​អភិបាលខេត្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំង​១៥​ក្នុង​ខេត្តសៀមរាប

475
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​លោក​អភិបាលខេត្ត​សៀមរាប​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំង​១៥ ដែល​បាន​កំពុង​ធ្វើ អាជីវកម្ម​នៅ​ខេត្តសៀមរាប ក្នុង​វិស័យ​ទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម ។​ពិធី​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន បានធ្វើ​ឡើង​កាល​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ចិន​ចំនួន​១៥​ដែល​កំពុង​ធ្វើ​វិនិយោគ​ក្នុង​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​LuYanwen​ប្រធាន​ក្រុមហ៊ុន យូ​ណាន​គ្រុប​ខូ​អិ​ល​ធី​ឌី ។​

​លោក​LuYanwen​ប្រធាន​ក្រុមហ៊ុន​យូ​ណាន​គ្រុប​ខូ​អិ​ល​ធី​ឌី​ក៏បាន​លើក​នូវ​គោលបំណង​មួយចំនួន​របស់​ក្រុមហ៊ុន​ទាំង​១៥ ដែល​បាន​កំពុង​ធ្វើ អាជីវកម្ម​នៅ​ខេត្តសៀមរាប ក្នុង​វិស័យ​ទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម និង​បញ្ហា​មួយចំនួន ដែល​ធ្វើ​ឲ្យ​មានការ ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់ខ្លួន ។​

​លោក Lu Yanwen​ក៏បាន​លើកឡើង​ផងដែរ​ពី​កិច្ចដំណើរការ​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ សៀមរាប​អង្គរ​រួមទាំង​ការចូលរួម​ធ្វើការ​សម្អាត​បរិស្ថាន​នៅតាម​ដងស្ទឹង​ដងផ្លូវ​ដោយបាន​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​និង​ស្រុក​សូទ្រនិគម​។​

ក្នុង​កិច្ចពិភាក្សា​នោះដែរ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​លើកឡើង​ពី​ផល​លំបាក​ក្នុង​ការធ្វើ​អាជីវកម្ម​ចំពោះ​រាល់​ផលិតផល​មួយចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាក​យីហោ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន ។​

​លោក ទៀ សីហា ក៏បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ ចំពោះ​ក្រុមហ៊ុន​ចិន​ទាំង​១៥ ដែល​បាន​ចូលមក​ធ្វើការ វិនិយោគ​នៅ​ខេត្តសៀមរាប​ក៏​ជាការ​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ព្រមទាំង​បង្ករ​នូវ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង​។​លោក​បាន​បន្តថា​កិច្ចការ​នេះ​ក៏​ប្រទេស​យើង​ទាំងពីរ ឈរលើ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ក្នុងការ​ឆ្ពោះទៅ​កិច្ចអភិវឌ្ឍន៍​ឲ្យ​មានការ រីកចម្រើន​វិស័យ សេដ្ឋកិច្ច​នៅ​កម្ពុជា ។

​លោក ទៀ​សីហា​ក៏បាន​ធ្វើការ​សាទរ​ផងដែរ​ដែល​ប្រតិភូ​ក្រុមហ៊ុន​ចិន​នឹង​បន្ត​ជម្រុញ​ដល់​អ្នកវិនិយោគ​ចិន ចូលមក​ធ្វើការ​សិក្សា​ក្នុង​វិស័យ​ទេសចរណ៍​និង​កសិកម្ម​នៅ​ខេត្តសៀមរាប​គឺជា​គោលដៅ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កាន់តែ​មានការ រីកចម្រើន​ទៀតផង ៕S/

​រូបភាពៈ​លោក​ទៀ​សីហា​អភិបាលខេត្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំង​១៥​ក្នុង​ខេត្តសៀមរាប​៕​គូលែន​