​អភិបាល​ខេត្តតាកែវ ស្នើ​ភាគី​ខេត្ត​អាន​យ៉ាង បើក​ច្រកទ្វារ​ទ្វេភាគី​ចំនួន ២​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម រវាង​ខេត្ត​ទាំងពីរ

717

តាកែវ ៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ សហប្រតិបត្តិការ ឆមាស​ទី​២ ឆ្នាំ​២០១៧ រវាង​អាជ្ញាធរ ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង របស់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​ខេត្តតាកែវ បានស្នើ​ឲ្យ​ភាគី​វៀតណាម ធ្វើយ៉ាងណា ជួយ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​របស់ខ្លួន ដើម្បី​បើក ច្រកទ្វារ​តំបន់ និង​ពង្រីក​ពី​ច្រកទ្វារ​តំបន់ ទៅជា​ច្រកទ្វារ​ទ្វេភាគី នៅតាម​បណ្ដោយ​ព្រំដែន រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង​។​

​ថ្លែង​នៅ​ចំពោះមុខ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង និង​គណប្រតិភូ​ខេត្ត​អាន​យ៉ាង ជាច្រើន​នាក់​ទៀត លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ថ្លែងថា ក្នុង​រយៈពេល ១ ឆ្នាំ​កន្លងមកនេះ ស្ថានភាព​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង លើ​បញ្ហា​បទល្មើស​ឆ្លង ដែន​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​ស្ត្រី និង​កុមារ ការការពារ​តម្រុយ​បង្គោល​ព្រំដែន ការ​រួមគ្នា​អភិវឌ្ឍន៍ តាម​ព្រំដែន មាន​ភាពល្អប្រសើរ ជាពិសេស​ការទប់ស្កាត់​បទល្មើស នេសាទ​ឆ្លងដែន​ខុសច្បាប់​។ ពោល​ក្នុង​ឆ្នាំ​២០១៧ កន្លងមកនេះ មិនមាន​បទល្មើស​ឆ្លងដែន របស់​ជនជាតិ​វៀតណាម ចូលមក​នេសាទ នៅក្នុង​ដែនទឹក​ខេត្តតាកែវ​នោះទេ​។​

​លោក​អភិបាល ខេត្តតាកែវ បាន​បន្តថា បើទោះបីជា​ស្ថានភាព សហប្រតិបត្តិការ មាន​ភាពល្អ ប្រសើរ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម តាមរយៈ​ការតាំងពិព័រណ៍ និង​ការឆ្លងកាត់​ទំនិញ​ទៅមក រវាង​ប្រទេស​ទាំងពីរ នៅ​ជួប​បញ្ហា​មួយចំនួន ដូច្នោះ​អាជ្ញាធ​ខេត្តតាកែវ សូម​ស្នើឱ្យ​អាជ្ញាធរ​អាន​យ៉ាង ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​របស់ខ្លួន ដើម្បី​បង្កើត​ច្រកទ្វារ​តំបន់ ២ ថែមទៀត គឺ​ច្រកទ្វារ​តំបន់ នៅ​ស្រុក​គីរីវង់ និង​ច្រកទ្វារ​តំបន់ នៅ​ស្រុក​បូរី​ជលសា ព្រមទាំង​សុំ​តម្លើង​ច្រក​តំបន់​បាក់ដៃ ទៅជា​ច្រកទ្វារ​ទ្វេភាគី​។ ការសុំ​តម្លើង​ច្រកទ្វារ បើក​ច្រកទ្វា​បន្ថែម នៅតាម​បណ្ដោយ​ព្រំដែន ខេត្តតាកែវ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​យល់ព្រម រួចរាល់​ហើយ គឺ​នៅតែ​ភាគី​វៀតណាម តែប៉ុណ្ណោះ​។​

​លោក ឡាយ វណ្ណៈ មាន​ក្ដី​រំពឹងថា នៅពេលដែល​ច្រកទ្វារ​ទាំងនោះ ត្រូវបាន​សម្រេច​បើក និង​ការ​តម្លើង​ច្រកទ្វារ​តំបន់ ទៅជា​ច្រកទ្វារ​ទ្វេភាគី លំហូ​ពាណិជ្ជកម្ម រវាង​ខេត្ត​ទាំងពីរ និង​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត ជាក់​ជាពុំខាន​។

​ជា​កិច្ច​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​បើក​ច្រកទ្វារ​តំបន់ នៅតាម​បណ្ដោយ​ព្រំដែន របស់​អភិបាល​ខេត្តតាកែវ លោក វៀង ប៊ិ​ញ​ថា​ញ់ ប្រធាន​គណៈកម្មាធិការ​ប្រជាជន ខេត្ត​អាន​យ៉ាង បាន​សន្យាថា នឹង​ជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាម របស់ខ្លួន ឱ្យ​បើក​ច្រកទ្វា​នេះ ឱ្យបាន​ឆាប់ ហើយ​នៅពេលដែល លោក​ជួប​ជាមួយ នាយករដ្ឋមន្ត្រី ខាងមុខ លោក​ក៏​នឹង​លើកឡើង ពី​ការស្នើសុំ​របស់​ភាគី​កម្ពុជា ក្នុង​ការសុំ​តម្លើង ច្រក​តំបន់​បាក់ដៃ ទៅជា​ច្រកទ្វារ​ទ្វេភាគី និង​ការស្នើសុំ​បើក​ច្រកទ្វារ​តំបន់ ពីរ​ថែមទៀត​ផងដែរ​៕​​ដោយ​៖ តាកែវ​/ V