​អបអរ​ខួប​១០​ឆ្នាំ​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធអង្គ​ធំ​

1612
ចែករម្លែក
  • 12
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​នេះ​បាន​ចូលរួម​ក្នុង​ពិធី​អបអរ​ខួប​១០​ឆ្នាំ​របស់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​អង្គ​ធំ​។​ពិធី​នេះ​ធ្វើឡើង​ក្រោម​ការចូលរួម​ពី​មន្ត្រីរាជការ​អ្នកជំនាញការ​ជាតិ​អន្ដរជាតិ​និង​ភ្ញៀវ​អន្ដរ​ជាតិប្រមាណ​១០០​នាក់​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​ដើម្បី​រៀបចំ​ទៅតាម​ពិធី​សាសនា​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​សារមន្ទីរ​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​២០០១​ក្រោម​ការសហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​និង​បុរាណ​វិទូ​ខ្មែរ​ដែល​បានធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្ដី​ហើយ​ប្រទះ​រូបចម្លាក់​ចំនួន​២៧៤​បំណែក​ដែល​ស្ថិតនៅក្នុង​រណ្ដៅ​កំណាយ​នៅពេលនោះ​។

​ភ្លាមៗ​បំណែក​រូបចម្លាក់​ទាំង​អស់​ត្រូវបាន​នាំយកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​។ នៅ​ឆ្នាំ ២០០៣ លោក តា​គី​យ៉ា អូ​កា​ដា ប្រធាន​កិ​ត្ដិ​យស​នៃ​ក្រុមហ៊ុន អ៊ី​អុង ជប៉ុន បាន​ទស្សនា​មជ្ឈមណ្ឌល សូ​ហ្វី​យ៉ា នៅ​សៀមរាប ហើយក៏​មានបំណង​បង្កើត​សារមន្ទីរ​មួយ​ដើម្បី​តម្កល់ និង​ថែរក្សា​រូបចម្លាក់​ទាំងនោះ​។​

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០១៧​។ សារមន្ទីរ​នេះ​សាងសង់ឡើង​ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន អ៊ី​អុង (AEON) របស់​ជប៉ុន តាមរយៈ​មូលនិធិ ១% ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​»​។

​មន្ត្រី​ដដែល​អោយដឹងទៀតថា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ផ្តល់​ចំណេះដឹង​ដល់​ម្ចាស់​ស្រុក អ្នកស្រាវជ្រាវ ជាពិសេស​សិស្ស​និស្សិត អំពី​តម្លៃ​ដ៏​អស្ចារ្យ​នៃ​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ដ្រ និង​សាសនា​របស់​ខ្មែរ ហើយក៏​ជា​កន្លែង​តម្កល់ ថែរក្សា ជួសជុល នូវ​រូបចម្លាក់ និង​វត្ថុ​បុរាណ​ដែល​បាន​ស្រាវជ្រាវ​រកឃើញ​នៅ​រមណី​ដ្ឋា​ន​អង្គរ​ក៏ដូចជា​តាម​បុរាណ​ដ្ឋា​ន​នានា​មក​បង្ហាញ​សាធារណជន​។​

​ទាក់ទង​នឹង​ព្រះពុទ្ធ​អង្គ​ធំ​ដែលមាន​កម្ពស់​៦​ម៉ែត្រ​ដែល​តម្កល់​នៅមុខ​សារមន្ទីរ​គឺ​សាងសង់ឡើង​ដោយ​លោកស្រី Sulata Mitra Sarkar ដែលជា​ជនជាតិ​ឥណ្ឌា ហើយ​កសាង​រួចរាល់​នៅ​ឆ្នាំ ២០១១​មក​ម្លេះ​។ គោលបំណង​នៃ​ការសាងសង់​នេះ​ដើម្បី​សុំ​សេចក្តីសុខ​សន្ដិភាព​និង​ភាពសុខដុមរមនា​ក៏ដូចជា​ទីសក្ការៈ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​។​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចូលរួម​ជួយឧបត្ថម្ភ​ក្នុងការ​សាងសង់​ផងដែរ ដូចជា​ការផ្តល់​ដី​សាងសង់ សំណង់​ដំបូល គ្រឹះ​តម្កល់​បដិមា និង​ស្រះ​ឈូក​។​

ដើម្បី​អបអរ​ពិធី​ខាងលើនេះ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ក៏បាន​រៀបចំ​ពិព័រណ៍​ខ្នាតតូច​មួយ​បន្ថែម​ស្ដីពី​ព្រះពុទ្ធ​ជា​គ្រូថ្នាំ និង​ការបើក​ឱ្យ​ទស្សនា​ដោយ​ឥតគិតថ្លៃ​ចំនួន ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៤-៦ ខែធ្នូ​ឆ្នាំ​២០១៨​នេះ​៕S/​

​អបអរ​ខួប​១០​ឆ្នាំ​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធអង្គ​ធំ​