​អភិបាលខេត្ត​កំពត​នឹង​ពិភាក្សា​លើ​សំណើ​បង្កើត​តំបន់​ការពារ​ថ្មី​

1562
ចែករម្លែក

ដោយៈ​បូកគោ​កំ​ពតៈ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រ​ពឹ​ត្ត​ឡើង​នា​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨​គណៈ​អភិបាល​ខេត្តកំពត​នឹង​លើក​មក​ពិភាក្សា​នូវ​សំណើសុំ​បង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង​បន្ថែម​ថ្មី​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​នេះ​។​យោង​លិខិត​លេខ​៥០៥. សណ​.​ប​ស្ថ របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដែល​បាន​ដាក់ចូល​រដ្ឋបាលខេត្ត​កំពត​កាលពី​ថ្ងៃ​២៤ ខែមេសា ឆ្នាំ​២០១៨​។ ក្នុងន័យ​ស្នើសុំ​ថ្នាក់ដឹកនាំ​ខេត្ត​ផ្តល់​ការឯកភាព​និង​ហត្ថលេខា​លើ​ផែនទី​អំពី​ការសុំ​បង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង​បន្ថែម​ថ្មី​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​នេះ​។

ខ្លឹមសារ​នៃ​លិខិត​រៀបរាប់ថា​ក្រសួងបរិស្ថាន​បាន​ចុះ​ធ្វើការ​សិក្សា​ទីវាល​ជាក់ស្តែង​ដោយ​វាយតម្លៃ​ពី​ស្ថានភាព​ធនធាន​ព្រៃឈើ សារពើភ័ណ្ឌ​រុក្ខជាតិ សក្តានុពល​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។ បេសកកម្ម​នេះ​បានធ្វើ​លើ​តំបន់​ចំនួន​បួន រួមមាន​តំបន់ភ្នំ​កំពង់ត្រាច​ក្នុងស្រុក​កំពង់ត្រាច​, តំបន់ភ្នំ​ដំរី និង​ភ្នំ​ផ្អាវ ក្នុងស្រុក​កំពង់ត្រាច​, តំបន់ភ្នំ​ក្បាល​រមាស និង​ភ្នំ​ឈ្ងោក​ក្នុងស្រុក​ទឹកឈូ ព្រមទាំង​តំបន់ភ្នំ​ល្អាង​ក្នុងស្រុក​ដងទង់​។

លិខិត​ដដែល​បាន​បន្តថា​ក្រោយពី​ការស្រាវជ្រាវ​រួចរាល់ ក្រុមការងារ​បានរៀបចំ​សិក្ខាសាលា​បើក​កិច្ច​ពិគ្រោះ​យោបល់​នៅ​ខេត្តកំពត​ដោយមាន​ការចូល​រួមសហកា​រ​ពី​អង្គការ IUCN ដែលជា​ដៃគូ​ដ៏​សំខាន់​នោះ​។ តំបន់ភ្នំ​ទាំងនេះ​ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ​មាន​លក្ខណៈ​ជីវសាស្ត្រ​ល្អប្រសើរ​សម្រាប់​ប្រភេទ​ល្មូ​ន​ដោយបាន​រកឃើញ​ប្រភេទ​ថ្មី​ប្រចាំ​តំបន់​ចំនួន​បី​។ សម្រាប់​រុក្ខជាតិ​វិញ ក្រុមការងារ​ក៏បាន​រកឃើញ​ពូជ​ថ្មី​បួន​ប្រភេទ​បន្ថែមទៀត​។ ភ្នំ​ខ្លះ​ជា​កន្លែង​សក្ការៈបូជា​មានតម្លៃ​ខ្ពស់​ផ្នែក​ប្រពៃណី​វប្បធម៌​។

ខ្លឹមសារ​ក្នុង​សំណើ​បាន​បញ្ជាក់ថា​សារសំខាន់​ផ្នែក​ជីវៈចម្រុះ​នៃ​រូងភ្នំ ពយ​ធម្មជាតិ​និង​សម្រស់​ដ៏​ត្រកាល​ទាំងនេះ​មាន​តួនាទី​ចាំបាច់​ក្នុង​ការជួយ​រក្សា​លំនឹង​បរិស្ថាន​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាមរយៈ​ការបង្កើត​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​វប្បធម៌​និង​ជំនឿ​សាសនា​។​តំបន់ភ្នំ​ទាំងនោះ​មានតម្លៃ​មហាសាល​ដែលជា​ដើមចម​តម្រូវឱ្យ​ថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ​ជា​ចាំបាច់​សម្រាប់​ប្រយោជន៍​ទាំង​បច្ចុប្បន្ន និង​ព​អនាគត​។​

តាម​ការ​បង្ហើប​ឱ្យដឹងពី​មន្ត្រី​នៃ​សាលាខេត្ត​កំពត​មួយរូប​ថា​ក្នុងចំណោម​របៀបវារៈ​ចំនួន​ប្រាំបួន​សម្រាប់​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រព្រឹត្តឡើង​នា​រសៀល​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨​សំណើសុំ​បង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង​បន្ថែម​ថ្មី​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកំពត​ស្ថិតនៅ​លំដាប់​ទី​ប្រាំមួយ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​៕S/​

​អភិបាលខេត្ត​កំពត​នឹង​ពិភាក្សា​លើ​សំណើ​បង្កើត​តំបន់​ការពារ​ថ្មី​