​អភិបាលខេត្ត​កែប​ចុះ​ជួប​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

808
ចែករម្លែក

​ដោយៈ​បូកគោ​/​កែបៈ​ក្នុង​បំណង​ចូលរួម​រំលែក​ក្តី​លំបាក​និង​ឆ្លើយតប​ចំពោះ​តម្រូវការ​បន្ទាន់​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៨​លោក​កែ​នស​ត្ថា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​កែប​បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ដែល​ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមិថុនា​។​

​ចូលរួម​រំលែក​ក្តី​ទុក្ខ​ក្នុង​គ្រោះអាសន្ន​នេះ​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ ឬ​ពូជសាសន៍​ពណ៌​សម្បុរ​ឡើយ​។

ពិតណាស់ អំណោយ​ទាំងនេះ​មិនអាច​ជំនួស​ឱ្យ​ការឈឺចាប់​ដែល​បងប្អូន​បាន​ទទួលរង​នោះឡើយ តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​បាន​មួយគ្រា​ខណៈពេល​គ្រោះធម្មជាតិ​នៅ​បន្ត​គ្របដណ្តប់​លើ​ភូមិសាស្ត្រ​បងប្អូន​កំពុង​រស់នៅ​បន្ថែមទៀត​។ លោក​អភិបាលខេត្ត​ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងឱកាស​ដែល​កំពុង​បន្ត​ប្រឈម​នឹង​គ្រោះភ័យ​នេះ​។​

ឆ្លៀតឱកាស​នេះ​ផងដែរ​លោក​កែ​នស​ត្ថា​បាន​បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​ត្រៀមលក្ខណៈ​ក្នុងការ​ចូលរួម​បោះឆ្នោត​នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ប្រើ​សិទ្ធិ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ជឿទុកចិត្ត​។​

​សូមបញ្ជាក់ថា​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨​ខណៈ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំងក្លា​ផង​នោះបាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ស្ថិតក្នុង​ឃុំ​អង្កោល និង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ទទួលរង​គ្រោះ​របើក​ជញ្ជាំង​របើក​ដំបូលផ្ទះ​។​

ផ្តើមចេញពី​ហេតុការណ៍​នោះ​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​កែប​បាន​នាំយក​សម្ភារៈ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​ដើម្បី​សម្រាល​ការលំបាក​មួយគ្រា​៕S/

​អភិបាលខេត្ត​កែប​ចុះ​ជួប​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​