​អប់រំ​បណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​នៅ​ស្វាយរៀង

133

ដោយៈ​សុផល​/​ស្វាយរៀងៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​វគ្គ​អប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ​លោកគ្រូ​អ្នកគ្រូ​នគរបាល​ប៉ុស្តិ៍​និង​ប្រធានភូមិ​។​ដែល​រស់​នៅលើ​ខ្សែ​ផ្លូវជាតិ​លេខ​១៣​ក្នុងស្រុក​រំដួល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាស្រុក​រំដួល​។​

​វគ្គ​អប់រំ​និង​ផ្សព្វផ្សាយ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​បណ្តុះបណ្តាល មន្ត្រីរដ្ឋបាល​សាលាស្រុក លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ​មេភូមិ​នាយប៉ុស្តិ៍​និង​លោកគ្រូ​អ្នកគ្រូ​ស្តីពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​ផ្លូវ​។​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ស្រម​តាម​ផែនការ​ជាតិ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​។​

​ការ​អប់រ​ផ្សព្វផ្សាយ​នេះ​រៀបចំឡើង​ក្នុង​រយៈពេល​១​ថ្ងៃ​ពេញ​ដោយ​ផ្តោតលើ​កត្តា​ហានិភ័យ​មួយចំនួន​ដូចជា ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥ​ទ្ធី​ពល​គ្រឿង​ស្រវឹង ការរង​របួស​ក្បាល ថ្មើរជើង និង​ការប្រើប្រាស់​កង់​។

ជាមួយគ្នានេះដែរ ក្រៅពី​ការផ្តល់​ការអប់រំ និង​ផ្សព្វផ្សាយ ក៏បាន​ផ្តល់ជូន​ផងដែរ នូវ​សម្ភារៈ​សុវត្ថិភាព​មួយចំនួន​ដល់​សាលា​នៅជាប់​នឹង​ផ្លូវជាតិ​ដែល​ប្អូនៗ​សិស្សានុសិស្ស​ប្រឈម​ហានិភ័យ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នូវ​សម្ភារៈ​ក្នុងការ​សម្រួល​ចរាចរណ៍​មួយចំនួន​ដូចជា​៖​រនាំង​សុវត្ថិភាព​កោន​សុវត្ថិភាព​ដំបង​ចរាចរណ៍​កញ្ចែ​និង​អាវ​ចំណាំង​បំរើឱ្យ​ការសម្រួល​ចរាចរណ៍​នៅពេល​សិស្សានុសិស្ស​ចេញពី​សាលា​។​

​លោក ពា​គីម​វង​ទីប្រឹក្សា​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​គម្រោង​កែលម្អ​ផ្លូវ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​៖​ការអប់រំ​ផ្សព្វផ្សាយ​ថ្ងៃនេះ​ជា​ថ្ងៃទី​២​ហើយ ដែល​កាលពី​ថ្ងៃទី​៩ មករា ក្រុមការងារ​ក៏បាន​អប់រំ​និង​ផ្សព្វផ្សាយ​បែបនេះ​ផងដែរ​។​

នៅក្នុង​ស្រុក​រមាសហែក​ហើយ​ក្រុមការងារ​របស់លោក​នឹង​បន្ត​អប់រំ​ផ្សព្វផ្សាយ​បន្តទៀត​ក្នុងស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍​ក្នុងពេល​បន្តបន្ទាប់ នៅលើ​ខ្សែ​ផ្លូវជាតិ​លេខ​១៣​និង​ផ្លូវជាតិ​លេខ​១៨​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ថ្នាក់មូលដ្ឋាន​ផ្ទាល់​ដូចជា​នៅតាម​ឃុំ​និង​សាលារៀន​ដែល​នៅតាម​បណ្តោយ​ខ្សែរ​ផ្លូវ​នៃ​គម្រោង​។​

​លោក​បាន​បន្ថែមថា​សាលា​ចំនួន​២៨​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣​និង​ផ្លូវជាតិ​លេខ​១៨​ទទួលបាន​ការបណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដែល​ក្នុងនោះ​មាន​សាលា​ចំនួន​២០​ទទួលបាន​នូវ​សម្ភា​រះ​សុវត្ថិភាព​បំរើឱ្យ​ការសម្រួល​ចរាចរណ៍​ពេល​សិស្ស​ចេញទៅ​ផ្ទះ​។

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​សាលាស្រុក​ក៏ដូចជា​លោក​មេឃុំ​នាយ​ប៉ូ​ស្តិ៍​លោកនាយក​មេត្តាជួយ​ផ្សព្វផ្សាយ​បន្ត​និង​ជំ​រុញឱ្យ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​និង​អនុវត្ត​ការប្រើប្រាស់​នូវ​សម្ភា​រះ​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធិភាព និង​ថែរក្សា​នូវ​អ្វីដែល​ក្រសួង​ផ្តល់ឱ្យ ដើម្បី​សុវត្ថិភាព​ដល់​សហគម​ន៍ របស់លោក លោកស្រី​។​

លោក​កុយ​អាង​នាយក​សាលាបឋមសិក្សា​កូវ​សាមុត​កំពង់​ចក​បាន​ថ្លែងឱ្យដឹងថា​លោក​ពិត​ជាមាន​សេចក្តី​រិ​ករាយ​បំផុត​ដែល​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្ងៃនេះ​ក្រៅពី​បាន​ចូលរួម​ការអប់រំ​និង​ផ្សព្វផ្សាយ​សាលា​របស់លោក​ក៏​ទទួលបាន​ផងដែរ​នូវ​សម្ភារៈ​សុវត្ថិភាព​សម្រាប់​សម្រួល​ចរាចរណ៍​ដល់​ប្អូនៗ​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។​អ្វី​ទាំងនេះ​គឺ​ពិតជា​មានតម្លៃ​សម្រាប់​ចូលរួម​ធ្វើឱ្យ​សិស្សានុសិស្ស​របស់​លោកមា​ន​សុវត្ថិភាព

​បច្ចុប្បន្ន​ក្រោយពេល​ផ្លូវជាតិ​លេខ​១៣​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​កែសម្រួល​ចាក់​កៅស៊ូ​លោក​ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិ​របស់​សិស្សានុសិស្ស​ពេល​ចេញពី​សាលា​ព្រោះ​សាលា​របស់លោក​មាន​ខ្លោងទ្វា​ចេញទៅ​លើផ្លូវ​តែម្តង​។​

ព្រោះ​លោ​កស​ង្តេ​ត​ឃើញថា​ក្រោយពេល​ផ្លូវ​ត្រូវបាន​កែលម្អ​អ្នកបើក​បរមាន​បើកបរ​ក្នុង​ល្បឿន​លឿន​ខុស​ពីមុន​ដែលមាន​ផ្លូវដី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​។ លោក​ក៏បាន​សន្យា​ផងដែរ​ថា​លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​អប់រំ​និង​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្សានុសិស្ស និង​ប្រើប្រាស់​សម្ភារៈ​ដែល​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផ្តល់ជូន​៕S/