​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​នៃ​កម្ពុជា​ទទួលភ្ញៀវ​ទី​១០​លាន​នៅ​ឆ្នាំ​២០១៨

806
ចែករម្លែក
  • 334
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​,​ខេត្តសៀមរាប​និង​ក្រុងព្រះសីហនុ​បានទទួល​អ្នកដំណើរ​គ​ម្រ​ប់​ទី​១០​លាន​នាក់​ត្រឹម​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨​។​

តួលេខ​នេះ​បាន​បំបែក​កំណត់ត្រា​កាលពី​ឆ្នាំមុន​ដែលមាន​អ្នកដំណើរ​៨​លាន​នាក់​និង​ឆ្នាំ​២០១៦​ចំនួន​៧​លាន​នាក់​។​ពិធី​អបអរសាទរ​និង​ស្វាគមន៍​អ្នកដំណើរ​គម្រប់​ទី​១០​លាន​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​EricDelobel​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ថ្លែងថា​«​នេះ​ជា​មោទនភាព​របស់​ប្រទេស​កម្ពុជា​បាន​បម្រើ​សេវាកម្ម​ជូន​អ្នកដំណើរ​ចំនួន​១០​លាន​នាក់​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ដែល​នេះ​ជា​កំណត់ត្រា​ដំបូង​បំផុត គឺមាន​ការកើនឡើង​ចំនួន​២​លាន​ធៀប​នឹង​ឆ្នាំ​២០១៧ មានតែ​៨​លាន​នាក់​»​។​

លោក​បាន​បន្តថា​នៅ​ឆ្នាំ​១៩៩៥​ពេល​ក្រុមហ៊ុន​CambodiaAirport​ត្រូវ​បានផ្តល់​ការទុកចិត្ត​ឱ្យ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺមាន​អ្នកដំណើរ​ប្រមាណ​តែ​៥​ម៉ឺន​នាក់ ដែល​តិចជាង​២០​ដង បើ​ធៀប​នឹង​បច្ចុប្បន្ន​។​

លោក Eric Delobel បាន​បន្តថាៈ​ចំនួន​អ្នកដំណើរ​មានការ​កើនឡើង​នេះ ដោយមាន​ការចូលរួម​ចំណែក​ពី​រដ្ឋាភិបាល​, ក្រសួងទេសចរណ៍​, រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល​, គយ និង​រដ្ឋាករ​,​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​ភ្នាក់ងារ​ឯកជន​តែងតែ​គាំទ្រ​ជាប្រចាំ​បាន​សហការគ្នា​ក្នុងការ​បង្កើត​បទដ្ឋាន​ស្តង់ដារ​ជាពិសេស​ទាក់ទង​នឹង​សន្តិសុខ​សុវត្ថិភាព​និង​ការ​គាំពារ​បរិស្ថាន​ផងដែរ​។​

​លោក​EricDelobel​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​កំពុង​បម្រើ​សេវាកម្ម​ជាង​៦០​គោលដៅ​នៅ​ទូទាំង​ពិភពលោក​ធ្វើយ៉ាងណា​ឱ្យមាន​អ្នកដំណើរ​ឆ្លងកាត់​បាន​ច្រើន​ដោយ​កិច្ចពិភាក្សា​ជាប្រចាំ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ធ្វើឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នេះ​ក្លាយជា​ប្រតិបត្តិ​ករ ដែល​ទុកចិត្តបាន​សម្រាប់​បម្រើសេវា​កម្ម​ជូន​ដល់​អ្នកដំណើរ​៕S/

ចំណងជើង​រូបថត​៖​អាកាសយានដ្ឋាន​ទាំងបី​របស់​កម្ពុជា ទទួលភ្ញៀវ​ទី​១០​លាន​នៅ​ខែធ្នូ ឆ្នាំ​២០១៨(​រូបៈ​សុផល​)