​អភិបាលខេត្ត​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម​ជួយ​ព្យាបាល​ជំងឺ​និង​កម្ចាត់​សត្វល្អិត​ស៊ី​ដើម​ស្វាយចន្ទី​

490
ចែករម្លែក
  • 21
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​:​កាលពី​ព្រឹក​ថ្ងៃទី ៦​ខែមីនា​ឆ្នាំ​២០១៩​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម ចុះទៅ​ជួយសង្គ្រោះ​ព្យាបាល​ជំងឺ និង​កម្ចាត់​សត្វល្អិត​ដង្កូវ​ដួង ស៊ី​ដើម​ស្វាយចន្ទី​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ នៅ​ជិត​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម និង​មាន​កសិករ​ចម្ការ​ជិតខាង​ច្រើន​នាក់​ចូលរួម​ស្តាប់​បទ​បង្ហាញ ។​

​លោក អ៊ុក គោរព អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​ផលិតភាព​កសិកម្ម នៃ​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​ដែល​បាន​ដឹកនាំ​ការព្យាបាល និង​កម្ចាត់​សត្វល្អិត​នៅ​ចម្ការ​ស្វាយចន្ទី​ខាងលើ​បាន​ឲ្យ​ដឹងថា ឆ្លងតាម​ការពិនិត្យ​ជាក់ស្តែង​ដើម​ស្វាយចន្ទី​ក្នុង​ចម្ការ គឺ​ដើម​ស្វាយចន្ទី​ជាច្រើន​ដើម​បាន​មាន​ជំងឺផ្សិត ដែល​បង្កឡើង​ដោយ​ដង្កូវ​ដួង​ស៊ី​ដើម​វា​( ចន្ទី​)​។​

​មន្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ដំបូង​កសិករ​ជា​ម្ចាស់​ចម្ការ​បាន​ប្រើ​វិធី​ព្យាបាល​កម្ចាត់​ដង្កូវ​ចេញពី​ដើម​ស្វាយចន្ទី​ខ្លួនឯង​ខ្វះ​បច្ចេកទេស​គឺ​បានចៀរ​ឈូស​សម្បក​ចាប់​សត្វ​ដង្កូវ​ដួង​នេះ​។​ប៉ុន្តែ​បន្ទាប់ពី​ក​ម្ចាស់​ចាប់​ដង្កូវ​ដួង​ហើយ​នោះ គឺ​គាត់​ទុក​ចំហ​ចោល​មិន​បានធ្វើ​អនាម័យ​សម្អាត​ដើម និង​មិនបាន​បិទ​ថ្នាំ​ព្យាបាល​ឲ្យ​ដុះ​សាច់​ជិត​មុខរបួស​ដើម្បី​ការពារ បានធ្វើ​ឲ្យ​កើតជា​ជំងឺផ្សិត​រលួយ​សម្បក​ច​ន្ទី​កើតឡើង​យ៉ាង​ដូច្នេះ​។

​លោក គោរព បាន​បន្តថា វិធានការ​នៅ​ចំពោះ​នេះ​យើង​បាន​ណែនាំ​ពី​វិធី​ព្យាបាល​ជំងឺ​និង វិធីសាស្ត្រ​ការពារ និង​កម្ចាត់​ដង្កូវ​ដួង​តាម​លក្ខណ​:​បច្ចេកទេស​។ បន្ទាប់មក​ខាង​លោក​នឹង​ចុះ​តាមដាន​រយ​:​ពេល​មួយ​សប្តាហ៍​ម្តង​។​
លោក​បាន​បន្តថា ជំនួសមុខ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គឺ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ចង់​ចេះ​ចង់​ពី​ជំនាញ​កសិកម្ម​សូម​ឲ្យ​ធ្វើ សំណើ​តាមរយ​:​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់​ចូលមក​ការិយាល័យ​កសិកម្ម​ស្រុក​នោះ​ខាង​ការិយាល័យ​ជំនាញ​នឹង ចុះទៅ​ជួយ​បណ្តុះបណ្តាល​ជូន ឥតគិតថ្លៃ​។​

​លោក ជុំ ម៉េង​លាង ម្ចាស់​ចម្ការ​ស្វាយចន្ទី​ដែលមាន​ជំងឺ និង​សត្វល្អិត​ស៊ី​ដើម​នោះបាន​បញ្ជាក់ថា ខាង​លោក​ជា​ម្ចាស់​ចម្ការ​ពិតជា​បានចៀរ​សម្បក​ដើម្បី​ចាប់​ដង្កូវ​ដួង​ស៊ី​ដើម​ស្វាយចន្ទី​ដោយ​មិនបាន​បិទ​ថ្នាំ​ព្យាបាល​ឲ្យ​ដុះ​សម្បក និង​ដើម្បី​ការពារ​ជំងឺផ្សិត​នេះ​មែន​។ ប៉ុន្តែ​តាមរយ​:​បទ​បង្ហាញ​ដល់​ចម្ការ​រយ​:​ជិត​ពីរ​ម៉ោង​នេះ គឺ​លោក​បាន​យល់​ពី​វិធី​ព្យាបាល​ជំងឺ និង​របៀប​ការពារ កម្ចាត់​សត្វល្អិត​ស៊ី​ដើម​ស្វាយចន្ទី​នេះហើយ​។​

ម្ចាស់​ចម្ការ​បាន​បន្តថា លោក និង​កសិករ​ដទៃ​មានការ​រីករាយ​ក្នុង​ចិត្ត និង​អរគុណ នៅពេល​ឃើញ​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​មកជួយ​ព្យាបាល​ជំងឺ និង​ប្រាប់​ពី​វិធី​សា​ស្ក្រ​កម្ចាត់​សត្វល្អិត ដែល​បាន​យាយី​ស៊ី​ដើម​លើ​ដើម​ស្វាយចន្ទី ដល់​ចម្ការ​យ៉ាង​ដូច្នេះ​។​

លោក វ៉ាត សា​វីន ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ម្នាក់ទៀត​ដែល​បាន​ទៅ​ចូលរួម​ស្តាប់​បទ​បង្ហាញ​របស់​មន្ត្រី​កសិកម្ម​បានលើកឡើង​ថា លោក​បាន​យល់ដឹង​ពី​វិធី​ព្យាបាល និង​កម្ចាត់​សត្វ​ដង្កូវ​ដួង​ស៊ី​ដើម​ស្វាយចន្ទី​បាន​ប្រមាណ ៧០​ភាគរយ​។ ប៉ុន្តែ​លោក​សំណូមពរ​សូម​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម ជួយ​បណ្តុះ​ប ណ្តា​លពី​ការប្រើប្រាស់​ជី ការផលិត​ជី និង​ថ្នាំពុល​ធម្មជាតិ​៕S/​