​អភិបាលខេត្ត​ពោធិ៍សាត់​ចុះ​ដោះស្រាយ​សំណូមពរ​បញ្ហា​ប្រឈម​និង​ទំនាស់​ផ្សេងៗ​

825
ចែករម្លែក
  • 9
    Shares

ដោយ​៖​ពស​/​ពោធិ៍សាត់​៖ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃទី​៧​ខែមីនា ឆ្នាំ​២០១៩ បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​សំណូមពរ​បញ្ហា​ប្រឈម​និង​ទំនាស់​ផ្សេងៗ​ដល់​ឃុំ​អូ​តា​ប៉ោង​ស្រុក​បាកាន​ផ្ទាល់​តែម្តង ដើម្បី​ខិត​កៀក​ឲ្យ​ជិត​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​នៅ​សាលាឃុំ​អូរ​តា​ប៉ោង​ស្រុក​បាកាន​ដែល​ក្នុងឱកាស​នោះបាន​ធ្វើការ​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង​ទំនាស់​ដីធ្លី​៥​ករណី ដោយបាន​ការចូលរួម​ពី​តំណាង​មេធាវី​ខេត្ត អាជ្ញាធរ​ស្រុក ក្រុមប្រឹក្សាឃុំ មេ​ប៉ុស្តិ៍ មេភូមិ និង​ភាគី​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

បញ្ហា​ប្រឈម និង​សំណូមពរ​ទំនាស់​ដីធ្លី ទាំង​៥​ករណី​នោះ រួមមាន​៖​ទី​១-​ទំនាស់​ដីស្រែ​ក្រោម តំបន់​បឹង​មមាញ បឹង​ដៃ​ពង្រ និង​តំបន់​ទំនប់​តា​ប៉ិច រវាង​មេភូមិ​អន្លង់​ក្រាយ និង​ប្រជាពលរដ្ឋ​២២​គ្រួសារ​។​ទី​២-​ទំនាស់​ដីធ្លី​រវាង​ឈ្មោះ ឡេង ចិន និង​ឈ្មោះ ឈិន ឆុន នៅ​ភូមិ​បត់​គគីរ​ថ្មី ឃុំ​អូរ​តា​ប៉ោង​
​ទី​៣- ទំនាស់​ច្រកចូល​ផ្ទះ រវាង​ឈ្មោះ ឆៃ ប៉ាន និង​ឈ្មោះ ជាម ម៉ើ​ល នៅ​ភូមិ​ព្រៃ​យាង ឃុំ​អូរ​តា​ប៉ោង ​ទី​៤-​ការរំលោភ​យក​បឹង​សហគមន៍​ផ្គត់ផ្គង់​ទឹកស្អាត ទី​៥-​ទំនាស់​ដី​ច្រកចូល​ផ្សារ​អូរ​តា​ប៉ោង ពី​ខាងលិច រវាង​ឈ្មោះ សាយ ឈុន​ឡេង អាជីវករ​ផ្សារ​។​រាល់​សំណូមពរ បញ្ហា​ប្រឈម និង​ទំនាស់​ដីធ្លី ទាំង​៥​ករណី​ខាងលើ លោក​ម៉ៅ​ធនិន​បាន​យល់ស្រប​ឯកភាព និង​ពិនិត្យ​ដោះស្រាយ​ជូន ទៅតាម​លទ្ធភាព​ជាក់ស្តែង​។

​ដោយឡែក បញ្ហា​ទំនាស់​ដីស្រែ​ក្រោម តំបន់​បឹង​មមាញ បឹង​ដៃ​ពង្រ និង​តំបន់​ទំនប់​តា​ប៉ិច លោក​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មេឃុំ ក្រុមប្រឹក្សាឃុំ ចុះ​ពិនិត្យ​លទ្ធភាព​ក្រុមគ្រួសារ​ដែល​ខ្វះខាត​ពិតប្រាកដ ផ្តល់ជូន​ដី​ជាក់ស្តែង​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងថា «​ការយល់​យោគ អធ្យាស្រ័យ និង​សន្តោស​ប្រណី​គ្នា​ទៅវិញទៅមក ជា​លក្ខណៈ​គ្រួសារ គឺមាន​តាំងតែ​ពី​ដូនតា​យើង​មកម្ល៉េះ ។ ដូច​ច្នេះ​ត្រូវ​ចងចាំ​ថា បើ​គ្រួសារ​បែកបាក់ គឺ​ហាក់បីដូចជា​ហែក​បង្វេច​ឲ្យ​ចោរ​យ៉ាង​អញ្ចឹង​»​។ ចំពោះ​អ្នក​ជំពាក់​លុយ​គេ ត្រូវ​សង​គេ​វិញ​, អ្នកយក​ដី​គេ ត្រូវ​ឲ្យ​គេ​វិញ​, បើ​ខ្វះខាត​ពិតប្រាកដ​ត្រូវសុំ​គេ និង​ត្រូវ​ប្រើស​ម្តី​មាស សម្តី​ពេជ្រ ប្រកបដោយ​ឥរិយាបទ​ថ្លៃថ្នូរ ពី​ដូនតា​បន្សល់​មក​។​

​សម្រាប់​យន្តការ ឈ្នះ​-​ឈ្មះ នៃ​ការដោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព និង​ជឿជាក់​បំផុត​របស់លោក អភិបាលខេត្ត បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ទំនាស់ ពេញចិត្ត និង​យល់ស្រប​ទទួល​ទាំងអស់គ្នា​។​តំណាង​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយកចិត្តទុកដាក់ និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ របស់លោក​អភិបាលខេត្ត ដោយ​មិន​គិតពី​ការនឿយហត់ ក្នុង​ចំណាត់ការ​ដោះស្រាយ​សំណូមពរ ក៏ដូចជា​បញ្ហា​ទំនាស់​ផ្សេងៗ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕S/