​អាកាសធាតុ​ក្តៅ​ហប់​ឡើងដល់​៤២​អង្សា​សេ​ក្នុង​សប្តាហ៍​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​

707
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​អតិបរមា​ក្នុង​សប្តាហ៍​នេះ​អាច​ឡើងដល់​៤២​អង្សា​សេ​នៅពេល​ខ្លះ អាកាសធាតុ​ក្តៅ​ហប់​បែបនេះ​អាច​កើតមាន​រហូតដល់​សប្តាហ៍​ទី​បី​នៃ​ខែ​ឱ​សភា​បន្ទាប់ពី​រដូវវស្សា​យឺត​ពេលមកដល់​ដោយសារ​បាតុភូត​អែល​នី​ណូ​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅលើ​ផែនដី​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឱ​តុ​និយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​ថា​ពេលខ្លះ​នៅក្នុង​សប្តាហ៍​នេះ​សីតុណ្ហភាព​អតិបរមា​អាច​ឡើងដល់​៤២​អង្សា​សេ ដែល​ធម្មតា​សីតុណ្ហភាព​អតិបរមា​ស្ថិតក្នុង​រង្វង់​៤០​ទៅ​៤១​អង្សា​សេ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​សីតុណ្ហភាព​អតិបរមា​បែបនេះ​កើតមាន​រហូតដល់​សប្តាហ៍​ទី​៣​នៃ​ខែ​ឱ​សភា​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើនេះ​ធ្វើឱ្យ​បរិយាកាស​ហប់​ខ្លាំង​ត្រូវ​ពិសារ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ទប់ទល់​ជាមួយនឹង​ការបាត់បង់​ជាតិ​ទឹក​ដោយសារ​កម្តៅ​ខ្លាំង​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​អំឡុងពេល​សីតុណ្ហភាព​ឡើង​ខ្ពស់​នេះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក៏​កើតមាន​ច្រើន​និង​ខ្លាំង​នៅពេល​មេឃរ​កល​ធ្លាក់ភ្លៀង​។​នៅ​ឆ្នាំនេះ​រដូវវស្សា​ចូលដល់​យឺត​ពេល ដូច្នេះ​សូម​បងប្អូន​ប្រជាកសិករ​ពន្យា​ពេល​ដាំ​ដុះ​ស្រូវវស្សា​ដើមរដូវ​ត្រូវ​រង់ចាំ​រហូតដល់​សប្តាហ៍​ទី​បី​នៃ​ខែ​ឱ​សភា​។​

ក្រសួង​ធនធានទឹក​និង​ឱ​តុ​និយម​នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​បាន​ផ្សាយ​ការ​ព្យាករ​របស់ខ្លួន​ថា​ពេលនេះ​បាតុភូត​អ៊ែ​ល​នី​ណូ​ElNIno​នៅតែមាន​ឥទ្ធិពល​និង​បន្ត​គ្របដណ្តប់​លើ​ប្រមាណ​ជា​ពាក់កណ្តាល​នៃ​ផែនដី​។ សម្រាប់​តំបន់​និង​ប្រទេស​កម្ពុជា​ក៏​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​នៃ​បាតុភូត​នេះ​។​

​នៅក្នុង​ការជូនដំណឹង​ដែល​សរសេរ​ដោយ​ប្រុង​ប្រ​យ​ត្ន័​បានបង្ហាញ​ឱ្យឃើញ​ទៀតថា​បាតុភូត​នេះ​ធ្វើឱ្យ​សីតុណ្ហភាព​អតិបរិមា​នៅ​កម្ពុជា​បន្ត​កើនឡើង​អាច​ឈានដល់​ក្នុង​រង្វង់​៤០​ទៅ​៤១​អង្សា​សេ​នៅក្នុង​សប្តាហ៍​នេះ​។​
​ស្ថានភាព​អាកាសធាតុ​បែបនេះ​ធ្វើឱ្យ​ភ្លៀង​កក់ខែ​កាន់តែ​ខ្សោយ​តែ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតឡើង​ញឹកញាប់​និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ដូចនេះ​សូម​មានការ​ប្រុង​ប្រ​យ​ត្ន័​។​ទន្ទឹមនេះ​សូម​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ដែល​អាចមាន​ការប៉ះពាល់​ដោយសារ​ការកើនឡើង​នៃ​កម្តៅ​។​

​ជា​ទម្លាប់​ក្រោយ​រដូវចូលឆ្នាំ​រួច​បងប្អូន​ប្រជាកសិករ​តែងតែ​ចាប់ផ្តើម​សាបព្រោះ​ស្រូវវស្សា​ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​ប្រទេស​ក​ម្ពូ​ជា​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​អ៊ែ​ល​នី​ណូ​ធ្វើឱ្យ​ការមកដល់​នៃ​រដូវវស្សា​យឺត​ជាង​ធម្មតា ដូចនេះ​ការដាំដុះ​ស្រូវវស្សា​ដើមរដូវ​គួរ​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​បី​នៃ​ខែ​ឱ​សភា​។​ផែនទី​ពណ៍​ក្រហម​បង្ហាញ​ពីស​ភាព​ក្តៅ​ខ្លាំង​នៅ​តំបន់​អាស៊ី​រួមទាំង​កម្ពុជា​យើង​ផង​៕S/​