​អភិបាលខេត្ត​តម្រូវឱ្យ​ជំនាញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យបាន​ឆាប់​ដើម្បី​បញ្ចប់​វិវាទ​

300

​ដោយ​បូកគោ​/​កំ​ពតៈ​ករណី​វិវាទ​ដីធ្លី​មួយចំនួន​នៅ​ខេត្តកំពត​ជា​បញ្ហា​ក្តៅគគុក​ដែលមាន​ភាពស្មុគស្មាញ​ពិបាក​ដោះស្រាយ​និង​បានអូសបន្លាយ​ជាច្រើន​អាណត្តិ​តរៀងមក​។​កន្លែង​ខ្លះ​ដី​ប្រជាពលរដ្ឋ​ជាន់​លើដី​ក្រុមហ៊ុន ហើយ កន្លែង​ខ្លះទៀត​ដី​ក្រុមហ៊ុន​ជាន់​លើដី​របស់​កងទ័ព​។

​កត្តា​នេះ​ជា​ហេតុដែល​ធ្វើឱ្យ​មន្ទីរ​ជម​នា​ញ​មិនអាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ទោះបី​វាស់វែង​រួចរាល់​ក្តី​។ នា​ដំណាក់កាល​ថ្មី​នេះ​បញ្ហា​ទាំងនោះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​ដោយ​បើកចំហរ​និង​បាន​រកឃើញ​ដំណោះស្រាយ​ជា​វិជ្ជមាន​ហើយ​ថ្នាក់ដឹកនាំ​តម្រូវឱ្យ​ម​ន្ទិ​រពាក់​ព័ន្ធ​បញ្ឈប់​វប្បធម៌​បាចទឹក​ដាក់គ្នា​។

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​គ្រប់​មន្ទីរ​ពាក់ព័ន្ធ​ប្រញាប់ប្រញាល់​ចុះ​ពិនិត្យមើល​ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជា​យូរ​មកហើយ បើ​ក្នុងករណី​មាន​ប៉ះពាល់​គម្រប​ព្រៃឈើ ដី​ឧទ្យាន​ជាតិ ឬ​ដី សហគមន៍​ត្រូវ​ឆ្វៀល​ចេញរួច​រាយការណ៍​ទៅ​ក្រសួងសាមី​របស់ខ្លួន​។

​រីឯ​មន្ត្រី​ជំនាញ​ត្រូវ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់​ដោយ​មិនអាច​ពន្យា​ពេល​ឡើយ​។ បើ​នៅតែ​ស្ទាក់ស្ទើរ នោះ​បញ្ហា​នឹង​បន្ត​ជាប់គាំង​មិនអាច​ដោះស្រាយ​បានឡើយ​។​លោក​អភិបាលខេត្ត​បាន​បន្តថា​របៀប​ដោះស្រាយ​គឺ​គេ​ចាប់ផ្តើម​បង្រួម​ពី​ធំ​មក​តូច​និង​ពី​តូច​រហូត​ឈានទៅ​អស់​បញ្ហា​ទើប​ហៅថា​ជោគជ័យ​។​

​ដោយឡែក​មន្ទីរជំនាញ​ត្រូវ​គិតគូរ​បញ្ហា​ដី​ប្រជាពលរដ្ឋ​តិចតួច​មុន​កុំ​ចាំបាច់​ដោះស្រាយ​ជា​កញ្ចប់​ដូច​ករណី​ក្នុង​ឃុំ​ចំនួន​ប្រាំមួយ​ដែលមាន​១៦​ទីតាំង​របស់​ប្រជាពលរដ្ឋ​១.១០៨​គ្រួសារ​ក្នុងស្រុក​ទឹកឈូ ត្រូវតែ​ដោះស្រាយ​ជូន​ពួកគាត់​ដោយ​មិនអាច​ទុក​ឱ្យនៅ​រ៉ាំរ៉ៃ​ទៀត​ទេ​។

​យ៉ាងណាមិញ​គ្រប់​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ពីថ្ងៃ​នេះ​ទៅ​សូមកុំ​រុញ​បញ្ហា​ដាក់គ្នា​គឺ​ត្រូវ​សាមគ្គី​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​សម្រេច​លទ្ធផល​វិជ្ជមាន​ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ប័ណ្ណកម្មសិទ្ធិ​លើដី​អាស្រ័យ​ផល​ជា​ចាំបាច់​។​នៅពេល​ពលរដ្ឋ​ទទួលយកបាន​ដោយ​រស់នៅក្នុង​ភាព​ស្ងប់​នោះ​អំពើ​វិវាទ​ដីធ្លី​ឈប់​កើតមាន​ហើយ​មន្ត្រី​ជំនាញ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​ក៏​លែង​ឈឺក្បាល​ដែរ​៕S/​

​អភិបាលខេត្ត​តម្រូវឱ្យ​ជំនាញ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យបាន​ឆាប់​ដើម្បី​បញ្ចប់​វិវាទ​