​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ​ប្រារព្ធ​ធ្វើ​ក្រោម​វត្តមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​

463

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្មវិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បានចាប់ផ្តើម​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ​។​

​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ក៏មាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​តំណាង​ក្រសួងការបរទេស​ជប៉ុន និង​តំណាង​ក្រសួង​វប្បធម៌​បារាំង ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ អ្នកជំនាញ​ជាតិ​ជាតិ​-​អន្ដរជាតិ និង​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៦០០​នាក់​។​

​មុន​ចាប់ផ្តើម​កម្មវិធី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ជួប​សវន​ការ​ជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ ឯកឧត្តម Manabu MIYAGAWA អនុរដ្ឋមន្ដ្រី និង​ជា​អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​វប្បធម៌ នៃ​ក្រសួងការបរទេស​ជប៉ុន លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង តំណាង​ក្រសួង​វប្បធម៌​បារាំង ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន សហប្រធាន​នៃ អាយ​ស៊ី​ស៊ី​-​អង្គរ និង​គណៈប្រតិភូ​មួយចំនួនទៀត​។​

​ជាស​ក្សី​ភាព​នៃ​ការជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ បានប្រគល់​វិញ្ញាបនបត្រ​ការចុះបញ្ជី​លោ្ខ​ន​ខោល វត្ត​ស្វាយ​អណ្ដែត ជា​តំណាង​ល្ខោនខោល​នៃ​កម្ពុជា ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទី​ក្រុង​ព័រ​ល្វី នៃ​សាធារណរដ្ឋ ម៉ូ​រី​ស ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​នេះ​ជា​មោទនភាព​ដ៏​ឧ​ត្ដុង​ឧ​ត្ត​ម​របស់​កម្ពុជា​ទាំងមូល​។

​ជាមួយគ្នានេះដែរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានធ្វើការ​បំពាក់​មេដាយ​និមិត្តរូប​ជូន​ឥស្សរជន​អន្ដរជាតិ ដែល​បាន​លះបង់​កម្លាំង​កា​យកចិត្ត​ក្នុង​បុព្វហេតុ​អ​ភ​រិ​ក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។ ជាមួយនឹង​ទស្សនទាន និង​ការចែករំលែក​បទពិសោធ​ន៍​ជាច្រើន ដែល​កម្ពុជា​ឆ្លងកាត់​នា​អតីតកាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ក៏បាន​បង្ហាញ​អំពី​ការតាំង​ចិត្ត​និង​សុ​ឆន្ទៈ​ដ៏​មោះមុត​និង​ត្រៀមខ្លួន​ចូលរួម​ជានិច្ច​ជាមួយ​រាល់​ដៃគូ​សហប្រតិបត្តិកា​រ​អន្ដរជាតិ​ទាំងអស់​ក្នុងការ​ថែរក្សា​មរតក​ដូនតា​ដែលជា​មរតក​មនុស្សជាតិ​។

​ក្នុង​ការងារ​នេះដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ក៏បាន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ចូលរួម​ធ្វើយ៉ាងណា​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ​ឱ្យបាន​គង់វង្ស និង​សិ្ថ​ត​ស្ថេ​រ​ជា​និរន្ត​។​ចុងបញ្ចប់​នៃ​កម្មវិធី គណៈប្រតិភូ​ក៏​អញ្ជើញ​ទស្សនា​ស្ដង់​ពិព័រណ៍​រូបភាព​ជុំវិញ​សមិទ្ធផល​២៥​ឆ្នាំ របស់​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​បានរៀបចំ​នៅមុខ​បន្ទប់​ប្រជុំ​ផងដែរ​៕S/