​អាច​បំពាក់​មនុស្ស​ឲ្យ​មានចំណេះដឹង​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ ជា​សរុប ក្រុមទី​៤​សន្និដ្ឋានថា សន្តិភាព​ចាប់​ផ្តើមចេញពី​បុគ្គល​នីមួយៗ​។

​ក្រោយ​ពីបទ​បង្ហាញ អ្នកចូលរួម​ទាំងអស់​បាន​ចែកគ្នា​ជា​៣​ក្រុម​ដើម្បី​ស្តាប់​រឿងរ៉ាវ​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ពីរ​នាក់​របស់​តុលាការ​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២ និង ប្រជាជន​ស្រុក​អន្លង់វែង​ម្នាក់ទៀត​មក​រៀបរាប់​អំពី​បទពិសោធន៍​ក្នុងការ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ តា​ម៉ុក​។ ក្រុម​១​អង្គុយ​នៅក្នុង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ហើយ​២​ក្រុម​ទៀត​ទៅ​ស្តាប់​រឿងរ៉ាវ​នៅក្រោម​ដើមឈើ​ក្នុង​សួនច្បារ​ខាងមុខ​។ ក្រុម​នីមួយៗ​បាន​សួរ​សំណួរ​បន្ថែម​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​។ ការរៀបរាប់​សាច់រឿង​បានបញ្ចប់​នៅក្នុង​រយៈពេល​៣០​នាទី​។

​មេរៀន​ចុងក្រោយ គ្របដណ្ដប់​លម្អិត​ទៅលើ​របៀប​ថត​ភាពយន្ត​ឯកសារ​ខ្លី​។ ក្រុមការងារ​មជ្ឈមណ្ឌល​បាន​ណែនាំ​សិស្ស​និស្សិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​វិធីសាស្ត្រ​នៃ​ការថត​ភាពយន្ត​នៅក្នុង​រយៈពេល​៥​នាទី​។ ក្រុម​នីមួយៗ ត្រូវមាន​សមាជិក​៤​នាក់​៖ អ្នក​កាន់​កាមេរ៉ា​, អ្នក​កត់ត្រា​, អ្នក​កាន់​ឧបករណ៍​ស្រូប​សំឡេង និង​អ្នក​សម្ភាសន៍​។ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​បន្ទាប់ ក្រុម​ទាំងអស់​អនុវត្ត​ប្រើប្រាស់ និង​ធ្វើការ​សាកល្បង​ទៅលើ​ឧបករណ៍​របស់ខ្លួន​។ ដូចដែល​បានគ្រោង​ទុក ក្រុម​ទាំង អស់​បានធ្វើ​ដំណើរ​ទៅ​ភូមិ​អូរ​អង្រែ និង​ភូមិ​ទួលប្រាសាទ នៅក្នុង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។ សិស្ស​និស្សិត​ទាំងអស់​បានធ្វើការ​តាម​មុខងារ​របស់ខ្លួន​ដោយ​ជោគជ័យ​។ ប្រជាជន​មូលដ្ឋាន​ក៏បាន​ចូលរួម​សហការ​ដោយ​ការចែករំលែក​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​ជាមួយនឹង​ក្រុមសិស្ស​និស្សិត​។ ប្រជាជន​មូលដ្ឋាន​១២​នាក់​ទៀត​បាន​ចែករំលែក​សាច់រឿង​រប​ស់​ខ្លួន ហើយ​បង្ហាញ​ពី​សំឡេង​របស់ខ្លួន​តាមរ​យៈ​អត្ថបទ​របស់​ក្រុមសិស្ស​និស្សិត​ដែល​បាន​សរសេរ​។

