​អភិបាលស្រុក​មណ្ឌលសីមា ចុះ​ពិនិត្យ និង​ណែនាំ​អាជីវករ កុំឱ្យ​លក់ទំនិញ​ឡើងថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

1182
ចែករម្លែក

​ដោយ​៖ គឹម ចាន់​សាលី​
​កោះ​កុ​ងះ លោក ហាក់ ឡេង អភិបាល ស្រុក​មណ្ឌលសីមា ខេត្តកោះកុង កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កម្លាំង សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យមើល​តំបន់ឆ្នេរ ប៉ាក់​ខ្លង និង​ណែនាំ​ដល់ ​បងប្អូន​អាជីវករ កុំ​ឲ្យ​លក់​ម្ហូបអាហារ ឡើងថ្លៃ នៅ​ក្នុងឱកាស​បុណ្យ ចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ​។​

​លោក​អភិបាលស្រុក បាន​លើកឡើងថា ដោយនៅ​ឆ្នាំនេះ រដ្ឋបាល​ស្រុក បានជ្រើសរើស​តំបន់ឆ្នេរ ប៉ាក់​ខ្លង ស្ថិតក្នុង​ឃុំ​ប៉ាក់​ខ្លង ធ្វើជា​ទីកន្លែង​ប្រារព្វ ពិធី​កំសាន្ត​សប្បាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មានដូចជា ការប្រគំ​តន្ត្រី និង​ការលេង​ល្បែង​ ប្រជាប្រិយ៍​ផ្សេងៗ ផង​នោះ ដូចនេះ អាជ្ញាធរ​ស្រុក សូម​អំពាវនាវ ដល់​បងប្អូន​អាជីវករ ចូលរួម ដូចជា ការសម្អាត​អនាម័យ​បរិស្ថាន ការបម្រើ​សេវា ឲ្យ​បានល្អ និង​ការលក់ដូរ ចំណីអាហារ ក្នុងតម្លៃ​សមរម្យ ជាដើម​។​

​ទន្ទឹមនឹងនេះ លោក ហាក់ ឡេង អភិបាលស្រុក ក៏បាន​ជំរុញ​ដល់​បងប្អូន អាជីវករ​ទាំងអស់ ឲ្យ​ទៅ​ចុះបញ្ជី ជួល​ទីតាំង​សង់​តូប លក់ដូរ ពី​អាជ្ញាធរ​ឃុំ ជៀសវាង​ជឿ​ការ​ញុះញង់ មិន​ទៅ​ចុះបញ្ជី ព្រោះ​ខ្លាច​អាជ្ញាធរ ដកហូតយក​ដី​មកវិញ ទៅ​ជួល​ឱ្យ​ជនបរទេស​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​ស្រុក គ្មាន​គោលការណ៍ ដកហូត​ដី​តំបន់ឆ្នេរ ពី​បងប្អូន​នោះទេ ការជំរុញឱ្យ​បងប្អូន ទៅ​ចុះបញ្ជី​សុំ​ការអនុញ្ញាត ពី​អាជ្ញាធរ​ឃុំ គឺ​ដើម្បី​ងាយស្រួល ដល់​ការគ្រប់គ្រង រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​លុបបំបាត់ នូវ​ភាពអនាធិបតេយ្យ ដែល​ធ្លាប់​កើតមាន ក្នុង​រយៈពេល​កន្លងមក​។

​លោក​បាន​បន្តថា អាជ្ញាធរ ពុំ​ចង់បាន​អ្វី​ពី​បងប្អូន​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​បងប្អូន គោរព​ច្បាប់ និង​អនុវត្ត តាម​ការណែនាំ​ប៉ុណ្ណោះ វា​គ្រប់គ្រាន់​ទៅហើយ​៕V

​អភិបាលស្រុក​មណ្ឌលសីមា ចុះ​ពិនិត្យ និង​ណែនាំ​អាជីវករ កុំឱ្យ​លក់ទំនិញ​ឡើងថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​