​អភិបាលខេត្ត​!​ស្រូវវស្សា​ដែល​ខូចខាត​ដោយ​ទឹកជំនន់​ត្រូវ​ប្រញាប់​ជួសជុល​ឡើងវិញ​

237
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អភិបាលខេត្ត​កំពត​បាន​ក្រើនរំលឹក​ដល់​ប្រជាកសិករ​ដែល​ទទួលរ​ង​ការខូចខាត​ស្រូវវស្សា​ដោយ​ទឹកជំនន់​កន្លងមក​ត្រូវ​រូតរះ​ជួសជុល​ឡើងវិញ​ដើម្បី​បញ្ចៀស​ពី​ភាពយឺតយ៉ាវ​នៃ​រដូវ​បង្កបង្កើនផល​។​ថ្លែង​នា​ពិធី​ចែក​ស្រូវពូជ​ដល់​កសិក​រ​ក្នុងស្រុក​កំពង់ត្រាច​ធ្វើឡើង​នៅ​បរិវេណ​វត្ត​អង្គ​សុរភី ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​វេលា​នេះ​ហាក់ដូចជា​ចុងរដូវ​សម្រាប់​ការធ្វើ​ស្រូវវស្សា​ទៅហើយ​។

​ដូច្នេះ​តាមរយៈ​ស្រូវពូជ​ដែល​ចែកជូន​នេះ​សូម​បងប្អូន​ប្រជាកសិករ​ទាំងអស់​ប្រញាប់​រូតរះ​យកទៅ​សាបព្រោះ​ដើម្បី​ជួសជុល​ឡើងវិញ​ឱ្យទាន់​កាល​វេលា​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​គឺជា​បាតុភូត​ដែល​មិនមាន​នរណាម្នាក់​អាច​កំណត់​ជាមុន​បានឡើយ​។

ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​ជូន​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​។​លោក​ជាវ​តា​យ​បាន​បន្តថា​ជាក់ស្តែង​ការនាំយក​ស្រូវពូជ​មក​ចែកជូន​នាពេលនេះ​ជាការ​ឆ្លុះបញ្ចាំង​នូវ​កិច្ច​គិតគូរ​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​និង​រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​រាល់​ទុក្ខលំបាក​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​។

​លើសពីនេះ​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​តែង​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយសារ​បាតុភូតធម្មជាតិ​ផ្សេងៗ​។​

​លោក​ចាន់​រិ​ទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បាន​រាយការណ៍​ថា​ឆ្នាំនេះ​ទូទាំង​ខេត្តកំពត​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​តិចតួច​នៅក្នុង​ក្រុង​ស្រុក​ចំនួន​បី​គឺ​ក្រុង​កំពត​ស្រុក​ទឹកឈូ និង​ស្រុក​ដងទង់​។ ដោយឡែក​ស្រុក​កំពង់ត្រាច​មាន​ផលប៉ះពាល់​រហូតដល់​១០​ឃុំ​ស្មើនឹង​៣៣​ភូមិ ដែលមាន​ជនរងគ្រោះ​ចំនួន​១.៤៧៣​គ្រួសារ លើ​ទំហំ​ផ្ទៃដី​១.០០៩,៣២​ហិកតា ។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ស្រូវពូជ​ចែក​ដល់​ជនរងគ្រោះ​នៅថ្ងៃនេះ​ជាការ​ផ្តល់ជូន​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មាន​ទម្ងន់​៥៦,៨០​តោន​សម្រាប់​សាបព្រោះ និង​ជួសជុល​ឡើងវិញ​នូវ​ស្រូវវស្សា​ដែល​បាន​ខូចខាត​លើ​ផ្ទៃដី​ទាំងនោះ​៕S/​