​ក្រោយពី​ការចុះ​សម្ភាសន៍ ក្រុមសិស្ស​និស្សិត​ទាំងអស់​ចូល​រួមគ្នា​ពង្រាបដី​ក្នុង​សួន​បន្លែ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ អ្នក​ទាំងអស់​ចំណាយពេល​អស់​ប្រមាណ​ជា​២​ម៉ោង​។ មុនពេល​មេឃងងឹត ក្រុមសិស្ស​និស្សិត​ទាំងអស់​បាន​ដាំពោត និង​សណ្ដែកបារាំង​នៅ​សួន​បន្លែ​។ ការដាំ​ដំណាំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មជ្ឈមណ្ឌល​ដើម្បី​ប្រែក្លាយ​កន្លែង​ដែល​គេបោះបង់​ចោល ទៅជា​សួន​ពណ៌​បៃតង​ដែល​អ្នកទេសចរ​អាចម​ក​ទស្សនា និង​បរិភោគ​បន្លែ​ផ្លែឈើ​ដែល​គ្មាន​ជាតិគីមី​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​៖ ជីវិត​ស្រស់បំព្រង​នៅក្រោម​ទឹកភ្លៀង

​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស​បានបញ្ចប់​ដោយ​ការ​ទៅ​ទស្សនា​នៅ កន្លែង​បូជាសព សុន សេន និង ក្រុមគ្រួសារ ចេតិយ តា​ម៉ុក និង​សារមន្ទីរ តា​ម៉ុក ដែល ជា​អតីត​ផ្ទះ​តា​ម៉ុក​។ អ្នកចូលរួម​ទាំងអស់​ត្រឡប់ទៅផ្ទះ​វិញ​ពោរពេញ​ដោយ​ការចងចាំ​ល្អ​ពី​អន្លង់វែង​។

​សៀ គីម​ចេង​៖ «​ខ្ញុំ​ចូលចិត្ត​ដាំ​បន្លែ​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។​»

​ជីប ស​ត្ថា​វី​៖ «​ខ្ញុំ​បាន​រៀនសូត្រ​យ៉ាងច្រើន​អំពី​អន្លង់វែង​ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម ក៏ដូចជា​បទពិសោធន៍​សង្គម​ជាច្រើន​»

​រ៉ឹ​ម សុខ​ខេង​៖ «​អន្លង់វែង​យើង​មាន​ទីតាំងនៅ​តំបន់ភ្នំ​ដ៏​ស្អាត ហើយ​ពោ​ពេញ​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​»

​សេន គីម​ឡាង​៖ «​ខ្ញុំ​ចូលចិត្ត​ភាព​ពិសេស​របស់​កម្មវិធី​ដែល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ប​ង្តើ​ត​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​ចំណាប់អារម្មណ៍​ឲ្យ​ខ្ញុំ​ចង់​សិក្សា​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​របស់​យើង​ឡើយ វា​ថែមទាំង​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ភាព​បើកចំហ​ទៅកាន់​សហគមន៍​អន្លង់វែង​ទៀត​។​»

​ស្រ៊ឺ ពេញចិត្ត​៖ «​ខ្ញុំ​នឹង​តែងតែ​ចងចាំ​ស្នាមញញឹម​ដ៏​កក់ក្តៅ និង​ស្រស់ស្អាត​របស់​ប្រជាជន​អន្លង់វែង​។ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​! ខ្ញុំ​ចង់ទៅ​អន្លង់វែង​ម្តងទៀត​។​»

​មុត ច័ន្ទ​រី​ណា​៖ «​ក្រៅពី​រៀន​ពី​ប្រវត្តិសាស្ត្រ ខ្ញុំ​ក៏បាន​រៀន​ពី​របៀប​ប្រើប្រាស់​កាមេរ៉ា​ដើម្បី​ថត​ខ្សែភាពយន្ត​ឯកសារ​ខ្លី​អំពី​អ្វីដែល​ខ្ញុំ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​។ ឥឡូវ​ខ្ញុំ​មាន​ជំនាញ​ថ្មី​ហើយ​។​»

​ស៊ិ​ម រ៉ា​៖ «​ទស្សនកិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​សិទ្ធិមនុស្ស បានអនុញ្ញាត​ឲ្យ​អាត្មា ទទួលបាន​ការយល់ដឹង​ថ្មី​តាមបែប​សង្គម និង​អប់រំ​ស្តីពី​ប្រ​វ​តិ្ត​សាស្ត្រ​របស់​យើង​៕»